ភ្នំពេញៈ ការចរាចរ​ប្រាក់រៀល​នៅក្នុង​សេដ្ឋកិច្ច​កម្ពុជា​គិត​ត្រឹម​ដំណាច់ឆ្នាំ​ ២០១៩ បាន​កើន​ដល់​ប្រមាណ ៣៣ ​ភាគរយ ខណៈ​ប្រាក់​បញ្ញើ​កើន​ដល់​ ៣៧ ​ភាគរយ​។ នេះ​បើតាម​ធនាគារជាតិ​នៃ​កម្ពុជា (NBC)​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ NBC កាលពី​ចុង​សប្តាហ៍​មុន​បាន​សរសេរ​ថា តម្រូវការ​ប្រាក់រៀល​ក្នុង​ទីផ្សារ​បាន​កើនឡើង​ជា​លំដាប់​ដែល​ឆ្លុះបញ្ចាំង​តាមរយៈ​កំណើន​ប្រាក់រៀល​ក្នុង​សេដ្ឋកិច្ច ៣៣ ​ភាគរយ និង​កំណើន​ប្រាក់​បញ្ញើ​ជា​រៀល​មាន​ចំនួន ៣៧ ​ភាគរយ​។ កំណើន​នេះ​បាន​បន្ទាប​កម្រិត​ដុល្លារ​នីយកម្ម​បន្តិច​ (​វាស់​ដោយ​អនុបាត​ប្រាក់​បញ្ញើ​ជា​រូបិយប័ណ្ណ​ធៀប​នឹង​រូបិយវត្ថុ​​ទូទៅ​មក​នៅត្រឹម ៨២,៩ ​ភាគរយ ​ធៀប​នឹង ៨៤,៨ ​ភាគរយ​ កាលពី​ឆ្នាំ​ ២០១៨​។

ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​ ២០១៩ និង​ទិសដៅ​ការងារ​ឆ្នាំ​ ២០២០ របស់​ធនាគារជាតិ​នៃ​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃ​សុក្រ លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​បាន​និយាយថា ការលើក​កម្ពស់​ការប្រើប្រាស់​ប្រាក់រៀល​គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​ដោយ​រហូតមក​ដល់ពេល​នេះ NBC បាន​ធ្វើ​កិច្ចការ​ជាច្រើន​ដើម្បី​ជំរុញ​ការប្រើប្រាស់​ប្រាក់រៀល​។

លោក​បនុ្ត​ថា ជាក់ស្តែង​ក្នុង​ឆ្នាំ​ ២០១៩ កន្លងមក​កម្រិត​នៃ​ដុល្លារ​នីយកម្ម​បាន​ថយចុះ​បន្តិច ប៉ុន្តែ​ចំនួន​នេះ​នៅតែមាន​អត្រា​ខ្ពស់​ដែល​ទាមទារ​ឲ្យ​មាន​ការដាក់​ចេញ​នូវ​ឧបករណ៍​គោលនយោបាយ​ផ្សេងៗ​បន្ថែមទៀត​។ លោក​ថ្លែងថា​៖ «​ខ្ញុំ​សូម​ស្នើ​ឲ្យ​អគ្គនាយកដ្ឋាន​ទាំងអស់​បន្ត​នូវ​ការអនុវត្ត​វិធានការ​លើក​កម្ពស់​ការប្រើប្រាស់​ប្រាក់រៀល​ជាប្រចាំ ដោយ​ពង្រឹង​ការអនុវត្ត​វិធានការ​ដែល​មាន​ស្រាប់ និង​វិធានការ​ថ្មីៗ​ដោយ​ផ្អែកលើ​ស្ថានភាព​ជាក់ស្តែង​»​។

