ភ្នំពេញៈ ខណៈផ្សារកុងតឺន័រជាគំនិតថ្មីមួយនៅកម្ពុជា ដែលចូលមកកាលពី ៣ ឆ្នាំមុន និងទទួលបានភាពពេញនិយមបំផុត សម្រាប់ទាំងកន្លែងកម្សាន្ត និងហាងលក់ទំនិញ នៅពេលនេះសកម្មភាពអាជីវកម្មនេះត្រូវបានមើលឃើញថា កំពុងធ្លាក់ចុះជាបន្តបន្ទាប់ ដែលវាអាចនឹងបាត់ទាំងស្រុងនៅថ្ងៃណាមួយក្នុងពេលឆាប់ៗ។
ផ្សារកុងតឺន័រមួយចំនួននៅទីក្រុងភ្នំពេញ បានបិទទ្វារបន្ទាប់ពីការដំណើរការទើបតែ ១ ឆ្នាំ ខណៈគម្រោងផ្សេងទៀតបានផ្អាក។
ផ្សារកុងតឺន័រ ដែលមានទីតាំងនៅបឹងកក់ ត្រូវបានបិទទ្វារ បន្ទាប់ពីប្រតិបត្តិការរយៈពេលមួយឆ្នាំ ហើយទីតាំងនេះនៅពេលនេះបានប្រែក្លាយទៅជាមជ្ឈមណ្ឌលកម្សាន្តមានមូលដ្ឋានអាជីវកម្មផ្សេងទៀត។
ផ្សារកុងតឺន័រ ២០៤០ គឺជាគម្រោងទីផ្សារកុងតឺន័រឈានមុខគេទី ២ នៅទីក្រុងភ្នំពេញ ត្រូវបានទុកចោលមិនអភិវឌ្ឍ។
មានទីតាំងនៅតាមបណ្ដោយមហាវិថី សុធារស នៅជិតសណ្ឋាគារសូហ្វីតែល ផ្សារនេះពីមុនត្រូវបានគ្រោងនឹងបើកដំណើរការនៅចុងឆ្នាំ ២០១៧។
ស្ថិតនៅជិតស្ថានទូតរុស្ស៊ី ផ្សារកុងតឺន័រ Jet គឺជាគំរូដំបូងនៃផ្សារកុងតឺន័រនៅកម្ពុជា និងជាផ្សារកុងតឺន័រតែមួយគត់នៅទីក្រុងភ្នំពេញ ដែលនៅតែកំពុងដំណើរការនៅឡើយ ប៉ុន្តែនិន្នាការកំពុងបង្ហាញពីការធ្លាក់ចុះ ខណៈតូបជាច្រើនត្រូវបានបិទទ្វារ ហើយមិនសូវមានមនុស្សចូលដូចមុនទៀតទេ។
លោក ឆាយ សុភ័ណ្ឌ ប្រធានគម្រោងផ្សារកុងតឺន័រ Jet បានឲ្យដឹងថា អាជីវកម្មបានធ្លាក់ចុះជិត ៥០ ភាគរយ ខណៈអាជីវករមួយចំនួន បានសម្រេចចិត្តបិទទ្វារហាងរបស់ពួកគេ។
លោកថ្លែងថា៖ «ផ្សារកុងតឺន័រ មានដំណើរការយឺត ប្រតិបត្តិការអាជីវកម្មធ្លាក់ចុះ ៥០ ភាគរយ ខណៈអាជីវករខ្លះបោះបង់ចោលអាជីវកម្មរបស់ពួកគេ»។
ប៉ុន្តែលោកឲ្យដឹងថា នៅពេលនេះក្រុមហ៊ុនកំពុងព្យាយាមក្នុងការធ្វើអ្វីមួយថ្មី ដើម្បីទាក់ទាញភ្ញៀវ និងអតិថិជនឲ្យចូលមកលេង និងកម្សាន្ត។
