ភ្នំពេញៈ គ្រឹះស្ថាន​អង្គរ​ដែល​គ្រប់គ្រង​ការលក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​ក្នុង​តំបន់​អង្គរ​ បានដាក់​ចេញ​នូវ​គោលនយោបាយ​លើកទឹកចិត្ត​ដល់​ភ្ញៀវទេសចរ​អាច​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​បាន​កាន់តែ​យូរ​ជាង​មុន​។

សេចក្តី​ជូនដំណឹង​របស់​គ្រឹះស្ថាន​អង្គរ​ចេញផ្សាយ​កាលពី​ថ្ងៃទី​ ១០ ខែមីនា ថា ការអនុវត្ត​គោលនយោបាយ​លើកទឹកចិត្ត​នៃ​ការលក់​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​មាន​ចំនួន ២ ​ប្រភេទ​គឺ​បណ្ណ​ធម្មតា និង​បណ្ណ​រយៈពេល​វែង​ (​ភ្ញៀវ​បរទេស​ដែលមាន​ទិដ្ឋាការ​រយៈពេល​ ៣ ​ខែ​ឡើងទៅ​)​។

សេចក្តី​ជូនដំណឹង​ឱ្យដឹងថា ចំពោះ​បណ្ណ​ធម្មតា អ្នកទិញ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ១ ​ថ្ងៃ​ អាច​ចូល​ទស្សនា​បាន​រយៈពេល ២ ​ថ្ងៃ​ សម្រាប់​ការទិញ​បណ្ណ​ចូល​ទស្សនា ៣ ​ថ្ងៃ​ អាច​ចូល​ទស្សនា​បាន ៥ ​ថ្ងៃ និង​ទិញ​បណ្ណ ៧ ​ថ្ងៃ​ អាច​ចូល​ទស្សនា​បាន ១០ ​ថ្ងៃ​។

ដោយឡែក​ប្រភេទ​បណ្ណ​រយៈពេល​វែង​សម្រាប់​អ្នកទិញ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​រយៈពេល ១ ​ខែ​អាច​ចូល​ទស្សនា​បាន ២​ ខែ ទិញ​បណ្ណ​រយៈពេល ៣ ​ខែ​អាច​ចូល​ទស្សនា​បាន​រយៈពេល ៦ ​ខែ និង​ទិញ​បណ្ណ​រយៈពេល ៦ ​ខែ​អាច​ចូល​បាន ១២ ​ខែ​។

សេចក្តី​ជូនដំណឹង​ថា​៖ «​ការអនុវត្ត​គោលនយោបាយ​នេះ គឺ​ដើម្បី​សម្រួល​ដល់​វិស័យ​ទេសចរណ៍ និង​ធានា​ភាពទាក់ទាញ​ភ្ញៀវទេសចរ​មក​ទស្សនា​រមណីយដ្ឋាន​អង្គរ​ក្នុង​អំឡុងពេល​មាន​វិបត្តិ​ជំងឺ​កូវីដ​១៩»​។

គោលនយោបាយ​លើកទឹកចិត្ត​នេះ​ចាប់​អនុវត្ត​ពី​ថ្ងៃ​ ១១ ខែមីនា ដល់​ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ​ ២០២១​។

សំបុត្រ​ចូល​ទស្សនា​ក្នុង​រមណីយដ្ឋាន​អង្គរ ១ ​ថ្ងៃ​មានតម្លៃ ៣៧ ដុល្លារ សំបុត្រ ៣ ​ថ្ងៃ​ មានតម្លៃ ៦២ ​ដុល្លារ និង​រយៈពេល ៧ ​ថ្ងៃ​ តម្លៃ ៧២ ​ដុល្លារ​។ នេះ​បើ​យោងតាម​តារាង​តម្លៃ​នៅ​គេហទំព័រ​របស់​គ្រឹះស្ថាន​អង្គរ​។

