ក្រុង​ប៉េកាំងៈ ក្រសួង​ការ​បរទេស​របស់​​ប្រទេស ចិន បាន​ជំរុញ​ឲ្យ​មាន​​​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ដោយ​សហរដ្ឋ​អាមេរិក​ និង​ប្រទេស ​ចិន ដើម្បី​សម្រុះ​សម្រួល និង​ខិតខំ​ឲ្យ​បាន​ខ្លាំង​ ​ដើម្បី​សម្រេច​បាន​អត្ថ​ប្រយោជន៍​​​រៀងៗ​ខ្លួន​​មួយ ពោល​គឺ​​ជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ឈ្នះ​ឈ្នះ ដោយ​ផ្អែក​លើ​​​ការ​គោរព​​គ្នា​ទៅ​វិញ​ទៅ​មក។​

បន្ទាប់​ពី​មាន​​​ការ​គំរាម​កំហែង​ថ្មី​មួយ​​ពី​មេ​ដឹកនាំ​អាមេរិក​ថា​នឹង​បង្កើន​ពន្ធ​នាំចូល​លើ​ទំនិញ​​​ចិន​ ក្រសួង​ការ​បរទេស​ចិន​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​គណៈ​ប្រតិភូ​​របស់​​ប្រទេស ​ចិន ​​កំពុង​ត្រៀម​ខ្លួន​​ធ្វើ​​ដំណើរ​ទៅ​អាមេរិក​​សម្រាប់​ការ​ពិភាក្សា​​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម។​

លោក​ ដូណាល់ ត្រាំ ​ប្រធានាធិបតី​អាមេរិក បាន​សរសេរ​លើ​បណ្តាញ​សង្គម Twitter កាល​ពី​ថ្ងៃ​អាទិត្យ​ថា លោក​​នឹង​ដំឡើង​ពន្ធ​នាំចូល​​​ដល់ ​២៥ ​ភាគរយ​​លើ​ទំនិញ​​ចិន​​ ដែល​បច្ចុប្បន្ន​ត្រូវ​បាន​ដក​ហូត​ក្នុង​អត្រា ១០ ភាគរយ​​​រួច​ហើយ​ដែល​មាន​​តម្លៃ​ ២០០ ​ពាន់​លាន​ដុល្លារ​ ដែល​​នឹង​ចាប់​ផ្ដើម​នៅ​​​ថ្ងៃ​សុក្រ​សប្តាហ៍​​​នេះ​។ ការ​សរសេរ​របស់​លោក​បាន​ធ្វើ​ឡើង ​ខណៈ​ដែល​គណៈ​ប្រតិភូ​របស់​​ប្រទេស ​ចិន ​​​គ្រោង​នឹង​បន្ត​ការ​ចរចា​ពាណិជ្ជកម្ម​​នៅ​ទីក្រុង​វ៉ាស៊ីនតោន​​​​ក្នុង​សប្ដាហ៍​នេះ​។​

ក្រុម​អ្នក​វិភាគ​បាន​បង្ហាញ​ការ​បារម្ភ​អំពី​ការ​កើន​ឡើង​កាន់​តែ​ខ្លាំង​នៃ​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​ប្រទេស​មាន​សេដ្ឋកិច្ច​ឈាន​មុខ​គេ​ទាំង ​២ ​របស់​​ពិភព​លោក​នេះ​ និង​បាន​អំពាវនាវ​​​ឲ្យ​ភាគី​ទាំង ២ ​ត្រូវ​ទុក​ចោល​​​​ការ​ខ្វែង​គំនិត​គ្នា​របស់​ពួក​គេ និង​សម្រេច​ឲ្យ​បាន​​ដំណោះ​ស្រាយ​មួយ​​ឲ្យ​បាន​​​​ទាន់​ពេលវេលា​។​

លោក Joe Kaeser ​អគ្គនាយក​​ក្រុមហ៊ុន Siemens AG ដែល​ជា​ក្រុមហ៊ុន​ពហុ​​ផលិតភាព​អន្តរជាតិ​មាន​មូលដ្ឋាន​នៅ​​ប្រទេស អាល្លឺម៉ង់ បាន​ថ្លែង​​ថា​៖ «យើង​ទាំង​អស់​គ្នា​បារម្ភ​រួច​ហើយ​អំពី​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ប្រទេស ចិន ​និង​អាមេរិក​។ ខ្ញុំ​គិត​ថា ពិភព​លោក​​ទាំង​មូល​​បារម្ភ​អំពី​វា ដោយសារ​​​​វា​ជា​ជម្លោះ​រវាង​ប្រទេស​មាន​សេដ្ឋកិច្ច​​លំដាប់​លេខ ១ និង​លេខ ២។ ជា​លទ្ធផល ​ប្រទេស​ទាំង​អស់​ផ្សេង​ទៀត​​​នឹង​​មាន​​បញ្ហា​»។​

