ភ្នំពេញៈ ​អាជីវកម្ម​ជាង ​៩០ ​ភាគរយ ​នៅ​ក្រុង​ព្រះសីហនុ​នា​ពេល​បច្ចុប្បន្ន​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន រាប់​ចាប់​តាំង​​ពី​សណ្ឋាគារ ​កាស៊ីណូ ​ភោជនីយដ្ឋាន ​រហូត​ដល់​ហាង​​ម៉ាស្សា។​ នេះ​បើ​យោង​តាម​​ទិន្នន័យ​របស់​អាជ្ញាធរ​ ខេត្ត​ព្រះសីហនុ​។

ក្នុង​កិច្ច​ប្រជុំ​ ស្តីពី​ការ​បន្ត​និរន្តរភាព​ការងារ និង​ពង្រឹង​សន្តិសុខ​សណ្តាប់​ធ្នាប់​ក្នុង​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ម្សិលមិញ ​លោក​ ជួន ​ណារិន្ទ ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា ស្ថានភាព​ទូទៅ​របស់​​ខេត្ត​ព្រះសីហនុ​ គឺ​​មាន​ការ​វិនិយោគ​ច្រើន​ពី​ជន​បរទេស ពិសេស​ជនជាតិ​ចិន ដែល​ធ្វើ​ឲ្យ​ខេត្ត​ព្រះសីហនុ មាន​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​លើ​គ្រប់​វិស័យ​ដូច​ជា​ សណ្ឋាគារ ​ផ្ទះ​សំណាក់​ កាស៊ីណូ​ ភោជនីយដ្ឋាន ព្រម​ទាំង​មុខរបរ​ផ្សេងៗ​​​ទៀត​។

បើ​តាម​លោក​ ជួន​ ណារិន្ទ​ បច្ចុប្បន្ន​ក្នុង​ខេត្ត​ព្រះសីហនុ​ មាន​សណ្ឋាគារ​ និង​ផ្ទះ​សំណាក់​ចំនួន ​១៥៦ ​កន្លែង​ ក្នុង​នោះ ១៥០ ​កន្លែង​​​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន។ ចំណែក​កាស៊ីណូ​មាន​ចំនួន ​៦២ ​កន្លែង ​​វិនិយោគ​ដោយ​ចិន​ចំនួន ​៤៨ ​កន្លែង ក្លិប​កម្សាន្ត​ខារ៉ាអូខេ​ មាន​ចំនួន ​៤១ កន្លែង​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន ហាង​ម៉ាស្សា​ចំនួន ៤៦ កន្លែង ​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន​ និង​មាន​ភោជនីយដ្ឋាន​សរុប​ចំនួន ​៤៣៦​ កន្លែង​​​ក្នុង​នោះ​ ៩៥ ​ភាគរយ ​ត្រូវ​​បាន​គ្រប់គ្រង​​ដោយ​​ជនជាតិ​ចិន​។

លោក​ ធួន ​ស៊ីណាន​ ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា កាល​ពី​ម្សិលមិញ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ​​ថា ផ្អែក​លើ​ទិន្នន័យ​នេះ​បង្ហាញ​ថា ​ចំនួន​សណ្ឋាគារ​ និង​អាជីវកម្ម​​ក្នុង​ខេត្ត​ព្រះសីហនុ​ រហូត​ដល់​ជាង​ ​៩០ ​ភាគរយ ​​​ត្រូវ​បាន​​​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន។

លោក​​បន្ត​ថា វា​​គឺ​ជា​ក្តី​បារម្ភ​ ព្រោះ​​​ទីផ្សារ ឬ​តំបន់​​មួយ មិន​គួរ​មាន​ការ​​វិនិយោគ​របស់​ជនជាតិ​បរទេស​តែ​​មួយ​ ​​​លើស​​ពី​ពាក់​កណ្តាល​​​​​នោះ​ទេ​​។

លោក​បញ្ជាក់​ថា ៖​«សម្រាប់​ខ្ញុំ​ វា​​ល្អ​​ប្រសិន​​បើ​ការ​វិនិយោគ​នោះ​មាន​លក្ខណៈ​​ចម្រុះ​ជាតិ​សាសន៍​។ ការ​គ្រប់គ្រង​អាជីវកម្ម​របស់​ជន​បរទេស​មិន​​គួរ​លើស​ពី ​៥០ ​ភាគរយ​ទេ ព្រោះ​វា​​នឹង​ធ្វើ​ឲ្យ​បាត់​តុល្យភាព​ក្នុង​ការ​អភិវឌ្ឍ និង​តុល្យភាព​​ទីផ្សារ​»។​ លោក​បន្ត​​ថា៖​«រឿង​ដែល​អ្នក​វិនិយោគ​​បរទេស​ចូល​មក​គ្រប់គ្រង​ក្នុង​ការ​វិនិយោគ​ដ៏​​ច្រើន​បែប​នេះ គឺ​​ផល​មិន​ល្អ​​អាច​មាន​ច្រើន​ជាង​ផល​ល្អ​»​។​