វិធានការ​ដែល​ NBC កំពុង​ដាក់​ឲ្យ​អនុវត្ត​ដើម្បី​លើក​កម្ពស់​ការប្រើប្រាស់​ប្រាក់​រៀល​មាន​ដូចជា​ការផ្តល់​សន្ទនីយភាព​ជា​ប្រាក់រៀល​ដល់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ការសហការ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​ក្នុងការ​ជំរុញ​ការអនុវត្ត​ស្តីពី​ការបិទ​ស្លាក​តម្លៃ​ជា​ប្រាក់រៀល ការតម្រូវ​ឲ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​មាន​សម្ពាធ​ឥណទាន​ (​ទំហំ​​ឥណទាន​) ​ជា​ប្រាក់រៀល​យ៉ាង​តិច​ ១០ ​ភាគរយ ការប្រើប្រាស់​ប្រព័ន្ធ​សេវា​ទូទាត់​រហ័ស​ជា​ប្រាក់រៀល​ដែល​មាន​ការចំណាយ​តិច និង​ឆាប់រហ័ស និង​ការអនុញ្ញាត​ឲ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ចេញផ្សាយ​សញ្ញា​បណ្ណសាជីវកម្ម​ជា​ប្រាក់រៀល​ជាដើម​។

លោក​បានលើក​ឡើង​ទៀតថា ធនាគារជាតិ​នៃ​កម្ពុជា​មាន​តួនាទី​ជា​ចម្បង​ក្នុងការ​រក្សា​ស្ថិរភាព​ថ្លៃ​ដែល​នេះ​គឺជា​ផ្នែក​មួយ​ក្នុង​ការជំរុញ​ការប្រើប្រាស់​ប្រាក់រៀល​ផងដែរ​។ លោក​ថ្លែងថា​៖ «​ដើម្បី​បន្ត​គាំទ្រ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ចិរភាព បរិយាប័ន្ន និង​កាត់បន្ថយ​ភាពក្រីក្រ ធនាគារ​ជាតិ​នៃ​កម្ពុជា​នឹង​បន្ត​លើក​កម្ពស់​ប្រសិទ្ធភាព និង​គោលនយោបាយ​ហិរញ្ញវត្ថុ​សំដៅ​ចូលរួម​ចំណែក​រក្សា​ស្ថិរភាព​ថ្លៃ និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​»​។

តាម NBC តាមរយៈ​ការធ្វើ​អន្តរាគមន៍​លើ​ទីផ្សារ​ប្តូរប្រាក់​បាន​ធ្វើឲ្យ​ការបញ្ចេញ​ប្រាក់រៀល​ក្នុង​ឆ្នាំ​ ២០១៩ មាន​ទំហំ​ស្មើនឹង ២ ​ដង​នៃ​ទំហំ​ក្នុង​ឆ្នាំ​ ២០១៨​។

បើ​តាម​លោក ឈឹម ច័ន្ទកុសល ប្រធាន​នាយកដ្ឋាន​បោះផ្សាយ និង​ឃ្លាំង​បេឡា​នៃ​ធនាគារជាតិ​នៃ​កម្ពុជា ការបោះ​ផ្សាយ​ប្រាក់រៀល​ឲ្យ​ចរាចរ​នៅក្នុង​ឆ្នាំ​ ២០១៩ បាន​កើនឡើង ៥០,៤ ​ភាគរយ​ ធៀប​នឹង​ឆ្នាំ​ ២០១៨ ជាពិសេស​គឺ​ក្រដាសប្រាក់​ប្រភេទ​ធំៗ ដូចជា ១០០ ០០០ ​រៀល (​កើនឡើង​ ៣ ​ដង​) និង ៥០ ០០០ ​រៀល (​កើនឡើង​ ២ ​ដង​)​។

ក្នុង​ឆ្នាំ​ ២០១៩ អត្រា​ប្តូរ​ប្រាក់រៀល​គឺ​មាន​ស្ថិរភាព​ល្អ​ដោយ​ស្ថិតក្នុង​កម្រិត​ជា​មធ្យម ៤ ០៦៥ ​រៀល​ក្នុង​ ១ ​ដុល្លារ​ ធៀប​នឹង​ឆ្នាំមុន ៤ ០៥១ ​រៀល​។ បរិបទ​នៃ​តម្លៃ​របស់​ប្រាក់រៀល​តែង​មាន​ការប្រែប្រួល​បន្តិចបន្តួច​ទៅតាម​កត្តា​រដូវកាល​ជាពិសេស​កំណើន​តម្រូវការ​ប្រាក់រៀល​សម្រាប់​បង់ពន្ធ​។ នេះ​បើ​តាម​ទិន្នន័យ​របស់​ NBC៕LA