ភ្នំពេញៈ ឃ្លាំងស្ដុកស្រូវ និងឡសម្ងួតចំនួន ៣ ដែលទទួលមូលនិធិពីធនាគារគ្រប់គ្រងដោយនឹងដាក់ឲ្យដំណើរការសម្រាប់រដូវប្រមូលផលខាងមុខនៅឆ្នាំនេះ ដែលវិស័យឯកជនអះអាងថានឹងជួយបង្កើនការនាំចេញអង្កររបស់ប្រទេសកម្ពុជានៅពេលខ្លួនមានសមត្ថភាពស្តុកស្រូវកាន់តែច្រើន។
ក្រសួងកសិកម្មបានបញ្ជាក់ថាឧស្សាហកម្មនេះនឹងនៅតែត្រូវការឃ្លាំងស្ដុកស្រូវបន្ថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការបន្ថែមទៀតពេលអនាគត។
ឃ្លាំងស្ដុកស្រូវ ៣ ដែលកំពុងត្រូវបានសាងសង់នៅក្នុងខេត្ត កំពង់ធំ ព្រៃវែង និងតាកែវដែលឃ្លាំងស្ដុកនីមួយៗមានសមត្ថភាពស្ដុកស្រូវបាន ៥ ម៉ឺនតោន និងសម្ងួតស្រូវបានប្រហែល ១ ៥០០ តោនប្រចាំថ្ងៃ។
ធនាគារអភិវឌ្ឍន៍ជនបទ (RDB) ដែលគ្រប់គ្រងដោយរដ្ឋបានផ្ដល់កម្ចី ១៥ លានដុល្លារដល់ក្រុមហ៊ុន ២ គឺក្រុមហ៊ុនខ្មែរហ្វូត និងក្រុមហ៊ុន អេមរុ រ៉ាយស៍។
លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរុ រ៉ាយស៍ បានថ្លែងថាឃ្លាំងស្ដុកស្រូវ ដែលទទួលបានកម្ចី ៥ លានដុល្លារចាប់តាំងពីចុងឆ្នាំមុននៅក្នុងខេត្តកំពង់ធំរួមមានឃ្លាំងផ្សេងទៀតចំនួន ៦ ត្រូវបានវិនិយោគសរុប ៨ លានដុល្លារ។ លោកថ្លែងថាឃ្លាំងស្ដុក និងឡសម្ងួតនេះនឹងរួចរាល់ក្នុងរយៈពេល ១ ខែកន្លះក្រោយ ឬប្រហែលខែកក្កដា។
លោកបន្តថា៖ «នៅពេលនេះយើងកំពុងដំឡើង និងសាកល្បងវានឹងរួចរាល់សម្រាប់រដូវប្រមូលផលក្រោយយើងនឹងធានាបានសមត្ថភាពរបស់ឃ្លាំងស្ដុកនេះ និងធ្វើឲ្យមានស្ថិរភាពដល់ទីផ្សារសម្រាប់កសិករ»។
លោកបញ្ជាក់ថា៖ «ឃ្លាំងស្ដុករបស់យើងនឹងបង្កើនការនាំចេញហើយឆ្លើយតបដំណោះស្រាយបាននៅពេលរដ្ឋាភិបាលយល់ព្រមលើចំនួនការនាំចេញជាមួយរដ្ឋាភិបាលប្រទេសផ្សេងទៀត»។
លោក គីម សាវុធ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន ខ្មែរហ្វូត ដែលទទួលបានកម្ចី ១០ លានដុល្លារពី RDB សម្រាប់ការសាងសង់ឃ្លាំងស្ដុកស្រូវនៅក្នុងខេត្តព្រៃវែង និងតាកែវបានបញ្ជាក់ថា ឃ្លាំងស្ដុកទាំងនេះនឹងដាក់ឲ្យដំណើរការសម្រាប់រដូវប្រមូលផលនៅពេលខាងមុខផងដែរ។
លោកថ្លែងថា៖ «ឃ្លាំងស្ដុក និងឡសម្ងួតរបស់យើងរួចរាល់ជិត ៩០ ភាគរយហើយនៅក្នុងខេត្តតាកែវ ខណៈនៅក្នុងខេត្តព្រៃវែងកំពុងដំណើរការបញ្ចប់ផងដែរ»។
លោកបន្តថា៖ «យើងគ្រោងនឹងធ្វើឲ្យរួចរាល់ ដើម្បីស្ដុកស្រូវនៅក្នុងរដូវប្រមូលផលខាងមុខ វានឹងបង្កើនការនាំចេញ»។
កាលពីដើមខែនេះក្រសួងកសិកម្មបានដាក់ឲ្យដំណើរការឃ្លាំងស្ដុកស្រូវដែលបានផ្ដល់មូលនិធិដោយសាធារណរដ្ឋកូរ៉េនៅក្នុងស្រុកបាធាយ ខេត្តកំពង់ចាម មានទឹកប្រាក់ ២,៨ លានដុល្លារដែលសមត្ថភាពសម្ងួតស្រូវបាន ៨០ តោនក្នុង ១ ថ្ងៃ និងសមត្ថភាពស្ដុកបាន ៦០០ តោន។
ទោះបីយ៉ាងនេះក្តីលោក ហ៊ាន វណ្ណហន អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៅក្រសួងកសិកម្មបានថ្លែងថាចំនួនទាំងនេះនៅមិនទាន់ឆ្លើយតបបានតាមតម្រូវការសមត្ថភាពស្ដុកស្រូវនោះទេ។
លោកបានថ្លែងថា៖ «វាជាដំណោះស្រាយសម្រាប់កសិករដែលមិនមានការបារម្ភអំពីឃ្លាំងស្ដុក និងការបញ្ចេញស្រូវទៅព្រំដែន»។ លោកបន្តថា៖ «ឧស្សាហកម្មស្រូវអង្កររបស់យើង នៅតែត្រូវការឃ្លាំងស្ដុកស្រូវ និងសមត្ថភាពឡសម្ងួតបន្ថែមទៀត ដើម្បីឆ្លើយតបតាមតម្រូវការផលិតស្រូវ»។
កាលពីដើមឆ្នាំមុន RDB បានផ្ដល់កម្ចីអត្រាការប្រាក់ទាប ១៥ លានដុល្លារដល់ធនាគារស្រូវដើម្បីពង្រីកឃ្លាំងស្ដុកស្រូវរបស់ខ្លួននៅក្នុងខេត្តបាត់ដំបង។ មិនអាចទាក់ទងលោក ភូ ពុយ ប្រធានធនាគារស្រូវបានទេកាលពីថ្ងៃម្សិលមិញ ប៉ុន្តែតាមផែនការឃ្លាំងស្តុកស្រូវគ្រោងនឹងបញ្ចប់នៅឆ្នាំនេះផងដែរ៕ LA