កំណើន​ការ​​​វិនិយោគ​ និង​ការ​មក​ដល់​​យ៉ាង​ច្រើន​របស់​ជនជាតិ​ចិន​នៅ​​ក្នុង​​ខេត្ត​ព្រះសីហនុ​​ ត្រូវ​បាន​លោក ស៊ីណាន បញ្ជាក់​ថា អាច​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ជួប​បញ្ហា​មួយ​ចំនួន​ដូច​ជា ​ការ​បាត់បង់​អត្តសញ្ញាណជាតិ​ ឱកាស​ការងារ​របស់​ប្រជាជន​ក្នុង​ស្រុក​ ការ​ចរាចរ​សាច់​ប្រាក់ ​បរិស្ថាន​ និង​បញ្ហា​សន្តិសុខ​សង្គម​ជា​ដើម​។​​

លោក​បន្ត​ថា ដើម្បី​ឲ្យ​ការ​អភិវឌ្ឍ​នៅ​​ខេត្ត​ព្រះសីហនុ​អាច​ធ្វើ​ឡើង​ប្រកប​​​ដោយ​ចីរភាព​ ការ​ពង្រឹង​ប្រព័ន្ធ​ច្បាប់ និង​ការ​​អនុវត្ត​របស់​មន្ត្រី គឺ​ជា​កិច្ច​ការ​សំខាន់​ ខណៈ​​​ការ​ដួល​រលំ​អគារ​​​ក្នុង​ក្រុង​ព្រះសីហនុ​នា​ពេល​ថ្មីៗ​នេះ​ជា​ចន្លោះ​ប្រហោង​មួយ​ដ៏​ធំ​។

អត្ថ​ប្រយោជន៍​ក្នុង​ស្រុក

តាំង​ពី​លំហូរ​ចូល​វិនិយោគិន​ និង​ជនជាតិ​ចិន​មក​​ក្រុង​ព្រះសីហនុ​ប្រជាជន​​ក្នុង​តំបន់​នេះ​ទទួល​បាន​អត្ថប្រយោជន៍​​ដ៏​ធំ​ពី​ការ​លក់​ដី ​និង​ជួល​ទីតាំង​ឲ្យ​វិនិយោគិន​។

ទិន្នន័យ​ស្រាវជ្រាវ​តម្លៃ​ដីធ្លី​របស់​ក្រុមហ៊ុន​អចលនទ្រព្យ ​ឃី រៀល​អ៊ីស្ទេត ​ដែល​ភ្នំពេញ​​ ប៉ុស្តិ៍ ​ទទួល​បាន​កាល​ពី​​​ម្សិលមិញ បង្ហាញ​ថា ដី​ក្នុង​តំបន់​ល្អ​បំផុត​ក្នុង​​ក្រុង​ព្រះសីហនុ​ ​​នៅ​ពេល​នេះ​តម្លៃដី​​បាន​ហក់​ឡើង​​ប្រមាណ​​ជិត ​១០០ ​ភាគរយ បើ​ធៀប​ទៅ​នឹង​ដំណាច់​​ឆ្នាំ ​២០១៨។

លោក ​សន ​សៀប ​នាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ ឃី រៀលអ៊ីស្ទេត​ បាន​និយាយ​ថា ការ​​មក​ដល់​​យ៉ាង​ច្រើន​នៃ​ជនជាតិ​ចិន បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ និង​វិស័យ​អចលនទ្រព្យ និង​សំណង់​ក្នុង​​​ខេត្ត​ព្រះសីហនុ​ស្ទុះ​ងើប​ឡើង​យ៉ាង​លឿន​​ហួស​ពី​ការ​រំពឹង​ទុក​។ លោក​បន្ត​ថា ការ​ចូល​មក​ដល់​របស់​ជនជាតិ​ចិន បាន​​ធ្វើ​ឲ្យ​ម្ចាស់​អចលនទ្រព្យ និង​សំណង់​អគារ​ក្នុង​ក្រុង​ព្រះសីហនុ ​ទទួល​​បាន​​​ផលប្រយោជន៍​ជា​ច្រើន។ លោក​បន្ត​ថា៖​ «​​កម្លាំង​សេដ្ឋកិច្ច ​គឺ​ពឹង​អាស្រ័យ​ទៅ​លើ​ចំនួន​មនុស្ស​ នៅ​ពេល​មាន​មនុស្ស​ច្រើន​ សេដ្ឋកិច្ច​ក៏​កើន​ទៅ​តាម​នោះ​ដែរ​»។​

លោក​បន្ត​​​ថា គ្រប់​ការ​វិនិយោគ​សុទ្ធ​តែ​​ផ្តល់​នូវ​ផល​វិជ្ជមាន​ច្រើន​ជាង​អវិជ្ជមាន​។ ជាក់​ស្តែង​ការ​ចូល​មក​ដ៏​ច្រើន​របស់​ជនជាតិ​ចិន បាន​ធ្វើ​ឲ្យ​មាន​សំណង់​អគារ​ជា​ច្រើន​លេច​ឡើង​ក្នុង​ក្រុង​ព្រះសីហនុ​នៅ​ពេល​នេះ ហើយ​ចំនួន​ភ្ញៀវ​​ទេសចរ​ចិន​នឹង​បន្ត​ចូល​មក​ទស្សនា​កម្ពុជា​កាន់​តែ​ច្រើន​ដែរ​។​

លោក​ថ្លែង​ថា៖​ «​តាមរយៈ​ការ​ចូល​មក​​ដល់​របស់​​ជនជាតិ​ចិន ​យើង​ក៏​អាច​ធ្វើ​កិច្ច​សហការ​ជាមួយ​ចិន ​ដើម្បី​ធ្វើ​ការ​វិនិយោគ​រួម​គ្នា​ផង​ដែរ​»​៕LA