ទិន្នន័យ​ពី​គ្រឹះស្ថាន​អង្គរ​ឱ្យដឹងថា ភ្ញៀវទេសចរ​ទិញ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ក្នុង​រយៈពេល​ ២ ​ខែ​ដំបូង​ឆ្នាំនេះ​មាន​ចំនួន ៤ ១៩៤ ​នាក់​ធ្លាក់ចុះ ៩៨,៧៧ ​ភាគរយ ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។ ចំណែក​ប្រាក់​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​មាន​ចំនួន​សរុប ១៧២ ៨២៣ ​ដុល្លារ ធ្លាក់ ៩៨,៩៣ ​ភាគរយ​។

អ្នកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ (CATA) កត់សម្គាល់ថា ការអនុវត្ត​គោលនយោបាយ​នេះ​នឹង​អាច​ទាក់ទាញ​បានតែ​ភ្ញៀវទេសចរ​បរទេស​រស់នៅ​កម្ពុជា​ប៉ុណ្ណោះ​។

អ្នកស្រី​និយាយថា​៖ «​ក្នុងអំឡុង​ពេលនេះ យើង​អាច​ទាក់ទាញ​បាន​ភ្ញៀវទេសចរ​បរទេស​នៅក្នុង​ស្រុក ប៉ុន្តែ​ភ្ញៀវទេសចរ​ពី​ក្រៅប្រទេស​នឹងមិន​ទាន់​អាច​ទាក់ទាញ​បានទេ ព្រោះ​យើង​នៅតែ​បន្ត​បិទ​ទិដ្ឋាការ​សម្រាប់​ទេសចរណ៍​»​។

អ្នកស្រី ស៊ីវលីន បាន​សង្កេតឃើញ​ថា ជនបរទេស​ដែល​រស់នៅ​កម្ពុជា​ក៏មាន​ចំនួន​តិចតួច​ស្របពេល​ពួកគេ​មាន​និន្នាការ​រឹតត្បិត​ការចំណាយ និង​ការធ្វើដំណើរ​ក្នុង​អំឡុងពេល​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។

អ្នកស្រី ស៊ីវលីន បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​សង្ឃឹមថា គោលនយោបាយ​នេះ​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​បាន​ច្រើន​ បន្ទាប់ពី​ស្ថានភាព​ការឆ្លង​កូវីដ​១៩ មាន​ភាពល្អ​ប្រសើរឡើង​វិញ​»​។

ក្នុង​ឆ្នាំ​ ២០២០ ភ្ញៀវទេសចរ​បរទេស​ទិញ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​មាន​សរុប ៤០០ ៨៨៩ ​នាក់​ធ្លាក់​ ៨១,៨២ ​ភាគរយ​ធៀប​ឆ្នាំ​ ២០១៩​។ ជាមួយនេះ​ចំណូល​បាន​ពី​ការលក់​សំបុត្រ​មាន​ចំនួន ១៨ ៦៥៤ ៨២៨ ដុល្លារ ធ្លាក់ចុះ ៨១,១៧ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៩​។ នេះ​បើតាម​របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរ​។

កាលពី​ចុងខែ​មករា រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​លោក ថោង ខុន បាន​ឱ្យ​ដឹងថា ក្នុង​ឆ្នាំ​ ២០២០ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រហែល ១,៣១ ​លាន​នាក់​ ធ្លាក់​ពី ៦,៦១ ​លាន​នាក់​កាលពី​ឆ្នាំ​ ២០១៩​។ ការថយចុះ​ចំនួន​ភ្ញៀវ​នេះ​គឺ​ដោយសារ​ពិភពលោក​ជួប​នូវ​វិបត្តិ​ជំងឺ​កូវីដ​ ១៩​។ លោក​ថ្លែងថា​៖ «​ស្ថិតក្នុង​បរិការណ៍​ប្រឈម​នេះ​ធ្វើឱ្យ​កម្ពុជា​ទទួល​បាន​ភ្ញៀវទេសចរ​អន្តរជាតិ​ត្រឹម​ប្រមាណ ១,៣១ ​លាន​នាក់​ ក្នុង​ឆ្នាំ ២០២០ ថយចុះ ៨០ ​ភាគរយ ​ធៀប​នឹង​ឆ្នាំ​ ២០១៩»៕ LA