ភ្នំពេញ: ការប្រមូល​ចំណូល​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៅតែ​រក្សា​កំណើន​ល្អ​ដោយ​សម្រេចបាន​ជាង​ ២,២ ​ពាន់​លាន​ដុល្លារ​ ក្នុង​ត្រីមាស​ទី​៣ (​ខែកក្កដា-កញ្ញា​) ​ឆ្នាំ​ ២០២០ ​កើន​ជិត​ ៤ ​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ទោះបី​ការរីករាលដាល​ជំងឺ​កូវីដ​១៩​បាន​ជះឥទ្ធិពល​អវិជ្ជមាន​យ៉ាងខ្លាំង​ដល់​អាជីវកម្ម​នានា​ក៏ដោយ​។

របាយការណ៍​នៃ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ចំណូល​ពន្ធដារ​ប្រចាំ​ខែកញ្ញា និង​ត្រីមាស​ទី​៣ ឆ្នាំនេះ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​កាលពី​ថ្ងៃ​ចន្ទ​បានឱ្យ​ដឹងថា ចំណូល​ពន្ធអាករ​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូលបាន​មាន​ចំនួន ២ ២២៥,៩៥ លាន​ដុល្លារ​ ក្នុង​ឆ្នាំ​ ២០២០ កើន ៨០,៣១ ​លាន​ដុល្លារ​ ស្មើនឹង ៣,៧១ ​ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ដោយឡែក​សម្រាប់​ខែកញ្ញា ឆ្នាំនេះ​ការប្រមូល​ចំណូល​ពន្ធ​អាករ​គ្រប់​ប្រភេទ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​សម្រេច​បាន​ចំនួន ១៨៦,២២ ​លាន​ដុល្លារ ថយចុះ​ប្រមាណ​ ៤២,៩៨ ​លាន​ដុល្លារ​ ស្មើនឹង​ ១៨,៧៥ ​ភាគរយ​ធៀប​នឹង​ខែកញ្ញា​ឆ្នាំមុន​។

លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ឱ្យ​ដឹងថា ឥទ្ធិពល​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ បាន​ធ្វើឱ្យ​ប៉ះពាល់​ជា​អវិជ្ជមាន​លើ​ចំណូល​ពន្ធ ជាពិសេស​ប្រភេទ​ពន្ធ​ក្នុង​វិស័យ​សំខាន់ៗ​ក្នុង​ត្រីមាស​ទី​៣ ​នេះ​។

លោក វិបុល បាន​រំឭក​ដល់​ប្រធាន​អង្គភាព​ក្រោម​ឱវាទ​ទាំងអស់​ត្រូវ​ពង្រឹង​កិច្ចសហការ​រវាង​អង្គភាព និង​អង្គភាព​ចំណុះ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​ក្រសួង ស្ថាប័ន ក្នុង​ន័យ​បង្កើន​ប្រសិទ្ធភាព និង​តម្លាភាព​នៃ​ការប្រមូល​ចំណូល​ក្នុង​វិស័យ​ពន្ធដារ​ឱ្យមាន​ប្រសិទ្ធភាព​។

លោក​ថ្លែងថា​៖ «​បើទោះ​ជា​មាន​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច​ដែល​ជះឥទ្ធិពល​ពី​ជំងឺ​កូវីដ​ ១៩ មន្ត្រី​អគ្គនាយកដ្ឋាន​ពន្ធដារ​ទាំងអស់​ត្រូវ​បន្ត​ពង្រឹង​ផែនការ​សកម្មភាព​បន្ថែម និង​ពង្រឹង​ផែនការ​អន្តរាគមន៍​បន្ទាន់​របស់​រដ្ឋាភិបាល ដើម្បី​ទ្រទ្រង់​វិស័យ​ទេសចរណ៍ អាកាសចរណ៍ កសិកម្ម ការចិញ្ចឹម​សត្វ និង​វិស័យ​កម្មន្តសាល​ទូទៅ ព្រមទាំង​ពង្រឹង​វិធានការ​នានា ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​»​។

លោក គង់ វិបុល ក៏បាន​ណែនាំ​ឱ្យ​គ្រប់​អង្គភាព​ទាំងអស់​បន្ត​ខិតខំ​ពង្រឹង​ការអនុវត្ត​ច្បាប់ និង​វិន័យ​ការងារ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ត្រូវមាន​ភាពទន់ភ្លន់​ម៉ឺងម៉ាត់​។

លោក​ថ្លែងថា​៖ «​ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព​ក្នុង​ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ និង​ឈានទៅ​សម្រេចបាន​តាម​ផែនការ​ដែល​បានកំណត់ អគ្គនាយកដ្ឋាន​ពន្ធដារ​នឹង​បន្ត​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ និង​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​ថែមទៀត​នូវ​គោលនយោបាយ​កែទម្រង់​ស៊ីជម្រៅ​របស់​រដ្ឋាភិបាល​»​។

យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​កាលពី​ឆ្នាំ​ ២០១៩ ចំណូល​ពន្ធអាករ​ដែល​ប្រមូលបាន​មាន​ចំនួន ២ ៨១៩,៣៣ លាន​ដុល្លារ​ កើន ២៨,២៨ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ២០១៨ ​មាន​ចំនួន​ ២១៩៧,៨៥ ​លាន​ដុល្លារ​។

របាយការណ៍​នេះ​បាន​ឱ្យដឹង​ទៀតថា​ក្នុង​ឆ្នាំ​ ២០១៩ ការប្រមូល​ចំណូល​អាករ​លើ​តម្លៃ​បន្ថែម​បាន​កើនឡើង ៣១,០៥ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ២០១៨​។ ចំណែក​ការប្រមូល​ចំណូល​តាមរយៈ E-VAT រួមជាមួយ​វិធានការ ពន្ធដារ​សំខាន់​ផ្សេងៗ​ទៀត​បាន​កើនឡើង ២៨,៤៧ ភាគរយ អាករ​ពិសេស​កើន ៣០,៧២ ភាគរយ ពន្ធ​ប្រថាប់ត្រា​កើន​ ៤៣,៧៣ ភាគរយ ពន្ធ​លើ​ប្រាក់បៀវត្សរ៍​កើន ១៨,២១ ​ភាគរយ និង​ពន្ធ​លើ​ឈ្នួល​ដី និង​ផ្ទះ​កើន​ ៦៨,២០ ​ភាគរយ​៕LA