ភ្នំពេញៈ កម្ពុជា​នឹង​អាច​នាំចេញ​ផ្លែស្វាយ​ជា​ផ្លូវការ​ចំនួន ៥០ ​ម៉ឺន​តោន​ ក្នុង​ ១ ​ឆ្នាំ​ទៅ​កាន់​ប្រទេស​ចិន ខណៈ​ការចុះ​ពិធីសារ​រវាង​ភាគី​ទាំង​ ២ គ្រោង​នឹង​ធ្វើ​នៅ​សប្តាហ៍​ក្រោយ នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​។

បណ្តាញ​សង្គម «​ហ្វេកប៊ុក​» ផ្លូវការ​ពី​ស្ថានទូត​ចិន ប្រចាំ​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​បាន​ផ្សព្វផ្សាយ​ថា ភាគី​ចិន និង​កម្ពុជា​នឹង​រៀបចំ​ផ្លាស់ប្តូរ​ពិធីសារ​នាំ​ផ្លែស្វាយ​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន ដែល​នឹង​រៀបចំ​នៅ​ថ្ងៃទី​ ៩ ខែ​មិថុនា ខាងមុខ​។ ផ្លែស្វាយ​កម្ពុជា​ជា​កសិផល បន្ទាប់ពី​ផ្លែ​ចេក​ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​។ កម្ពុជា​អាច​នាំចេញ​ផ្លែស្វាយ​ដែល​មាន​គុណភាព​ខ្ពស់​ចំនួន ៥០ ​ម៉ឺន​តោន​ ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​ជា​រៀងរាល់ឆ្នាំ​។ ការបើក​ទីផ្សារ​របស់​ចិន​នឹង​អាច​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ផលិតផល​កសិកម្ម​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​ល្អប្រសើរ​។

លោក វេង សាខុន រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ប្រាប់ថា ផ្លែស្វាយ​នឹង​ក្លាយ​ជា​ផ្លែឈើ​ស្រស់​ទី​ ២ របស់​កម្ពុជា​ដែល​ត្រូវ​នាំចេញ​ជា​ផ្លូវការ​ទៅ​ប្រទេស​ចិន បន្ទាប់ពី​ផ្លែ​ចេក​។ លោក​បន្ត​ថា ពិធី​ចុះហត្ថលេខា​លើ​ពិធីសារ​ផ្លូវការ​ក្នុង​ការនាំ​ស្វាយ​ស្រស់​ទៅ​ប្រទេស​ចិន នឹង​ធ្វើ​ឡើង​នៅ​សប្តាហ៍​ក្រោយ​។

លោក​ថ្លែងថា​៖ «​នេះ​ជា​ការបើក​រនាំង​ថ្មី​មួយ​បន្ថែម​ទៀត​ដែល​អាច​ឲ្យ​កម្ពុជា​នាំ​ស្វាយ​ទៅ​ប្រទេស​ចិន​ទៅ​ពេលណា​ក៏បាន​ក្រោយ​ពី​ចុះហត្ថលេខា​រួច​»​។

លោក ម៉ុង ឫទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប​ដែល​កំពុង​វិនិយោគ​លើ​ការដាំដុះ និង​នាំចេញ​ផ្លែស្វាយ​នៅ​កាន់​ប្រទេស​ជាច្រើន​លើ​ពិភពលោក​បាន​និយាយថា ការទទួល​បាន​ការអនុញ្ញាត​ឲ្យ​នាំចេញ​ផ្លែស្វាយ​ទៅ​ប្រទេស​ចិន​នឹង​ផលប្រយោជន៍​ជាច្រើន​ដល់​ប្រជាជន​អ្នក​ដាំដុះ អ្នកវិនិយោគ និង​សេដ្ឋកិច្ចជាតិ​។

លោក​បន្តថា ចិន​មិន​ត្រឹមតែ​ជា​ទីផ្សារ​ធំ​ប៉ុណ្ណោះ​ទេ តែ​ការដឹកជញ្ជូន​ទៅ​ទីនោះ​ក៏មាន​ភាពងាយស្រួល​ផងដែរ បើ​ធៀប​នឹង​ការនាំ​ចេញ​ទៅ​ទីផ្សារ​តំបន់​អឺរ៉ុប​។ បច្ចុប្បន្ន​ក្រុមហ៊ុន​លោក​កំពុង​នាំចេញ​ផ្លែស្វាយ​ទៅ​លក់​នៅ​ប្រទេស​ជាច្រើន​នៅក្នុង​តំបន់​អឺរ៉ុប និង​រុស្ស៊ី​ផងដែរ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ពិតជា​រីករាយ​ដែល​កម្ពុជា​អាច​នាំចេញ​ស្វាយ​ជា​ផ្លូវការ​ទៅកាន់​ប្រទេស​ចិន​។ ខ្ញុំ​នឹង​ពង្រីក​ការដាំដុះ​បន្ថែម​នៅពេល​ដែលមាន​ទីផ្សារ​ពិតប្រាកដ​»​។

