ភ្នំពេញៈ​ ក្រុម​ហ៊ុន​ចិន​ចំ​នួន​ ៣ ​បាន​បង្ហាញ​ពី​គម្រោង​វិ​និ​យោគ​ទី​ក្រុង​រណប​ថ្មី​មួយ​នៅ​ក្រុង​ បា​វិត​ ខេត្ត​ ស្វាយ​រៀង ​ជា​គម្រោង​វិ​និ​​យោគ​ថ្មី​មួយ​ទៀត​របស់​វិនិ​យោ​គិន​ចិន​នៅ​កម្ពុជា ​ខណៈ​គម្រោ​ង​​ធំ​ៗ​ស្រ​ដៀង​គ្នា​នេះ​ក៏​ត្រូវ​​បាន​ប្រ​កាស​​ជា​បន្ត​បន្ទាប់​ផង​​ដែរ​នា​ពេល​កន្លង​មក​។

បើ​ទោះ​បី​យ៉ាង​នេះ​ក្តី ​អា​ជ្ញា​ធរ​​ក្រុង​បា​វិត​និ​យាយ​ថា ​លោក​មិន​​ដែល​បាន​ដឹង​ព័ត៌​មាន​ណា​មួយ​ទាក់​ទង​នឹង​គម្រោង​ទី​ក្រុង​រណប​នៅ​ក្រុង​បា​វិត​ នោះ​ទេ​មក​ដល់​ពេល​នេះ​។

នេះ​មិន​មែន​លើក​ទី​មួយ​ទេ​ ដែល​គម្រោង​ធំ​ៗ​របស់​ចិន​ត្រូវ​បាន​ប្រ​កាស​ឡើង​ ខណៈ​អា​ជ្ញា​ធរ​មូល​ដ្ឋាន​មិន​បាន​ដឹង​​ពី​គម្រោង​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ទឹក​ដី​របស់​ពួក​គេ​។

​ក្រុម​ហ៊ុន​ចិន​ចំនួន​ ៣ រួម​មាន Empire World City ក្រុម​ហ៊ុន Bauing និង​ក្រុម​ហ៊ុន​ CFMA បាន​ចុះ​កិច្ច​ព្រម​​ព្រៀង​ជា​មួយ​គ្នា​ដើ​ម្បី​ក​សាង​​ក្រុង​រណប​​នៅ​ក្រុង​បា​វិត​លើ​ផ្ទៃ​ដី​ ៨០៣ ​​ហិក​តា​។​ នេះ​បើ​តាម​គេ​ហ​ទំ​ព័រ​ CNE​។

ទោះ​បី​យ៉ាង​នេះ​ក្តី ​អភិ​បាល​ក្រុង​បា​វិត​លោក​ សេង ​សី​លា បាន​ប្រាប់​ភ្នំ​ពេញប៉ុស្តិ៍​ថា លោក​មិន​ទាន់​ទទួល​បាន​ព័ត៌​មាន​ ឬ​ឯក​សារ​ជា​ផ្លូវ​ការ​ពី​ផែន​ការ​អភិ​វឌ្ឍ​​ន៍​ក្រុង​រណប​​នៅ​ក្រុង​បា​វិត​ទេ។

លោក​ថ្លែង​ថា៖​ «​សម្រាប់​ខ្ញុំ​ដែល​ជា​អា​ជ្ញា​ធរ​ដែន​ដី​រហូត​មក​ដល់​ពេល​នេះ គឺ​មិន​ទាន់​ទទួល​បាន​លិ​ខិត​ផ្លូវ​ការ​ពី​គម្រោង​អភិ​វឌ្ឍន៍​​ក្រុង​រណប​​នៅ​ក្រុង​បា​វិត​ទេ​»។

បើ​តាម​លោក សេង សីលា ​បច្ចុ​ប្បន្ន​នៅ​ក្រុង​បា​វិ​ត​មាន​វិ​និ​យោ​គិន​ចិន​​ជា​ច្រើន​កំ​ពុង​វិ​និ​យោគ​នៅ​ទី​នោះ​ដែល​មាន​​ដូច​ជា​សណ្ឋា​គារ ​កា​ស៊ី​ណូ​ និង​រោង​​ចក្រ​កាត់​ដេរ​ជា​ដើម​។

ខណៈ​ អា​ជ្ញា​ធរ​អះ​អាង​ថា​ មិន​ទាន់​បាន​ដឹង​ពី​គម្រោង​នេះ​ក្តី ប៉ុ​ន្តែ​ព័ត៌​មាន​ត​គ្នា​ពី​ការ​វិ​និ​យោ​គ​នេះ​បាន​និង​កំ​ពុង​ជំ​រុញ​ឲ្យ​តម្លៃ​ដី​នៅ​ក្រុង​បា​វិត​ចាប់​ផ្តើម​ហក់​ឡើង​ក្នុង​រយៈ​ពេល​ប៉ុ​ន្មាន​ខែ​ចុង​ក្រោយ​នេះ។

លោក ​គីម​ ហ៊ាង ​​ប្រ​ធាន​សមា​គម​អ្នក​វាយ​តម្លៃ​ និង​​ភ្នាក់​ងារ​អ​ច​ល​ន​វត្ថុ​កម្ពុជា​បាន​និ​យាយ​ថា ​តម្លៃ​ដី​នៅ​ក្រុង​បា​វិត​បាន​ស្ទុះ​ងើប​ឡើង​យ៉ាង​​លឿន​នា​រយៈ​ពេល​ ៣-៤ ​ខែ​ចុង​ក្រោយ​នេះ ដោយ​កន្លែង​ខ្លះ​បាន​​ឡើង​ ២-៣ ​ដង​ បើ​ធៀប​​នឹង​​កាល​ពី​ចុង​ត្រី​មាស​​ទី​ ២ ឆ្នាំ​ ២០១៨​ នេះ​​​។​

