
ទិដ្ឋភាពប្រជាកសិករកំពុងយកការ៉ុងចាំត្រងស្រូវចេញពីម៉ាស៊ីនច្រូត នៅខេត្តសៀមរាប នាពេលកន្លងមក។ ហុង មិនា
ភ្នំពេញៈ កម្ពុជា បានចុះហត្ថលេខាជាមួយក្រុមហ៊ុនរដ្ឋប្រទេស ចិន CITIC Construction Co.,Ltd លើកិច្ចសន្យាពាណិជ្ជកម្មស្តីពី «គម្រោងជំរុញផលិតម្មស្រូវ និងការនាំចេញអង្ករ» នៅក្នុងក្របខ័ណ្ឌឥណទានសម្បទានពីរដ្ឋាភិបាលចិន ដើម្បីឈានទៅសាងសង់ឃ្លាំងស្តុកស្រូវ-អង្ករ និងឡសម្ងួត នៅតាមទីតាំងយុទ្ធសាស្រ្តមួយចំនួនក្នុងប្រទេស កម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ពិធីចុះហត្ថលេខាលើកិច្ចសន្យាពាណិជ្ជកម្មនេះ បានធ្វើឡើងកាលពីថ្ងៃម្សិលមិញ ដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ជាមួយលោក Chen Xiaojia ប្រធានក្រុមហ៊ុនរដ្ឋចិន CITIC Construction Co., Ltd។
សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា គម្រោងនេះមានគោលដៅជួយដល់កសិករ ធុរជន និងក្រុមហ៊ុននាំចេញអង្ករ ហើយវាជាចំណែកមួយក្នុងការជួយគាំទ្រដល់យុទ្ធសាស្ត្ររបស់រដ្ឋាភិបាលកម្ពុជា ដើម្បីនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិឲ្យបានយ៉ាងតិច ១ លានតោន ក្នុង ១ ឆ្នាំ។ គម្រោងនេះនឹងរួមចំណែកជួយទប់ស្កាត់ការធ្លាក់ចុះតម្លៃស្រូវរបស់កសិករផងដែរ។
យោងតាមកិច្ចសន្យា CITIC Construction Co., Ltd និងក្រុមហ៊ុន ហ្គ្រីនត្រេដ របស់កម្ពុជានឹងត្រូវសាងសង់ឃ្លាំងស្តុកស្រូវ-អង្ករ ចំនួន ១២ កន្លែង ដែលមានសមត្ថភាពស្តុកសរុប ៨២៧ ០០០ តោន និងឡសម្ងួតចំនួន ១០ កន្លែង មានសមត្ថភាពសម្ងួតស្រូវបាន ១៣ ០០០ តោនក្នុង ១ ថ្ងៃ នៅក្នុងខេត្តពោធិ៍សាត់ បាត់ដំបង តាកែវ បន្ទាយមានជ័យ សៀមរាប កំពង់ចាម កំពង់ធំ ព្រៃវែង កណ្តាល កំពង់ស្ពឺ និងខេត្តព្រះសីហនុ។
ទោះយ៉ាងណាគម្រោងនេះ មិនមានសេវាកិនស្រូវទេ ដើម្បីការពារកុំឲ្យមានការប្រកួតប្រជែងជាមួយរោងម៉ាស៊ីនកិនស្រូវក្នុងស្រុក។
ខ្លឹមសារក្នុងសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា៖ «ជាមួយនឹងការអនុវត្តគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ រាជរដ្ឋាភិបាលសង្ឃឹមថា កម្ពុជានឹងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្កើនការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ និងលើកកម្ពស់កេរ្តិ៍ឈ្មោះអង្ករកម្ពុជា»។
លោក ហ៊ុន ឡាក់ នាយកក្រមហ៊ុន Mekong Oryza Trading Co. Ltd បានសាទរចំពោះព័ត៌មាននេះ ដោយលោកលើកឡើងថា បើទោះបីក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទាំងផ្នែករដ្ឋ និងឯកជនខិតខំយ៉ាងណាក៏ដោយ ប៉ុន្តែជាក់ស្តែងនៅពេលរដូវប្រមូលផលស្រូវចូលមកដល់ (ប្រមូលផលច្រើន) កម្ពុជានៅតែមានជួបបញ្ហាកង្វះឃ្លាំងស្តុក និងឡសម្ងួតដដែល។
