ក្រុងញូវយ៉កៈ អាជីវកម្ម​ផ្នែក​ឧស្សាហកម្ម​តន្រី្ដ​របស់​ពិភពលោក​បាន​កើនឡើង​ខ្ពស់​បំផុត​រហូត​ដល់​ ៨,១ ​ភាគរយ​កាលពី​ឆ្នាំ​ ២០១៧ ខណៈ​ការលក់​តាម​ឌីជីថល​លើក​ដំបូង​រក​បាន​ប្រាក់ចំណេញ​ភាគច្រើន​ដោយសារ​តែ​កំណើន​ការចាក់​ផ្សាយ​ចម្រៀង​។

សហព័ន្ធ​អន្តរជាតិ​នៃ​ឧស្សាហកម្ម​ថាស​ចម្រៀង (IFPI) បាន​ឲ្យ​ដឹង​នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ថា ការលក់​តន្ត្រី​តាម​ឌីជីថល​តម្លៃ​សរុប ១៧,៣ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៧ ដែល​ស្មើ​នឹង​ការលក់​ថាស​ចម្រៀង​ទូទាំង​ពិភពលោក​។

លោក Frances Moore អគ្គនាយក​ឧស្សាហកម្ម​នេះ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ក្នុង​សន្និសីទ​តាម​ទូរស័ព្ទ​ថា កំណើន​ ៨,១ ​ភាគរយ​បង្ហាញ​កំណើន​ ៣ ​ឆ្នាំ​ជាប់ៗ​គ្នា ហើយ​ជា​ល្បឿន​លឿន​បំផុត​ចាប់​តាំងពី​សហព័ន្ធ​អន្តរជាតិ​នៃ​ឧស្សាហកម្ម​ថាស​ចម្រៀង (IFPI) បាន​ចាប់ផ្ដើម​ប្រមូល​ទិន្នន័យ​។

លោក​ Moore បន្ត​ថា ប៉ុន្តែ​ឧស្សាហកម្ម​នេះ​នៅ​តែ​មាន​ប្រហែល ១ ​ភាគ​ ៣ នៃ​តម្លៃ​ដែល​ខ្លួន​មាន​កាលពី​ទសវត្សរ៍ ១៩៩០ មុន​ពេល​ការកើនឡើង​អ៊ីនធឺណិត និង​ផលប៉ះពាល់​ដោយសារ​ថាស​ចម្រៀង​លួច​ចម្លង​ដែល​បាន​នាំ​ឲ្យ​អាជីវកម្ម​តន្ត្រី​ស្ថិត​ក្នុង​ការ​ធ្លាក់​ចុះ​រយៈពេល​ ១៥ ​ឆ្នាំ​។

ការកើនឡើង​ជាថ្មី​គឺ​ស្ទើរ​តែ​ទាំង​ស្រុង​ដោយសារ​តែ​កំណើន​រហ័ស​នៃ​សេវា​ចាក់​តន្ត្រី​តាម​អនឡាញ​ដែល​រួមមាន​កម្មវិធី​តន្ដ្រី Spotify កម្មវិធី​តន្ដ្រី Deezer និង​កម្មវិធី​តន្ដ្រី Apple Music ​ដែល​បាន​ផ្ដល់​ដល់​ឧស្សាហកម្ម​នេះ​នូវ​ប្រភព​ប្រាក់​ចំណូល​ថ្មី​។

របាយការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា​ប្រជាជន ១៧៦ លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​បាន​ចំណាយ​ប្រាក់​សម្រាប់​ការទិញ​ការ​ស្តាប់​តន្ត្រី​តាម​អនឡាញ​ត្រឹម​ចុង​ឆ្នាំ​ ២០១៧​។

ការលក់​ថាស​ចម្រៀង​បាន​ធ្លាក់​ចុះ​ជាថ្មី ប៉ុន្តែ​តាម​ទស្សន​វិជ្ជមាន​គឺ​ការថត​ថាស​ចម្រៀង​នៅ​រក្សា​ចំណែក​ទីផ្សារ​មួយ​ទោះ​វា​មាន​ចំណែក​តូច​ក៏ដោយ ក៏​បាន​កើនឡើង ២២,៣ ​ភាគរយ​ផង​ដែរ​ដោយសារ​ការថត​ថាស​ចម្រៀង​នៅ​តែ​អាច​រកឃើញ​ទីផ្សារ​ជាថ្មី​ក្នុង​ចំណោម​អ្នក​ចូលចិត្ត​ស្ដាប់​ចម្រៀង​ភាគច្រើន​៕ LA