លោកថ្លែងថា៖ «ការបិទទ្វារនៅផ្សារនេះ វាប៉ះពាល់ដល់មុខមាត់ទីផ្សារនេះផងដែរ ដូច្នេះក៏ភ្ញៀវធ្លាក់ចុះផងដែរ ពេលនេះយើងកំពុងរៀបចំគំនិតថ្មី ដើម្បីរក្សាគុណភាព និងទាក់ទាញអតិថិជនកាន់តែច្រើន»។
អ្នកស្រី ជា សុខាណារិន ម្ចាស់ហាងលក់សម្លៀកបំពាក់ នៅផ្សារកុងតឺន័រ Jet បានឲ្យដឹងថា បើធៀបនឹងឆ្នាំដំបូងនៅទីនេះ អាជីវកម្មអ្នកស្រីពិតជាល្អខ្លាំងណាស់។
អ្នកស្រីថ្លែងថា៖ «ប្រតិបត្តិការអាជីវកម្មឆ្នាំដំបូងនៅទីនេះគឺល្អណាស់ តែចាប់តាំងពីមានផ្សារកុងតឺន័រជាច្រើនត្រូវបានបង្កើត ទីផ្សារនេះត្រូវបានចែករំលែក ហើយប្រាក់ចំណេញក៏ធ្លាក់ចុះ អាជីវករជាច្រើនបានបោះបង់ចោល ដោយសារពួកគេមិនអាចមានលទ្ធភាពបង់ថ្លៃឈ្នួល»។
អ្នកស្រីឲ្យដឹងថា ពេលនេះអ្នកស្រីកំពុងបង្កើនការលក់ជាចម្បងផ្អែកលើអនឡាញ ដើម្បីសង្គ្រោះអាជីវកម្មរបស់អ្នកស្រី។
ទោះបីយ៉ាងនេះក្តី អ្នកស្រីមានទំនុកចិត្តថា កន្លែងនេះនឹងនៅតែរក្សាប្រតិបត្តិការរយៈពេលយូរទៀត។
អ្នកស្រីបញ្ជាក់ថា៖ «ខ្ញុំជឿជាក់លើម្ចាស់ផ្សារកុងតឺន័រ ដោយសារតែលោកតែងតែធ្វើការផ្លាស់ប្តូរ និងធ្វើឲ្យប្រសើរនូវគំនិតអាជីវកម្ម ដើម្បីទាក់ទាញអតិថិជនកាន់តែច្រើន»។
លោក តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានឲ្យដឹងថា ការកម្រិតជំនាញ និងការគ្រប់គ្រងនៅក្នុងសហគ្រាសធុនតូច និងមធ្យម SME ភាគច្រើនចម្លងគំរូអាជីវកម្មតាមគ្នា ជាជាងការបង្កើតខ្លួនឯង ដូច្នេះការបរាជ័យរបស់ផ្សារកុងតឺន័រ គឺជាមូលហេតុនៃការចម្លងគំរូនោះ។
លោកថ្លែងថា៖ «ដោយសារតែការចម្លងគំរូអាជីវកម្ម យើងបានមើលឃើញភាពជោគជ័យរបស់ពួកគេ វាមិនមានន័យថា អ្នកធ្វើតាមគេនឹងទទួលបានជោគជ័យនោះទេ យើងត្រូវការគិតអំពីការប្រកួតប្រជែង តម្លៃ និងចំណែកទីផ្សារ»។
លោកបានបន្តថា៖ «អាជីវករវ័យក្មេងភាគច្រើន គ្រាន់តែធ្វើតាមគេប៉ុណ្ណោះ និងធ្វើអាជីវកម្មដូចគ្នា នៅក្នុងទីតាំងដូចគ្នា តើអាជីវកម្មនោះទទួលបានជោគជ័យដូចម្ដេច ខណៈដែលពួកគេមិនមានជំនាញគ្រប់គ្រាន់ និងការគ្រប់គ្រងត្រឹមត្រូវនោះ»៕LA