ភ្នំពេញៈ ចំណូលសរុបរបស់កំពង់ផែស្វយ័តភ្នំពេញដែលចុះបញ្ជីក្នុងផ្សារហ៊ុនកម្ពុជានៅត្រីមាសទី ៤ ឆ្នាំ ២០១៧ កើនឡើងជាង ១៨ ភាគរយបើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៦។ នេះបើយោងតាមរបាយការណ៍ដែលបង្ហាញនៅលើផ្សារហ៊ុន។
របាយកាណ៍បង្ហាញថា ក្នុងអំឡុងពេលនេះកំពង់ផែរកចំណូលបានសរុប ៤,៨ លានដុល្លារ កើនឡើង ១៨,៣០ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៦។
ចំណូលនេះបានមកពីផលិតផលអាជីវកម្ម និងសេវាកម្មរបស់កំពង់ផែ ហើយកំណើនដោយសារតែការកើនឡើងនៃបរិមាណកុងតឺន័រ ទំនិញរាយ និងចំណុះនាវា។ នេះបើតាមរបាយការណ៍។
របាយការណ៍ដដែលបង្ហាញថា កំណើនប្រាក់ចំណូលនេះបានជំរុញទាំងប្រាក់ចំណេញប្រតិបត្តិការ និងប្រាក់ចំណេញសុទ្ធរបស់កំពង់ផែស្វយ័តភ្នំពេញមួយនេះឲ្យមានការកើនឡើងផងដែរ។
នៅត្រីមាសទី ៤ ឆ្នាំ ២០១៧ កំពង់ផែភ្នំពេញទទួលបានប្រាក់ចំណេញប្រតិបត្តិការ ១,៨ លានដុល្លារ កើនឡើង ៤២ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៦ ខណៈប្រាក់ចំណេញសុទ្ធបានកើនឡើងជាង ៦០ ភាគរយរហូតដល់ ១,៣ លានដុល្លារ។
ដើម្បីរក្សាកំណើននេះ កំពង់ផែភ្នំពេញបានឲ្យដឹងថា ក្រុមហ៊ុននៅតែបន្តយកចិត្តទុកដាក់ក្នុងការប្រើប្រាស់សេវាប្រតិបត្តិការសេវាផែប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។
កំពង់ផែនៅមិនទាន់បង្ហាញរបាយការណ៍ចំណូលពេញមួយឆ្នាំ ២០១៧ នៅឡើយទេ។
កំពង់ផែភ្នំពេញ ជាសហគ្រាសរដ្ឋទី ២ ដែលចុះបញ្ជីក្នុងផ្សារហ៊ុនកម្ពុជា៕