ក្រុង​ប៉េកាំងៈ សភាជាតិ​របស់​ប្រទេស ចិន កាល​ពី​ចុង​សប្តាហ៍​​មុន​បាន​អនុម័ត​ច្បាប់​ស្តីពី​ការ​​​វិនិយោគ​បរទេស ដែល​​ជា​ច្បាប់​ដ៏​សំខាន់​​មួយ​ដែល​​​នឹង​ផ្ដល់​ការ​ការពារ​កាន់​តែ​រឹងមាំ និង​បរិយាកាស​អាជីវកម្ម​កាន់​តែ​ប្រសើរ​សម្រាប់​​ក្រុម​វិនិយោគិន​បរទេស​។​​

នៅ​ម៉ោង​ប្រហែល​ ៩ ព្រឹក​​​ថ្ងៃ​សុក្រ​​ កាល​ពី​​សប្តាហ៍​មុន សំឡេង​​​ភាគ​ច្រើន​លើស​លប់​របស់​អនុ​ប្រធាន​កិច្ច​ប្រជុំ​សភា​ប្រជាជន​ចិន​ ​បាន​បោះ​ឆ្នោត​គាំទ្រ​​ដល់​ច្បាប់​​នេះ​នៅ​ក្នុង​កិច្ច​ប្រជុំ​បិទ​ទ្វារ​​ក្នុង​វគ្គ​​ប្រជុំ​លើក​ទី​២ នៃ​កិច្ច​ប្រជុំ​​សភា​ប្រជាជន​ចិន​ ( NP​C)។​ ច្បាប់ថ្មី​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី ១ ខែ ​មករា​ ឆ្នាំ ​២០២០។​

ជា​មួយ​នឹង​បទប្បញ្ញត្តិ​រួម​សម្រាប់​​ការ​ចូល​វិនិយោគ ការ​លើក​កម្ពស់ ការ​ការពារ និងការ​គ្រប់គ្រង​​​ការ​វិនិយោគ​បរទេស វា​គឺ​ជា​ច្បាប់​ថ្មី និង​សំខាន់​មួយ​សម្រាប់​ការ​វិនិយោគ​​បរទេស​​នៅ​ក្នុង​​ប្រទេស ​ចិន​។​

ច្បាប់​នេះ​មាន​បំណង​កែ​លម្អ​តម្លាភាព​នៃ​គោល​នយោបាយ​ស្តីពី​ការ​វិនិយោគ​បរទេស និង​ធានា​​ថា សហគ្រាស​វិនិយោគ​បរទេស​ចូលរួម​ក្នុង​ការ​ប្រកួត​​ប្រជែង​ទីផ្សារ​​​ដោយ​ឈរ​លើ​មូលដ្ឋាន​ស្មើភាព​។​

ច្បាប់​នេះ​ចែង​ថា រដ្ឋ​នឹង​គ្រប់គ្រង​ការ​វិនិយោគ​បរទេស​​យោង​​តាម​ប្រព័ន្ធ​​​ប្រព្រឹត្ត​ថ្នាក់​ជាតិ​បង្កើត​ជា​មុន​ រួម​ជា​មួយ​នឹង​បញ្ជី​អវិជ្ជមាន​មួយ។​

សហគ្រាស​ដែល​ត្រូវ​បាន​វិនិយោគ​ដោយ​បរទេស នឹង​ទទួល​បាន​ភាព​ស្មើ​គ្នា​ពី​គោល​នយោបាយ​​របស់​រដ្ឋាភិបាល​ចិន ដែល​គាំទ្រ​ដល់​​ការ​អភិវឌ្ឍ​សហគ្រាស និង​អាច​មាន​លទ្ធភាព​​ចូលរួម​​ក្នុង​ការ​កំណត់​​ស្ដង់ដា​ដោយ​ឈរ​លើ​ជំហរ​ស្មើភាព​​គ្នា និង​នៅ​ក្នុង​លទ្ធកម្ម​របស់​រដ្ឋាភិបាល​តាម​រយៈ​ការ​ប្រកួត​ប្រជែង​ដោយ​​ស្មើភាព។ នេះ​បើ​យោង​តាម​ច្បាប់​នេះ​។​

ច្បាប់​នេះ​​បាន​ចែង​ទៀត​​ថា ​រដ្ឋ​នឹង​ការពារ​​កម្មសិទ្ធិ​បញ្ញា​របស់​​ក្រុម​វិនិយោគិន​បរទេស និង​សហគ្រាស​ដែល​ត្រូវ​បាន​វិនិយោគ​ដោយ​បរទេស​។​

លោកស្រី Vivian Jiang ​អនុ​ប្រធាន​​ក្រុមហ៊ុន​ Deloitte China ​បាន​ឲ្យ​ដឹង​ថា ច្បាប់​នេះ​បញ្ជូន​សញ្ញា​តម្លាភាព​កាន់​តែ​ខ្លាំង​ជាង​មុន ហើយ​នឹង​បង្កើន​ការ​ទាក់ទាញ​​របស់​ទីផ្សារ​ចិន​ ដល់​មូលធន​បរទេស៕ People''s Daily/LA