ភ្នំពេញៈ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ២ ​ទៀត​គឺ​ធនាគារ PPCBank គ្រប់គ្រង​ដោយ​វិនិយោគិន​កូរ៉េខាងត្បូង និង​ប្រាសាក់​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឈានមុខ​គេ​នៅ​កម្ពុជា​ទទួល​បាន​ការយល់ព្រម​ជាគោលការណ៍​ពី​គណៈកម្មការ​មូលបត្រ​កម្ពុជា សម្រាប់​ការចេញ​បណ្ណ​បំណុល​សាជីវកម្ម​នៅក្នុង​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា​។

ស្ថាប័ន​ទាំង​ ២ ​ទទួល​បាន​ការយល់ព្រម​កាលពី​ថ្ងៃទី​ ២៤ ​ខែ​កុម្ភៈ​ក្នុង​អំឡុង​កិច្ចប្រជុំ​របស់ SECC ដឹកនាំ​ដោយ​លោក​ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។

លោក សាយ សូនី នាយកប្រតិបត្តិប្រាសាក់​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍​ថា គ្រឹះស្ថាន​របស់លោក​បាន​និង​កំពុងធ្វើការ​ងារ​សម្រាប់​បោះផ្សាយ​បណ្ណ​បំណុល​សាជីវកម្ម​តាំងពី​ឆ្នាំ​ ២០១៩ ប៉ុន្តែ​ដោយសារ​បញ្ហា​ពេលវេលា​បាន​បង្ក​ឲ្យ​មានការ​ពន្យារ​ពេលមកដល់​ពេលនេះ​។

លោក​បន្តថា​៖ «​យើង​គ្រោង​នឹង​ប្រមូល​ទុន​ជា​រូបិយប័ណ្ណ​ប្រាក់រៀល​ជាមួយ​នឹង​ចំនួន​រំពឹងទុក ២៨០ ពាន់​លាន​រៀល​ស្មើនឹង​ ៧០ ​លាន​ដុល្លារ​អាមេរិក ដើម្បី​គាំទ្រ​ដល់​ការផ្ដល់​កម្ចី​ជា​រូបិយប័ណ្ណ​ប្រាក់រៀល​ក្នុងស្រុក និង​ការគាំទ្រ​ដល់​អាជីវកម្ម​របស់​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​ស្រុក​ជា​ប្រាក់រៀល​ខ្មែរ​»​។

លោក​បញ្ជាក់ថា​៖ «​យើង​រំពឹងថា CSX នឹង​យល់ព្រម​លើ​សំណើ​របស់​យើង​ត្រឹម​ខែមីនា ឆ្នាំ​ ២០២០​។ យើង​ទទួលបាន​ការប្ដេជ្ញាចិត្ត​ពី​ក្រុម​វិនិយោគិន​របស់​យើង ហើយ​វិនិយោគិន​មួយ​ចំនួន​ផ្សេងទៀត​កំពុង​ស្ថិត​ក្នុង​ដំណើរការ​ក្នុង​ការសម្រេចបាន​កិច្ចព្រមព្រៀង​នេះ​។ យើង​ចាប់​ផ្ដើម​ធ្វើ​ដូច្នេះ ដើម្បី​បង្កើន​ប្រភព​មូលនិធិ​របស់​យើង​ក្នុង​ការគាំទ្រ​អាជីវកម្ម​របស់​យើង​»​។

លោក Jong Weon HA អនុប្រធាន និង​ប្រធាន​ប្រតិបត្តិការ​របស់ CSX បាន​ឲ្យ​ដឹងថា វត្តមាន​របស់​ក្រុមហ៊ុន​ទាំង​ ២ ​នេះ​នឹង​បង្កើន​ការផ្សព្វផ្សាយ​ជា​សាធារណៈ​របស់​ទីផ្សារ​មូលធន​កម្ពុជា​។

លោក​ថ្លែងថា​៖ «​ធនាគារ PPCBank នឹង​ក្លាយ​ជា​ធនាគារពាណិជ្ជ​ទី​ ២ ក្នុង​ការចេញលក់​បណ្ណ​បំណុល​សាជីវកម្ម​លើ CSX ហើយនឹង​ផ្ដល់​ដល់​វិនិយោគិន​នូវ​ជម្រើស​វិនិយោគ​ផ្សេងទៀត និង​ធ្វើ​ឲ្យ​ទីផ្សារ​មូលធន​កម្ពុជា​កាន់តែ​ធំ​ឡើងៗ និង​ទទួល​ទំនុកចិត្ត​និង​ភាពជឿជាក់​កាន់តែ​ខ្លាំង​ឡើង​ពី​ក្រុម​វិនិយោគិន​ក្នុងស្រុក និង​បរទេស​ជាពិសេស​ក្រុម​វិនិយោគិន​កូរ៉េ​»​។

លោក​បាន​បន្តថា​៖ «​ប្រាសាក់ បាន​ដាក់​ពាក្យសុំ​រួចហើយ​សម្រាប់​ការពិនិត្យ​សិទ្ធិ​ទទួល​បាន​ការចុះបញ្ជី​ទៅ CSX ហើយ​យើង​នៅតែ​កំពុង​ធ្វើការងារ​ជាមួយ​ពួកគេ​»​។

លោក​បាន​បន្តទៀតថា​៖ «​ពិត​ហើយ CSX ចង់​ឲ្យ​មាន​ក្រុមហ៊ុន​ចុះបញ្ជី​មូលបត្រ​ច្រើន​ទាំង​ការបោះ​ផ្សាយ​លក់​ភាគហ៊ុន និង​បណ្ណ​បំណុល​»៕LA