ភ្នំពេញៈ អ្នកដំណើរផ្លូវអាកាសចូលមកកម្ពុជាតាមព្រលានយន្តហោះអន្តរជាតិទាំងបី បានបង្ហាញពីកំណើនរឹងមាំនៅឆមាសទី ១ ឆ្នាំ ២០១៨ នេះ ដែលភាគច្រើនត្រូវបាននាំមុខដោយអ្នកដំណើរពីប្រទេសចិន។ នេះបើយោងតាមទិន្ន័យដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបាននៅថ្ងៃទី ១៦ កក្ដដា ឆ្នាំ ២០១៨។
តួលេខបានពីក្រុមហ៊ុនព្រលានយន្តហោះ Cambodia Airports បានបង្ហាញថា ចំនួនអ្នកដំណើរឆ្លងកាត់ព្រលានយន្តហោះអន្តរជាតិទាំង ៣ របស់កម្ពុជា មានចំនួន ៥,២ លាននាក់ ចាប់ពីខែមករា ដល់ខែមិថុនាឆ្នាំនេះ។
ចំនួននេះបានកើនឡើង ២៤ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក ខែក នរិន្ទដា នាយកផ្នែកទំនាក់ទំនងនៅក្រុមហ៊ុន Cambodia Airports បានថ្លែងថា បរិយាកាសសេដ្ឋកិច្ចបានផ្តល់ប្រយោជន៍ខ្លាំងដល់កំណើនចរាចរណ៍តាមផ្លូវអាកាស។
លោកបន្តថា ព្រឹត្តិការណ៍បោះឆ្នោត នឹងមិនប៉ះពាល់ដល់ចរាចរណ៍អ្នកដំណើរនោះទេ។
លោក រំពឹងថា ព្រលានយន្តហោះទាំងបីនេះនឹងទទួលបានអ្នកដំណើរសរុប ១០ លាននាក់នៅឆ្នាំនេះ ៕