សេដ្ឋកិច្ច​ពិភព​លោក​បាន​បង្ហាញ​សញ្ញា​នៃ​ការ​ថមថយ​។ អង្គការ​អន្តរជាតិ​សំខាន់ៗ​ ដូចជា​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​​បាន​ព្រមាន​ថា កំណើន​សេដ្ឋកិច្ច​ពិភព​លោក​អាច​ធ្លាក់ចុះ​នៅ​ឆ្នាំ​នេះ ដោយសារ​​​ឧបសគ្គ​ និង​ភាព​មិន​​ច្បាស់​លាស់ ​ដែល​បាន​បណ្ដាល​ឡើង​​ដោយ​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម។​

លោក Vincent Chan ប្រធាន​​ផ្នែក​​ស្រាវជ្រាវ​យុទ្ធសាស្ដ្រ​​មូលនិធិ​ប្រចាំ​​ប្រទេស ចិន នៃ​ក្រុមហ៊ុន Credit Suisse បាន​ឲ្យ​ដឹង​ថា លោក​សង្ឃឹម​ថា ប្រទេស​ទាំង ២ នេះ​នឹង​អាច​សម្រេច​​​បាន​​កិច្ច​ព្រមព្រៀង​មួយ​​ក្នុង​ពេល​ឆាប់ៗ​​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ បើ​មិន​អ៊ីចឹង​ទេ វិបត្តិ​ចំពោះ​សេដ្ឋកិច្ច​ពិភព​លោក​អាច​​មាន​ទំហំ​ធំ​។​​

លោក​ Chan មាន​ប្រសាសន៍​​ថា៖ «​ដើម្បី​សម្រេច​បាន​​កិច្ច​ព្រមព្រៀង​​​មួយ​បែប​នោះ​បាន ភាគី​ទាំង ​២ ​អាច​ត្រូវ​តែ​ធ្វើ​ការ​សម្រុះ​សម្រួល​ ​ឬ​គួរ​តែ​ពន្យារ​ពេល​បញ្ហា​​មួយ​ចំនួន ដែល​មិន​អាច​​ដោះ​ស្រាយ​បាន​នៅ​ពេល​នេះ»។

លោក​បញ្ជាក់ថា ដោយសារ​តែ​ភាព​​មិន​​ច្បាស់​លាស់ ដែល​បាន​បណ្ដាល​​ឲ្យ​មាន​ការ​ខ្វែង​គំនិត​គ្នា​​ផ្នែក​ពាណិជ្ជកម្ម សហគ្រាស​ធុន​តូច ​និង​មធ្យម នឹង​ប្រឈម​នឹង​ការ​ពិបាក​កាន់​តែ​ច្រើន​ក្នុង​​ការ​បង្កើត​រោងចក្រ​​ថ្មីៗ​ក្នុង​ទីតាំង​ផ្សេង​ទៀត។​

លោក Ma Yu ​អ្នក​ស្រាវជ្រាវ​មួយ​រូប​នៅ​បណ្ឌិត្យ​សភា​សាជីវកម្ម​ពាណិជ្ជកម្ម​ និង​សេដ្ឋកិច្ច​អន្តរជាតិ​របស់​ប្រទេស ចិន បាន​ឲ្យ​ដឹង​ថា រាល់​ការ​កើន​​ឡើង​​កាន់​តែ​ខ្លាំង​នៃ​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​ការ​ស្ទុះ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​ពិភព​លោក​ ជា​ពិសេស​ទាក់ទង​នឹង​ការ​​វិនិយោគ​ផ្ទាល់​ពី​​បរទេស​។​

លោក Ma បាន​ឲ្យ​ដឹង​ថា ​ក្រុមហ៊ុន​ផលិតកម្ម​ជា​ច្រើន ជា​ពិសេស​​ក្រុមហ៊ុន​ផលិត​ឧបករណ៍​​ប្រភព​ដើម​ និង​សហគ្រាស​ធុន​តូច​ និង​មធ្យម​ នឹង​ទទួល​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង ​​មិន​គ្រាន់​តែ​ឆ្នាំ​នេះ​​​ទេ ប៉ុន្តែ​ថែម​ទាំង​​​ក្នុង​រយៈពេល​វែង​ផង​ដែរ​ ដោយសារ​​​ពួក​គេ​​​មិន​មាន​អំណាច​ផ្សព្វផ្សាយ​ម៉ាក​​​យីហោ​ ហើយ​​បណ្ដាញ​ទីផ្សារ​របស់​ពួក​គេ​នៅ​មាន​​កម្រិត។​​

ក្រុម​អ្នក​វិភាគ​ផ្នែក​ទីផ្សារ​​បាន​​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក គួរ​តែ​ចងចាំ​ថា សង្គ្រាម​​ពាណិជ្ជកម្ម​កាន់​តែ​ខ្លាំង​ នឹង​​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ខូចខាត​ដល់​​ប្រទេស ចិន តែ​ម្ខាង​នោះ​ទេ។ អ្នក​វិភាគ​ទាំង​នោះ​​​​​​បន្ថែម​ថា​ វា​​នឹង​​ប៉ះពាល់​​ដល់​ឧស្សាហកម្ម​ និង​កម្មករ​អាមេរិក ព្រម​ទាំង​សេដ្ឋកិច្ច​ពិភព​លោក​​ទាំង​មូល​​ផង​ដែរ​៕ People''s Daily/LA