ក្រុងប៉េកាំងៈ ប្រទេស ​ចិន​ កាលពី​ថ្ងៃ​ពុធ​បាន​បន្ទរ​តាម​ការអត្ថាធិប្បាយ​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ដោយ​និយាយថា មិនមាន​កាលបរិច្ឆេទ​កំណត់​សម្រាប់​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​ឡើយ ខណៈ​ភាព​តានតឹង​កើនឡើង​រវាង​ប្រទេស​ទាំងពីរ​។

កាលពី​ថ្ងៃ​អង្គារ​លោក ត្រាំ បាន​ព្រមាណ​ថា កិច្ចប្រឹងប្រែង​ដោះស្រាយ​ជម្លោះ​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​អាច​បន្ត​ទៅ​បាន​បន្ទាប់ពី​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នៅ​ខែវិច្ឆិកា​ឆ្នាំក្រោយ​ដែល​ជំរុញ​ឲ្យ​មាន​ការលក់​ចេញ​ភាគហ៊ុន​នៅ​ទីផ្សារ​ពិភពលោក​។

នៅពេល​សួរ​អំពី​ការអត្ថាធិប្បាយ​របស់​លោក ត្រាំ ក្រសួង​ការបរទេស​ចិន​បាន​ឲ្យ​ដឹងថា ទីក្រុង​ប៉េកាំង​ក៏​ដូច្នេះ​មិនមាន​កាលបរិច្ឆេទ​បញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​អូសបន្លាយ​ពេល​នេះ​ទេ ដែល​ការចរចា​ម្តង​ធ្វើ​ម្តង​អត់​នេះ​បាន​បង្ក​ផលប៉ះពាល់​ដល់​ទីផ្សារ និង​ជំរុញ​ឲ្យ​មាន​ភាពតានតឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​។

អ្នកស្រី Hua Chunying អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​ថ្លែងថា​៖ «​យើង​នឹងមិន​កំណត់ពេល​ណាមួយ​ថា​តើ​នៅពេលណា​កិច្ចព្រមព្រៀង​នឹង ឬ​នឹងមិន​សម្រេច​បាន​ឡើយ​»​។

អ្នកស្រី​ថ្លែងប្រាប់​ក្រុម​អ្នកយក​ព័ត៌មាន​នៅ​សន្និសីទ​ខ្លី​មួយ​ក្នុង​ទីក្រុង​ប៉េកាំង​ថា​៖ «​កិច្ចព្រមព្រៀង​នេះ និង​ការចរចា​ទាំងនេះ​ត្រូវតែ​មាន​មូលដ្ឋាន​លើ​គុណភាព និង​ការគោរព​គ្នា​ទៅវិញ​ទៅមក​»​។

អ្នកស្រី​បន្ថែមថា​៖ «​បើ​យើង​ប្រឈម​នឹង​សម្ពាធ​នៃ​ឯកតោភាគី​និយម កិច្ច​គាំពារ​និយម និង​ការយាយី​ផ្នែក​ពាណិជ្ជកម្ម យើង​នឹង​មិន​មាន​ជម្លោះ​ទេ ហើយ​ត្រូវ​តែ​ចាត់វិធានការ​តឹងរ៉ឹង និង​ចុងក្រោយ ដើម្បី​ការពារ​អត្ថប្រយោជន៍​ស្របច្បាប់​របស់​យើង​»៕ KC