លោក​ឲ្យ​ដឹង​ទៀតថា កាលពី​ព្រឹក​មិញ​ (​ថ្ងៃ​ព្រហស្បតិ៍​) តំណាង​ខាង​ស្ថានទូត​ប្រទេស​ចិន​ក៏​បាន​ទូរស័ព្ទ​មក​លោក និង​បាន​ប្រាប់​លោក​ឲ្យ​រៀបចំ​ឯកសារ​យកឈ្មោះ​ក្រុមហ៊ុន​ទៅ​ចុះបញ្ជី​នៅ​ក្រសួង​កសិកម្ម ដើម្បី​មាន​ឱកាស​ចូលរួម​ក្នុង​ការនាំចេញ​ផ្លែស្វាយ​ទៅ​ប្រទេស​ចិន​ឲ្យ​បាន​កាន់តែ​ច្រើន​។

លោក វណ្ណ ឫទ្ធី ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន Angkor Mango ដែល​តែង​នាំចេញ​ផ្លែស្វាយ​ស្រស់​ទៅកាន់​ប្រទេស​ថៃ និង​តំណាប់​ស្វាយ​ទៅ​ប្រទេស​ជប៉ុន បាន​និយាយ​ថា ការបើក​ឲ្យ​មាន​ការនាំចេញ​ផ្លែស្វាយ​វា​មិន​ត្រឹមតែ​ជួយ​លើកកម្ពស់​តម្លៃ​ផ្លែស្វាយ​កម្ពុជា និង​បង្កើន​ប្រាក់ចំណូល​សម្រាប់​ប្រជាកសិករ​ដាំដុះ​ប៉ុណ្ណោះ​ទេ តែ​វា​ថែម​ទាំង​ទាក់ទាញ​ឲ្យ​មាន​ការចូលមក​វិនិយោគ​លើ​វិស័យនេះ​កាន់តែ​ច្រើន​ផងដែរ​។ លោក​បញ្ជាក់ថា​៖ «​ចិន ជា​ទីផ្សារ​ធំ ហេតុនេះ​បើ​គេ​អនុញ្ញាត​ឲ្យ​យើង​នាំចូល​ផ្លែស្វាយ​ដោយផ្ទាល់​នោះ​គឺជា​ការប្រសើរ​ណាស់​»​។

បើ​តាម​លោក ឫទ្ធី តម្លៃ​ផ្លែស្វាយ​នា​អំឡុង​ប្រមូលផល​ដែល​ទើប​បញ្ចប់​ថ្មីៗ​នេះ បាន​ធ្លាក់​ចុះ​យ៉ាងច្រើន ដោយ​តម្លៃ​ក្នុង​ ១ ​គីឡូក្រាម​ស្ថិតនៅ​ចន្លោះ​ពី ២០០ ​រៀល​ទៅ​ ៣០០ ​រៀល​ប៉ុណ្ណោះ ខណៈ​កាលពី​ចុង​ឆ្នាំ​ ២០១៩ មានតម្លៃ​ ១ ៤០០ ​រៀល​ទៅ ១ ៥០០ ​រៀល​។

លោក​អះអាង​ថា​៖ «​ការ​មិនមាន​ទីផ្សារ​ច្បាស់លាស់ ព្រមជាមួយ​នឹង​ការ​រឹតបន្តឹង​នៅតាម​ព្រំដែន​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ គឺជា​មូលហេតុ​ចម្បង​ធ្វើឲ្យ​តម្លៃ​ផ្លែស្វាយ​ធ្លាក់ចុះ​យ៉ាងច្រើន​នា​រដូវ​ប្រមូលផល​កន្លងមក​»​។

កាលពី​ខែ​មករា ឆ្នាំ​ ២០២០ កម្ពុជា និង​កូរ៉េ​ខាង​ត្បូង​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​គ្នា​ក្នុង​ការអនុញ្ញាត​ឲ្យ​កម្ពុជា​នាំចេញ​ផ្លែស្វាយ​ដោយផ្ទាល់​ទៅកាន់​ប្រទេស​កូរ៉េ តាមរយៈ​ក្រុមហ៊ុន Hyundai Mao Legacy Co., Ltd​។

របាយកាណ៍​ក្រសួង​កសិកម្ម​បាន​ឲ្យ​ដឹងថា នៅ​រយៈពេល​ ៥ ​ខែ ឆ្នាំ​ ២០២០ នេះ​កម្ពុជា​បាន​នាំចេញ​ផ្លែស្វាយ​ស្រស់ ៤៤ ០៩៩ តោន​ កើនឡើង ១៤ ៨៨៥ ​តោន​ ស្មើនឹង​ ៥០,៩៥ ​ភាគរយ ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

កាលពី​ឆ្នាំ​ ២០១៩ កម្ពុជា​នាំចេញ​ផ្លែស្វាយ​ស្រស់​ចំនួន ៥៨ ១៦២ តោន​ ទៅកាន់​ប្រទេស​ចំនួន​ ៥ រួមមាន ថៃ វៀតណាម សិង្ហបុរី បារាំង រុស្ស៊ី និង​ទីក្រុង​ហុងកុង​។ នេះ​បើ​យោង​តាម​របាយការណ៍​ក្រសួង​កសិកម្ម​៕ LA