ភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញប្រាសាក់ និងអិលអូអិលស៊ី ដែលបានបោះផ្សាយសញ្ញាបណ្ណសាជីវកម្មនៅលើផ្សារមូលបត្រកម្ពុជា (CSX) បានប្រកាសពីការបង់ការប្រាក់ដល់ភាគហ៊ុនិករបស់ខ្លួន ក្រោយពីបិទបញ្ចប់ឆ្នាំសារពើពន្ធនៃប្រតិបត្តិការឆ្នាំ ២០២០។
យោងតាមសេចក្តីជូនព័ត៌មានទៅកាន់ CSX កាលពីថ្ងៃទី ២៣ ខែមេសាប្រាសាក់នឹងផ្តល់ដល់ភាគហ៊ុនិករបស់ខ្លួនចាប់ពីថ្ងៃទៅ ២៣ ខែមេសានេះតទៅនូវការប្រាក់សរុបដែលត្រូវបង់ចំនួន ៣.៣៤៣.៣២៨.៣៤១ រៀល។
«ការប្រាក់ដែលបានបង់ទៅឲ្យកម្មសិទ្ធិករ FX-Indexed Bond មានចំនួនសរុប ២.១៥៨.៥៨៣.១៣៥ រៀល និងការប្រាក់ដែលបានបង់ទៅឲ្យកម្មសិទ្ធិករ Plain Bond មានចំនួនសរុប ១.១៨៤.៧៤៥.២០៦ រៀល» នេះបើយោងតាមសេចក្តីជូនព័ត៌មាននេះ។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់បានបោះផ្សាយសញ្ញាបណ្ណសាជីវកម្មទទួលបានជោគជ័យកាលពីខែមេសា និង ត្រូវបានចុះបញ្ជីនៅ CSX នៅថ្ងៃទី ៥ ខែឧសភាឆ្នាំ ២០២០។ ចំពោះអត្រាគូប៉ុងគឺ ៨% សម្រាប់ FX-Indexed Bond និង ៩% សម្រាប់ Plain Bond និងចំនួនការទូទាត់គូប៉ុងក្នុង ១ ឆ្នាំ ២ ដងក្នុង ១ ឆ្នាំ។
ចំណែកគ្រឹះស្ថានមីក្រូហិរញវត្ថុអិលអូអិលស៊ី (LOLC) ដែលបានបោះផ្សាយនូវសញ្ញាបណ្ណសាជីវកម្មតាំងពីខែឧសភាឆ្នាំ ២០១៩ ក៏បានធ្វើការប្រកាសកាលពីថ្ងៃ ២៣ ខែមេសាផងដែរ ថាចាប់ផ្តើមការប្រាក់សរុបដែលត្រូវបង់ចំនួន ៣.៣៤៣.៣២៨.៣៤១ រៀលចាប់ពីថ្ងៃជូនដំណឹងជាមួយអត្រាគូប៉ុង ៨% សម្រាប់ FX-Indexed Bond និង ៩% សម្រាប់ Plain Bond ហើយចំនួនការទូទាត់គូប៉ុងគឺ ២ ដងក្នុង ១ ឆ្នាំ។
គ្រឹះស្ថាននេះបានបញ្ជាក់ថា៖ «ការប្រាក់ដែលបានបង់ទៅឲ្យកម្មសិទ្ធិករ FX-Indexed Bond មានចំនួនសរុប ២.១៥៨.៥៨៣.១៣៥ រៀល និងការប្រាក់ដែលបានបង់ទៅឲ្យកម្មសិទ្ធិករ Plain Bond មានចំនួនសរុប ១.១៨៤.៧៤៥.២០៦ រៀល»៕