ភ្នំពេញៈ ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ហ្គ្រេនធ្វីន ដែល​ចុះបញ្ជី​ក្នុង​ផ្សារហ៊ុន​កម្ពុជា​បានបង្ហាញ​ពី​កំណើន​ប្រាក់ចំណូល ៨៣ ​ភាគរយ​ដល់ ៤៣,៥៣ ​លាន​ដុល្លារ​នៅ​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០១៩ ​នេះ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៨​។ នេះ​បើតាម​របាយការណ៍​ប្រចាំ​ត្រីមាស​ដែល​បាន​ផ្ញើ​ទៅកាន់​ផ្សារហ៊ុន​។

របាយការណ៍​បង្ហាញថា ក្រុមហ៊ុន ហ្គ្រេនធ្វីន ដែល​ផ្គត់ផ្គង់​សម្លៀកបំពាក់​ទៅ​ឲ្យ​ក្រុមហ៊ុន​ធំៗ​នៅ​អឺរ៉ុប ដូចជា Adidas ក៏​ទទួល​បាន​កំណើន​ប្រាក់ចំណេញ​សុទ្ធ​ផង​ដែរ​ក្នុង​អំឡុង​ពេលនេះ​ដោយ​កើនឡើង​ជាង ១២៣ ​ភាគរយ​ រហូតដល់ ២០៥ ៥២០ ​ដុល្លារ​។

លោក យ៉ាង សាវស៊ីន ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្តី​ថ្លែងការណ៍​ដែល​បាន​ផ្ញើ​ទៅកាន់​ផ្សារហ៊ុន​ថា ក្រុមហ៊ុន​នៅតែ​ខិតខំ​បង្កើន​ទំនាក់ទំនង​ជាមួយ​អតិថិជន ពិសេស​ក្រុមហ៊ុន Adidas ដើម្បី​បង្កើន​ការបញ្ជាទិញ​សម្រាប់​ឆ្នាំ​ ២០១៩ ​នេះ​។

លោក​ថ្លែងថា​៖ «​យើង​នឹង​ខិតខំ​បន្ថែម​ទៀត​ដើម្បី​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ក្នុង​ការពង្រឹង​អភិបាលកិច្ច​សាជីវកម្ម​របស់​ក្រុមហ៊ុន ហើយ​នៅតែ​ប្រកាន់​ភ្ជាប់​នូវ​ទស្សនវិស័យ និង​បេសកកម្ម​ដែល​កំណត់​ពី​ឆ្នាំមុនៗ​។ សម្រាប់​ត្រីមាស​បន្ទាប់ ក្រុមហ៊ុន​រំពឹង​ថា​នឹង​ទទួល​បាន​ប្រាក់ចំណេញ​ប្រសើរ​ជាង​ត្រីមាស​ទី​២»​។

របាយការណ៍​បាន​បង្ហាញថា សម្រាប់​រយៈពេល​ ៦ ​ខែ​ គិត​ត្រឹម​ថ្ងៃទី​ ៣០ ខែ ​មិថុនា ឆ្នាំ​ ២០១៩ ក្រុមហ៊ុន ហ្គ្រេនធ្វីន​ទទួល​បាន​ចំណូល​សរុប​ជាង​ ៨០ ​លាន​ដុល្លារ​ កើនឡើង​ ៧០ ​ភាគរយ​ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨ ខណៈ​​ដែល​ប្រាក់ចំណេញ​ក្រោយ​ការបង់ពន្ធ​សម្រេចបាន ៣៧៧ ៨០០ ​ដុល្លារ ​កើនឡើង​ ២១ ​ភាគរយ​៕ LA