ប៉េ​កាំងៈ​ ប្រទេស​ចិន ​​បាន​ប្រកាស​នៅ​​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ខ្លួន​នឹង​ដាក់​វិធាន​ការ​ប្រឆាំង​ការ​បង្ខូច​ថ្ល​ជា​បណ្ដោះ​អាសន្ន​លើ​ផលិត​ផល​ធ្វើ​ពី​កៅ​ស៊ូ​ដែល​បាន​នាំ​ចូល​ពី​អា​មេរិក​ សហ​ភាព​អឺរ៉ុប ​និង​សិង្ហ​បុរី​។

ករណី​នេះ​អាច​បង្កើន​ជម្លោះ​ពាណិជ្ជ​កម្ម​ដែល​កំពុង​កើន​ឡើង​ថែ​មទៀត ​រវាង​ទី​ក្រុង​ប៉េកាំង ​និង​ទី​ក្រុង​វ៉ាស៊ីន​តោន​ ដោយ​សារ​ភាគី​នីមួយ​ៗ​បាន​គំរាម​គ្នា​​ពី​ការ​សង្កត់​ពន្ធ​កាន់​តែ​ច្រើន​លើ​ទំនិញ​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​។

ក្រសួង​ពាណិជ្ជ​កម្ម​ចិន​​ បាន​លើក​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត​ថា ​ភាគី​ទាំងពីរ​​មិន​ចរចា​លើ​បញ្ហា​នេះ​ទេ​ ដែ​ល​ហាក់​ដូច​ជា​​ផ្ទុយ​នឹង​ការ​អះ​អាង​កាល​ពី​សប្ដាហ៍​មុន​​របស់​លោក​ប្រធា​នាធិប​តី​អា​មេរិក​ ដូណាល់​​ ត្រាំ ​ថា ​ភាគី​ទាំង​ពីរ​កំពុង​មាន «​ការ​ពិភាក្សា​ដ៏ធំ» ​ស្ដីពី​ពាណិជ្ជ​កម្ម​។

លោក ​Gao ​Feng ​អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជ​កម្ម​​បាន​ប្រាប់​សន្និ​សីទ​ព័ត៌​មាន​ខ្លី​ដែល​ធ្វើ​ឡើង​ជា​ទៀង​ទាត់​ថា៖ «​ភាគី​ទាំង​ពីរ​​មិន​បានធ្វើ​ការ​ចរចា​ទ្វេ​ភាគី​ណា​មួយ​ស្ដី​ពី​អង្គ​ភាព​ស៊ើប​អង្កេត​ ៣០១​ របស់​អា​មេរិក​ ឬ​បញ្ជី​ផលិត​ផល​​របស់​ប្រទេស​ចិន​ដែល​ស្នើ​ឡើង​របស់​អា​មេរិក​ ​ដើម្បី​យក​ពន្ធ​នោះ​ទេ​»​។

ការ​ស៊ើប​អង្កេត​អង្គ​ភាព​ ៣០១ ​របស់​អា​មេរិក​ ផ្ដោត​លើ​អ្វីដែល​ទី​ក្រុងវ៉ា​ស៊ីន​តោន​ហៅ​ថា​ ជា​ការរំ​លោភ​លើ​កម្ម​សិទ្ធិ​​បញ្ញា​របស់​ទី​ក្រុង​ប៉េ​កាំង​ ដែល​រួម​ទាំង​ការ​មិន​គោ​រព​ក្រុម​ហ៊ុន​កាន់​កាប់​ប៉ាតង់​បរទេស​ជា​ដើម​​។

នៅ​ពេល​សួរ​ថា ​តើ​ប្រទេស​ចិន​បាន​​មើល​ស្រាល​ដំណោះ​ស្រាយ​លើ​ពាណិជ្ជ​កម្ម​របស់​រដ្ឋ​បាល​លោក ​ដូណាល់ ត្រាំ​ ឬ​អត់​នោះ ​លោក ​Gao បាន​ប្រតិ​កម្មតប​វិញ​ថា​៖ «​យើង​សង្ឃឹម​ថា ​អាមេរិក​ នឹង​មិន​មើល​ស្រាល​ដំណោះ​ស្រាយ​​របស់​ប្រទេស​ចិន​នោះ​ទេ​»​។