លោកបន្តថា ការវិនិយោគលើការសង់ឃ្លាំងស្តុក និងឡសម្ងួត គឺជាការល្អណាស់សម្រាប់វិស័យស្រូវអង្ករកម្ពុជា ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។
ទោះជាយ៉ាងណាលោកបញ្ជាក់ថា៖ «ការមានឃ្លាំង និងឡសម្ងួតច្រើនក៏មិនទាន់ប្រាកដថា អាចដោះស្រាយបញ្ហាស្រូវអង្ករបានទាំងស្រុងនោះទេ ដោយវាទាមទារឲ្យក្រុមហ៊ុនវិនិយោគនោះត្រូវមានទុនគ្រប់គ្រាន់ផងដែរ»។
ប្រធានក្រុមហ៊ុន Baitang (Kampuchea) Plc. លោក ភូ ពុយ បាននិយាយថា បច្ចុប្បន្នឃ្លាំងស្តុក និងឡសម្ងួតបានកើតឡើងស្ទើរគ្រប់ទីកន្លែង ពិសេសក្នុងតំបន់ផលិតស្រូវធំៗទាំង ៤ គឺខេត្តបាត់ដំបង កំពង់ធំ ព្រៃវែង និងខេត្តតាកែវ។ លោកបន្តថា ការមកដល់នេះ នឹងជួយធ្វើឲ្យកសិករកាន់តែមានជម្រើសច្រើនជាងមុន។
លោកថ្លែងថា៖ «យើងស្វាគមន៍ចំពោះការវិនិយោគលើការសាងសង់ឃ្លាំងស្តុក និងឡសម្ងួត ព្រោះកសិករនឹងមានឱកាសប្រកួតប្រជែងតម្លៃកាន់តែច្រើន [មានកន្លែងស្តុក មិនចាំបាច់បង្ខំលក់ឲ្យឈ្មួញក្នុងតម្លៃទាប]»។
លោក នង វាសនា អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា កាលពីចុងខែឧសភា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា បច្ចុប្បន្ននៅកម្ពុជាមានរោងម៉ាស៊ីនកិនស្រូវជាង ៣០០ ដែលរោងម៉ាស៊ីនធំៗអាចមានសមត្ថភាពស្តុកដល់រាប់ម៉ឺនតោន។ លោកប្រាប់ទៀតថា កាលពីឆ្នាំ ២០១៨ កម្ពុជាទទួលបានទិន្នផលស្រូវក្នុងរង្វង់ ១០,២ លានតោន។
ទន្ទឹមនឹងការចុះហត្ថលេខាខាងលើ កាលពីថ្ងៃទី ១៩ ខែ មិថុនា ក៏មានក្រុមហ៊ុនមកពីប្រទេស ស្វ៊ីស Buhler Group Asia បានបង្ហាញពីគម្រោងនៃការចូលមកវិនិយោគលើការសាងសង់ឡសម្ងួត ដែលបំពាក់បច្ចេកវិទ្យាទំនើបឈានមុខគេ ដើម្បីចូលរួមអភិ-វឌ្ឍន៍ខ្សែចង្វាក់តម្លៃស្រូវអង្ករ និងការធ្វើពិពិធកម្មការនាំចេញផលិតផលសម្រេចរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិផងដែរ។
នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ លោក David Wang ប្រធានក្រុមហ៊ុន Buhler Group Asia បានឲ្យដឹងថា លោកគ្រោងនឹងវិនិយោគសង់ឡសម្ងួតទំនើបចំនួន ១០ ទីតាំង ក្នុងខេត្តគោលដៅចំនួន ១០ សម្រាប់កែច្នៃជាផលិតផលចំណីអាហារ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
យោងតាមរបាយការណ៍ច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករ បានបង្ហាញថា ក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០១៩ កម្ពុជាបាននាំចេញអង្ករទៅទីផ្សារអន្តរជាតិសរុបជាង ២១ ម៉ឺនតោន កើនឡើងជាង ៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨។ កាលពីឆ្នាំ ២០១៨ ការនាំចេញអង្ករកម្ពុជាមានបរិមាណ ៦២៦ ២២៥ តោន ដោយធ្លាក់ចុះ ១,៥ ភាគរយបើធៀបឆ្នាំ ២០១៧។ ទីផ្សារសហភាពអឺរ៉ុប មានបរិមាណច្រើនជាងគេ គឺចំនួន ២៦៩ ១២៧ តោន និងប្រទេស ចិន មានចំនួន ១៧០ ១៥៤ តោន៕ LA