ភ្នំពេញៈ កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ​ (PPAP) ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា​ (CSX) ​បាន​រាយការណ៍​ពី​ប្រតិបត្តិការ​អាជីវកម្ម​ដ៏រឹងមាំ​របស់ខ្លួន​ក្នុង​ត្រីមាស​ទី​ ១ ​ឆ្នាំ​នេះ ដោយ​ប្រាក់​ចំណូល​បាន​កើនឡើង​ជិត ៣០ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​។

យោង​របាយការណ៍​ហិរញ្ញវត្ថុ​ដែល​មិនទាន់​ធ្វើ​សវនកម្ម​របស់ PPAP ផ្ញើ​ទៅ CSX កាលពី​ថ្ងៃ​អង្គារ​បាន​ឲ្យ​ដឹងថា សម្រាប់​ត្រីមាស​ទី​ ១ ​នេះ​កំពង់ផែ​រកបាន​ប្រាក់​ចំណូល ៧,៦១ ​លាន​ដុល្លារ​​ កើនឡើង ២៩,៦៤ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ចំនួន ៥,៨៧ ​លាន​ដុល្លារ​។

តួលេខ​លម្អិត​នៃ​លទ្ធផល​អាជីវកម្ម និង​សេវាកម្ម​នៅ​ត្រីមាស​ទី​ ១ របស់​កំពង់ផែ​នេះ​គឺ​បាន​មកពី​ការដឹកជញ្ជូន​ទំនិញ និង​ឧស្ម័ន ប្រេងឥន្ធនៈ កើនឡើង ៣ ​ភាគរយ ការដឹក​ទំនិញ​កើនឡើង​ ១៤ ​ភាគរយ កុងតឺន័រ​កើនឡើង​ ២៦ ​ភាគរយ​។ ប៉ុន្តែ​ចំនួន​អ្នកដំណើរ​តាមរយៈ​កំពង់ផែ​បាន​ធ្លាក់ចុះ​ ២២ ​ភាគរយ និង​ចំនួន​ទូក​ដឹក​អ្នកដំណើរ​ក៏បាន​ធ្លាក់ ៧ ​ភាគរយ​ផងដែរ​។

PPAP គឺជា​កំពង់ផែ​ ១ ​ក្នុង​ចំណោម​កំពង់ផែ​អន្តរជាតិ​ ២ ​ក្នុង​ប្រទេស​ កម្ពុជា និង​ជា​ប្រតិបត្តិករ​កំពង់ផែ​តាម​ទន្លេ​ឈានមុខ​គេ​ដែល​បាន​ចុះបញ្ជី​នៅ CSX កាលពី​ខែធ្នូ​ឆ្នាំ​ ២០១៥​។ PPAP ប្រតិបត្តិការ​ចំណត​អ្នក​ដំណើរ​សំខាន់ៗ​ ៤ គឺ​ ១. ​ចំណត​កុងតឺន័រ (LM17) ២. ​ចំណត​ពហុគោលបំណង (TS3) ៣. ចំណត​អ្នកដំណើរ (TS1) និង​ ៤. ​ចំណត​ទន្លេ​បិទ (UM2)​។

លោក Jong Weon Ha អនុប្រធាន CSX បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ការជួញដូរ​នៅ​ផ្សារហ៊ុន​កម្ពុជា​កំពុង​កើនឡើង​បន្តិច បន្ទាប់ពី​ផលប៉ះពាល់​ដោយសារ​តែ​កូវីដ​១៩ ដែល​បាន​កើតឡើង​ក្នុង​រយៈពេល​ ២ ​ខែ​ចុង​ក្រោយនេះ​។

លោក​ថ្លែងថា​៖ «​ទីផ្សារ​របស់​យើង​បាន​មើលឃើញ​ភាព​ល្អប្រសើរ​បន្តិច​ដោយ​សន្ទស្សន៍​ផ្សារហ៊ុន​របស់​យើង​បាន​កើន​ពី​ ៥៩០,២៩ កាលពី​ថ្ងៃ​ទី​ ១ ខែ​មេសា ដល់ ៥៩៣,១០ ​កាលពី​ថ្ងៃទី​ ១០ ខែមេសា ដែល​ស្មើនឹង​ ០,៤៨ ​ភាគរយ​។ ដូចដែល​អ្នក​មើលឃើញ​អ៊ីចឹង ដរាប​ណា​យើង​មាន​ក្រុមហ៊ុន​ចុះបញ្ជី​កាន់តែ​ច្រើន ទំហំ​ជួញដូរ​បាន​រក្សា​ការកើនឡើង​»​។

លោក​លើកឡើង​បន្ត​ទៀត​ថា​៖ «​ខ្ញុំ​ជឿថា ក្រុមហ៊ុន​ទាំងនោះ​នឹង​បង្កើន​សន្ទនីយភាព​ទីផ្សារ​របស់​យើង បង្កើន​ទំហំ​ជួញដូរ​ប្រចាំ​ថ្ងៃ​របស់​យើង និង​ដើរតួ​យ៉ាង​ល្អ​ក្នុង​ការផ្ដល់​សញ្ញា​ថា វា​ជា​ពេលវេលា​ត្រឹមត្រូវ​សម្រាប់​ក្រុមហ៊ុន​ដែល​មិនទាន់​បាន​ចុះបញ្ជី​នៅ CSX ដើម្បី​ចាប់ផ្ដើម​រៀបចំ​ផែនការ​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​លើកដំបូង (IPO)»​។

យោង​តាម​របាយការណ៍​ប្រចាំ​ថ្ងៃ សន្ទស្សន៍ CSX ​បាន​កើន​សាជាថ្មី​ពី ៦០៣,៧៣ ​ពិន្ទុ​ដល់​ជិត ៦១២,៣៧ ​ពិន្ទុ​កាលពី​ថ្ងៃ​ពុធ បន្ទាប់ពី​ការប្រែប្រួល​គួរ​ឲ្យ​កត់សម្គាល់​នៅ​ខែ​ចុងក្រោយ​នេះ​។ វា​បាន​កើនឡើង​ ១,៤៣ ​ភាគរយ​ធៀប​នឹង​ការបិទ​ការជួញដូរ​កាលពី​ថ្ងៃ​អង្គារ​។

ភាគហ៊ុន​របស់​ក្រុមហ៊ុន​ចុះបញ្ជី ៣ ​ក្នុងចំណោម ៥ ​ដែល​រួមមាន​របស់​ក្រុមហ៊ុន PPAP បាន​កើនឡើង​ ១៣ ៨០០ ​រៀល​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ (PAS) កើនឡើង ២ ៣៧០ ​រៀល និង​ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ (GTI) បាន​កើនឡើង ​៤ ០៦០​ រៀល​។

ទន្ទឹម​នឹងនេះ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP) ​រក្សា​ការមិន​ផ្លាស់ប្តូរ​ជាមួយ​នឹង​តម្លៃ​ជួញដូរ​ ២ ៣៧០ ​រៀល និង​រដ្ឋាករទឹក​ភ្នំពេញ (PWSA) ក៏​មិន​ផ្លាស់ប្តូរ​ដែរ និង​មាន​តម្លៃ​សរុប​ ៥ ៩៦០​ រៀល​៕ LA