លោក​​ថ្លែង​ថា៖​ «​សម្រាប់​​ខ្ញុំ​តម្លៃ​ដី​នៅ​ក្រុង​បា​វិត​ដែល​កើន​ឡើង​លឿន​​​ពេល​នេះ​គឺ​ដោយ​​សារ​តែ​មនុស្ស​ជ្រួល​តាម​គ្នា នៅ​ពេល​​ឮ​ដំ​ណឹង​​ថា​ជិត​មាន​គម្រោង​សាង​សង់​ធំ​ៗ​ទៅ​កាន់​ទី​នោះ​»។​

​តាម​លោក ​គីម ​ហ៊ាង​បច្ចុ​ប្បន្ន​ដី​នៅ​តំ​បន់​ក្បែរ​កា​ស៊ី​ណូ​មាន​តម្លៃ​ប្រ​ហែល​​ ១ ០០០ ​ដុល្លារ​ក្នុង ​១ ​ម៉ែត្រ​កា​រ៉េ ចំ​ណែក​ដី​លំ​នៅ​ឋាន​មាន​តម្លៃ​ជា​មធ្យម​ជាង​ ១០០ ​ដុល្លារ​។ ​ដី​ស្រែ​​ដែល​កាល​ពី​ចុង​ត្រី​មាស​ទី​ ២ ​មាន​តម្លៃ​ចន្លោះ​ពី​ ១០-១៥ ​ដុល្លារ​ក្នុង​១​ម៉ែត្រ​កា​រ៉េ​ ​​ពេល​នេះ​បាន​កើន​ដល់​ចន្លោះ​ពី​ ៤០-​៥០ ​ដុល្លារ​។

តំ​ណាង​ក្រុម​ហ៊ុន ​Empire World City បាន​ឲ្យ​ដឹង​​ថា ក្រុង​រ​ណប​នឹង​ចាប់​ផ្តើម​សាង​សង់​នៅ​ចុង​ឆ្នាំ​ ២០១៨ ​នេះ​ហើយ​ត្រូវ​បាន​​ចែក​​ជា​ ៣ ​​ដំ​ណាក់​កា​ល​​ដោយ​ដំ​ណាក់​កាល​ទី​ ១ នឹង​​សាង​​សង់​លើ​ផ្ទៃ​ដី​ ៥០ ​ហិ​ក​តា​រួម​មាន​កា​ស៊ី​ណូ ​សណ្ឋា​គារ លំ​នៅ​ឋាន កន្លែង​លម្ហែ​មជ្ឈ​​មណ្ឌល​ពា​ណិជ្ជ​កម្ម និង​​កន្លែង​លេង​កី​ឡា​ជា​ដើម។ នេះ​បើ​តាម CNE។ គម្រោង​ដែល​​មិន​បង្ហាញ​ពី​តម្លៃ​វិ​និ​យោគ​នេះ​នឹង​​ត្រូវ​ចំ​ណាយ​ពេល​ចន្លោះ​​ពី​​​ ៥ ​ឆ្នាំ​ទៅ​​ ១៥ ​​ឆ្នាំ​ក្នុង​ការ​បញ្ចប់​​។

លោក​ គីម ​ហ៊ាង​ បាន​ឲ្យ​ដឹង​ថា កាល​ពី​អំ​ឡុង​ឆ្នាំ​ ២០០៦ ​ក្រុង​បា​វិត​ក៏​ធ្លាប់​ត្រូវ​បាន​ក្រុម​ហ៊ុន​​មួយ​មក​​ពី​ប្រ​ទេស​ម៉ា​ឡេ​ស៊ី​ ប្រ​កាស​ពី​ផែន​ការ​អភិ​វឌ្ឍន៍​ក្រុង​រណប​ដែល​មាន​ផ្ទៃ​ដី​រហូត​​ដល់​ ១០០០ ​ហិក​តា​ដែរ ប៉ុ​ន្តែ​មិន​បាន​កើត​ឡើង​ទេ​រហូត​មក​ដល់​ពេល​​នេះ។

មាន​គម្រោង​អភិ​វឌ្ឍន៍​ធំ​ៗ​​ជា​ច្រើន​របស់​ចិន​ត្រូវ​បាន​ប្រ​កាស​​​នៅ​កម្ពុជា​ មាន​ដូច​ជា​គម្រោង​ Wisney World ដែល​មាន​តម្លៃ​ជាង​​ ១ ពាន់​​​​លាន​ដុល្លារ​ស្ថិត​នៅ​ក្នុង​ខេត្ត​ព្រះ​សី​ហ​នុ ​គម្រោង​ «ក្រុង​វិ​ស្សម​កាល​ទេស​ចរ​» ស្ថិត​ក្នុង​ខេត្ត​កោះ​កុង​​តម្លៃ​ ១,២ ពាន់​​លាន​ដុល្លារ ​និង​គម្រោង​ TCC Triumph ​នៅ​ភ្នំពេញ ដែល​មាន​តម្លៃ​ ១ ​ពាន់​លាន​​ដុល្លារ៕LA