ក្រុងស៊ាងហៃៈ ប្រទេស ចិន កាលពីថ្ងៃព្រហស្បតិ៍បានផ្ដល់អាជ្ញាប័ណ្ណពាណិជ្ជកម្មប្រព័ន្ធ 5G ដល់ក្រុមហ៊ុនក្នុងស្រុកចំនួន ៤ ដែលជាវិធានការដ៏ធំមួយក្នុងគោលបំណងក្លាយជាប្រទេសនាំមុខគេលើពិភពលោកខាងផ្នែកបណ្ដាញអ៊ីនធឺណិតជំនាន់ក្រោយ ចំពេលមានការប្រកួតប្រជែងយ៉ាងខ្លាំងពីអាមេរិក។
5G គឺជាបណ្ដាញប្រព័ន្ធអ៊ីនធឺណិតជំនាន់ក្រោយដែលផ្ដល់ល្បឿនបញ្ជូនទិន្នន័យកាន់តែរហ័ស និងអាចលើកកម្ពស់បច្ចេកវិទ្យានានា ដូចជា ស្វ័យបើកបរ ការវិភាគរោគសញ្ញាវេជ្ជសាស្ដ្រពីចម្ងាយ និងការទូទាត់តាមឧបករណ៍ចល័តជាដើម។
ក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យាចិនបានឲ្យដឹងថា ក្រុមហ៊ុនផ្គត់ផ្គង់ទូរគមនាគមន៍ដែលគ្រប់គ្រងដោយរដ្ឋ China Telecom ក្រុមហ៊ុន China Mobile ក្រុមហ៊ុន China Unicom និងក្រុមហ៊ុន China Broadcasting Network Corporation បានទទួលអាជ្ញាប័ណ្ណពាណិជ្ជកម្មដើម្បីប្រតិបត្តិការសេវាទូរគមនាគមន៍ចល័តអ៊ីនធឺណិតឌីជីថលជំនាន់ទី៥។
លោក Miao Wei រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យាបានថ្លែងថា៖ «បន្ទាប់ពីការចេញអាជ្ញាប័ណ្ណប្រព័ន្ធ 5G យើងនឹងបន្តស្វាគមន៍ក្រុមហ៊ុនបរទេស ដើម្បីចូលរួមយ៉ាងសកម្មនៅក្នុងទីផ្សារ 5G របស់ប្រទេស ចិន ស្វែងរកការអភិវឌ្ឍរួមនៃប្រព័ន្ធ 5G របស់ប្រទេស ចិន និងចែករំលែកសមិទ្ធផលនៃការអភិវឌ្ឍ 5G របស់ប្រទេស ចិន» ។ នេះបើយោងតាមគណនីបណ្តាញសង្គម Weibo របស់ក្រសួង។
ក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេ Huawei របស់ប្រទេស ចិន គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកខាងផ្នែកអភិវឌ្ឍប្រព័ន្ធ 5G ប៉ុន្តែមហិច្ឆតារបស់ខ្លួនបានប្រឈមនឹងបញ្ហាដោយសារអាមេរិក ដែលបានជំរុញឲ្យបណ្ដាប្រទេសផ្សេងទៀតគេចចេញពីក្រុមហ៊ុននេះដោយសារតែការបារម្ភថា ឧបករណ៍ទូរគមនាគមន៍របស់ក្រុមហ៊ុននេះ អាចត្រូវបានប្រើប្រាស់ដោយសេវាព័ត៌មានចារកម្មរបស់ទីក្រុងប៉េកាំង។
ដោយអត្ថាធិប្បាយលើសេចក្ដីប្រកាសរបស់ក្រសួង ក្រុមហ៊ុន Huawei បានឲ្យដឹងថា ខ្លួននឹង «គាំទ្រយ៉ាងពេញលេញ» ដល់ប្រតិបត្តិកររបស់ប្រទេស ចិន នានា ក្នុងការបង្កើតប្រព័ន្ធអ៊ីនធឺណិត 5G។
ក្រុមហ៊ុន Huawei បានឲ្យដឹងនៅលើបណ្តាញសង្គម Weibo ថា៖ «យើងជឿជាក់ថា នៅពេលអនាគតដ៏ខ្លី ប្រព័ន្ធ 5G របស់ប្រទេស ចិន នឹងនាំមុខគេនៅលើពិភពលោក»។
ក្រុមហ៊ុន Vivo ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទផ្សេងទៀតរបស់ប្រទេស ចិន បានបញ្ជាក់ថា ទូរស័ព្ទចល័តដែលមានប្រព័ន្ធ 5G របស់ខ្លួន ត្រៀមខ្លួនរួចហើយសម្រាប់ការសាកល្បងបណ្ដាញអ៊ីនធឺណិតនេះ ហើយនឹងដាក់លក់នៅពេលដែលការសាកល្បងត្រូវបានបញ្ចប់៕ AFP/LA