លោក​​ព្រមាន​ថា ​ទីក្រុង​ប៉េកាំង​ នឹង​ប្រយុទ្ធ​តប​ត​ប្រឆាំង​នឹង​ «​ផែន​ការ​មិនត្រឹម​ត្រូវណាមួយ​» របស់​​អា​មេរិក​​ក្នុង​ការ​ «​​រក្សា​ការ​អភិវឌ្ឍ​របស់​ប្រទេស​ចិន​ និង​ការ​ប៉ុន​ប៉ង​បង្ខំ​ឲ្យ​ប្រទេស​ចិន​ចុះ​ចាញ់»​។

​លោក​ Gao ​ថ្លែង​ថា​៖ «​នៅ​ចំពោះមុខ​​វិធាន​ការ​របស់អា​មេរិក​កំពុង​កំណត់​ទិស​ដៅ​មក​រក​ប្រទេស​ចិន​ ប៉ុន្តែ​ តាម​ពិត​វា​កំពុង​ធ្វើ​ឲ្យ​អន្ត​រាយ​ដល់​ខ្លូន​ឯង​ទៅ​វិញ​ទេ​»។

វិធាន​ការ​ប្រឆាំង​ការ​បង្ខូច​ថ្លៃ​លើ​ផលិត​ផល​ធ្វើ​ពី​កៅស៊ូ ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ស៊ើប​អង្កេត​ដំបូង​ដោយ​ក្រសួង​ពាណិជ្ជ​កម្ម​ចិន​បាន​រក​ឃើញ​ភស្ដុ​តាង​​ប្រ​ទេស​ទាំង​នោះ​កំពុង​បង្ខូចថ្លៃ​ផលិត​ផល​កៅស៊ូ​។

ក្រុម​ហ៊ុន​នាំ​ចូល​ត្រូវបាន​ណែនាំ​ឲ្យដាក់​ប្រាក់​បញ្ញើ​នៅ​នាយកដ្ឋាន​គយ​ចិន​ ដែល​មាន​ចំនួន​ចាប់​ពី​ ២៦ ​ភាគ​រយ​ដល់ ​៦៦,​៥ ​ភាគ​រយ​នៃ​តម្លៃ​ទំនិញ​ ក្នុង​ការ​អនុវត្ត​ប្រឆាំង​នឹង​ពន្ធ​នាំ​ចូល បើ​ក្រសួង​រកឃើញ​ការ​បង្ខូច​តម្លៃ​នៅ​ក្នុង​ការ​គ្រប់​គ្រង​ចុង​ក្រោយ​របស់ខ្លួ​ន។​ ក្រសួង​ពាណិជ្ជ​កម្ម​បាន​ឲ្យដឹង​នៅ​ក្នុងសេច​ក្ដី​ប្រកាស​ព័ត៌​មាន​មួយថា​៖ ការ​បង្ខូច​ថ្លៃ​បាន​ធ្វើ ​«​​ឲ្យ​ខូច​ខ្លាំង​» ដល់​ឧស្សាហ​កម្ម​ក្នុង​ស្រុក​របស់​ប្រទេស​ចិន​។

អា​មេរិក ​និង​ សិង្ហបុរី ​គឺជា​ប្រភព​នាំចូល​ផលិត​ផល​កៅស៊ូ​​​ដ៏សំខាន់​របស់​​ ចិន​ ដោយ​មាន​ការនាំចូល​ពី​​​ប្រទេស​ពីរ​នេះ​ ក្នុង​នោះ​​អា​មេរិក​មាន​ចំនួន​សរុប ​១៥៣ ​លាន​ដុល្លារ​ និង​សិង្ហបុរី ​១១៥ លាន​ដុល្លារ​កាល​ពី​ឆ្នាំ ​២០១៧​៕​LA