ភ្នំពេញៈ រដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) នៅថ្ងៃពុធបានពិនិត្យ និងវាយតម្លៃលើកសិដ្ឋានចម្ការស្វាយកម្ពុជាចំនួន ៣ ក្នុងចំណោម ៣០ និងរោងចក្រប្រព្រឹត្តិកម្មសម្លាប់សមាសភាពចង្រៃចំនួន ៤ ដើម្បីឈានទៅដល់ការនាំចេញផ្លែស្វាយស្រស់ទៅកាន់ទីផ្សារចិនជាផ្លូវការ។ នេះបើតាមការអះអាងរបស់ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដោយលោកបង្ហាញក្តីសង្ឃឹមថានឹងទទួលបានលទ្ធផលវិជ្ជមាន។
ការវាយតម្លៃនេះត្រូវបានធ្វើឡើងបន្ទាប់ពីក្រសួងកសិកម្មបានផ្ញើបញ្ជីឈ្មោះកសិដ្ឋានចម្ការស្វាយចំនួន ៣០ និងរោងចក្រប្រព្រឹត្តិកម្មសម្លាប់ពងរុយចោះផ្លែស្វាយចំនួន ៤ ទៅភាគីចិនកាលពីខែមុន។
លោក រដ្ឋមន្ត្រី បានបន្ថែមថា រដ្ឋបាលគយចិនក្រុងណាននីង ខេត្តក្វាងស៊ី បានធ្វើការវាយតម្លៃ ជាក់ស្តែងនៅទីតាំងកសិដ្ឋានស្វាយ និងរោងចក្រនីមួយៗ តាមប្រព័ន្ធបច្ចេកវិទ្យាពីចម្ងាយ (ZOOM)។
លោកថ្លែងថា៖ «ខ្ញុំសង្ឃឹមថាការត្រួតពិនិត្យវាយតម្លៃរបស់រដ្ឋបាលគយចិននឹងបញ្ចប់នៅថ្ងៃទី ១០ នេះ ហើយខ្ញុំសង្ឃឹមថាយើងអាចទទួលបានលទ្ធផលល្អជាទីគាប់ចិត្ត»។
លោកបន្ត៖ «ក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម ខ្ញុំសូមចូលរួមអបអរសាទរ និងសូមជូនពរឱ្យទទួលបានជោគជ័យជាស្ថាពរដើម្បីឈានទៅដល់ការនាំចេញផ្លែស្វាយស្រស់ជាផ្លូវការចេញពីកម្ពុជាទៅកាន់ប្រទេសចិន»។
បើតាមលោករដ្ឋមន្ត្រី កសិដ្ឋានស្វាយទាំង ៣ នេះរួមមាន កសិដ្ឋានរបស់ក្រុមហ៊ុន Angkor Harvest Co., Ltd ក្រុមហ៊ុន UCDL Development Co., Ltd និងក្រុមហ៊ុន Bamin Agriculture Hi-Tech Development Co., Ltd។
ចំណែករោងចក្រប្រព្រឹត្តិកម្មសម្លាប់ពងរុយលើផ្លៃស្វាយ ដោយប្រើទឹកក្តៅ (HWT) របស់ក្រុមហ៊ុន Long Wo Agriculture (Cambodia) Co., Ltd ក្រុមហ៊ុន Boeung Ket Fresh Fruits Co., Ltd ក្រុមហ៊ុន AL Jazeelan Food Pte Ltd និងរោងចក្រប្រព្រឹត្តិកម្មប្រើចំហាយទឹកក្តៅ (VHT) របស់ក្រុមហ៊ុន Hyundai Agro (Cambodia) Co., Ltd។
កាលពីខែមករា ឆ្នាំ ២០២០ កម្ពុជាសម្រេចបានកិច្ចព្រមព្រៀងជាមួយប្រទេសចិនសម្រាប់កូតានាំចេញផ្លែស្វាយស្រស់ ៥០ ម៉ឺនតោន ក្នុង ១ ឆ្នាំ។
បុគ្គលិកក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនខាងលើសុំមិនបញ្ចេញឈ្មោះ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កាលពីថ្ងៃពុធ រដ្ឋបាលគយចិនបានវាយតម្លៃចម្ការស្វាយរបស់ក្រុមហ៊ុនលោកដោយផ្ទាល់តាមប្រព័ន្ធ ZOOM ហើយសង្ឃឹមថាក្រុមហ៊ុនលោកនឹងជាប់ពីការវាយតម្លៃនេះ។
លោកថ្លែងថា៖ «អ្វីៗដែលយើងបានរៀបចំគឺយើងបានគោរពទៅតាមការណែនាំរបស់ក្រសួងកសិកម្ម យើងសង្ឃឹមថានឹងទទួលបានជោគជ័យក្នុងកិច្ចការនេះ»។
លោក ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន រីចហ្វាម អេស៊ា ឯ.ក ធ្លាប់ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា លោកកំពុងទន្ទឹងរង់ចាំការសម្រេចចុងក្រោយដើម្បីនាំចេញផ្លែស្វាយស្រស់ដោយផ្ទាល់ទៅទីផ្សារចិន។
លោកថា៖ «ការនាំចេញស្វាយស្រស់ទៅប្រទេសចិន របស់ខ្ញុំមិនទាន់ចាប់ផ្តើមទេដោយរង់ចាំការសម្រេចជាចុងក្រោយពីភាគីចិន។ បច្ចុប្បន្នយើងនាំចេញផ្លែស្វាយស្រស់តិចតួចទៅទីផ្សារចិនតាមប្រទេសវៀតណាម»។
កម្ពុជាបាននាំចេញផលិតផលកសិកម្មក្រៅពីអង្ករទៅកាន់ទីផ្សារអន្តរជាតិសម្រេចបាន ១ ៥៩៩ ៩២២ តោន ក្នុងរយៈពេល ២ ខែដើមឆ្នាំនេះ កើនឡើង ៥៥,២៧ ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះផ្លែស្វាយមាន ៤៣ ៦៨០ តោន៕ LA