
ទិដ្ឋភាពនៅមុខកាស៊ីណូ New MGM ស្ថិតនៅតាមបណ្តោយវិថីមួយក្នុងក្រុងព្រះសីហនុ។ ហេង ជីវ័ន
ភ្នំពេញៈ ចំនួនកាស៊ីណូនៅកម្ពុជាបានកើនឡើងយ៉ាងគំហុកកាលពីឆ្នាំមុន ដោយអាជ្ញាប័ណ្ណអាជីវកម្មកាស៊ីណូដែលផ្តល់ឲ្យដោយរដ្ឋាភិបាលបានកើនដល់ចំនួនសរុប ១៥០ គិតត្រឹមដំណាច់ឆ្នាំ ២០១៨ ដែលភាគច្រើនជាអាជ្ញាប័ណ្ណសម្រាប់ធ្វើប្រតិបត្តិការនៅខេត្តព្រះសីហនុ។
យោងតាមរបាយការណ៍ពីខាងអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជានិយតករអាជីវកម្មកាស៊ីណូ ចំនួនអាជ្ញាប័ណ្ណអាជីវកម្មកាស៊ីណូសរុបគិតត្រឹមដំណាច់ឆ្នាំ ២០១៨ មានកំណើនរហូតដល់ទៅ ៥៣ ភាគរយធៀបនឹងដំណាច់ឆ្នាំ ២០១៧ ដែលកាលនោះចំនួនអាជ្ញាប័ណ្ណសរុបមានត្រឹមតែ ៩៨ ប៉ុណ្ណោះ។
លោក រស់ ភីរុណ អគ្គនាយករងនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ក្នុងចំណោមកាស៊ីណូដែលមានអាជ្ញាប័ណ្ណចំនួន ១៥០ នៅដំណាច់ឆ្នាំ ២០១៨ នេះ គ្រាន់តែខេត្តព្រះសីហនុតែ ១ មានទីតាំងកាស៊ីណូ ៨៨ ទីតាំងទៅហើយ។
លោក ភីរុណ មិនអាចប្រាប់លម្អិតអំពីប្រាក់ចំណូលដែលប្រមូលបានពីអាជីវកម្មកាស៊ីណូកាលពីឆ្នាំមុននោះទេ ដោយលើកឡើងថា ក្រសួងកំពុងប្រមូលទិន្នន័យរៀបចំរបាយការណ៍។ ទោះយ៉ាងណា លោកថ្លែងថា៖ «តាមផែនការ យើងបានកំណត់ទិសដៅប្រមូលប្រាក់ចំណូល ៥៦ លានដុល្លារនៅឆ្នាំនេះ»។
លោកមានប្រសាសន៍ថា៖ «យើងកំពុងធ្វើការងារយ៉ាងសកម្មដើម្បីព្រាងច្បាប់គ្រប់គ្រងកាស៊ីណូ និងអាជីវកម្មភ្នាល់ល្បែង ហើយនៅពេលណាច្បាប់នេះត្រូវបានបញ្ចប់ និងដាក់ឲ្យអនុវត្តនោះ យើងសង្ឃឹមថា ប្រាក់ចំណូលបានពីវិស័យនេះនឹងកាន់តែកើនច្រើនឡើង»។
ក្រុងព្រះសីហនុ កំពុងមានការផ្លាស់ប្តូរដ៏ធំមួយ។ ភ្ញៀវទេសចរ និងវិនិយោគិនជនជាតិចិនយ៉ាងច្រើន បានចាប់ផ្ដើមផ្លាស់ប្តូរទិដ្ឋភាពរបស់ទីក្រុងនេះតាមរយៈការបង្កើតអ្វីៗគ្រប់យ៉ាងរាប់ចាប់ពីកាស៊ីណូរហូតដល់រមណីយដ្ឋានប្រណីតខ្ពស់ៗ ព្រមទាំងភោជនីយដ្ឋាន ស្ដង់ និងហាងលក់តាមដងផ្លូវ។
ដោយប្រាប់ថា វិនិយោគិនកាស៊ីណូមកពីប្រទេសក្រៅផ្សេងៗ លោក ឱ សារឿន អ្នកនាំពាក្យខេត្តព្រះសីហនុ បានឲ្យដឹងថា កំណើនកាស៊ីណូដ៏ច្រើនក្នុងក្រុងព្រះសីហនុ បច្ចុប្បន្ននេះ អាចជាប់ទាក់ទងនឹងកំណើនលំហូរចូលប្រជាជនចិន និងការវិនិយោគ។
លោកបន្ថែមថា ប្រជាជនក្នុងស្រុក ត្រូវបានហាមមិនឲ្យភ្នាល់ល្បែងនៅកាស៊ីណូ ហើយបើច្បាប់ចូលជាធរមានពេញលេញ កំណើនចំនួនកាស៊ីណូ នឹងផ្ដល់ផលប៉ះពាល់វិជ្ជមានដល់ប្រជាជនក្នុងស្រុក។
លោកថ្លែងថា៖ «ប្រជាជនកម្ពុជា កំពុងទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ពីអាជីវកម្មនេះ ដោយសារពួកគេអាចផ្គត់ផ្គង់អាហារ បន្លែ ត្រី សាច់ ដល់កំណើនតម្រូវការរបស់អ្នកភ្នាល់ល្បែង និងវិនិយោគិន»។ លោកបន្តថា៖ «ប្រជាជនក៏នឹងទទួលបានអត្ថប្រយោជន៍ដោយប្រយោលផងដែរពីកំណើនអាជីវកម្មកាស៊ីណូ តាមរយៈប្រាក់ចំណូលពន្ធកាន់តែច្រើនដល់រដ្ឋាភិបាល និងការអភិវឌ្ឍសេដ្ឋកិច្ច»។
កំណើនលំហូរចូលនៃការវិនិយោគលើកាស៊ីណូនៅខេត្តជាប់ឆ្នេរសមុទ្រមួយនេះ បានផ្ដល់ផលប៉ះពាល់វិជ្ជមានមួយចំនួន ដូចជាឱកាសការងារ ប៉ុន្តែការមានកាស៊ីណូកាន់តែច្រើនត្រូវបានគេមើលឃើញថា កំពុងបង្កើនចំណុចអវិជ្ជមាន។
ក្នុងចំណោមការរិះគន់ជាច្រើន សណ្ដាប់ធ្នាប់សាធារណៈ គឺជាបញ្ហាដោយសារតែជនបរទេសមួយចំនួន ស្រវឹង និងបង្កជម្លោះ បន្ទាប់មកវ៉ៃគ្នាក្នុងភោជនីយដ្ឋាន និងទីកន្លែងសាធារណៈក៏មាន។
លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានឲ្យដឹងថា កំណើនចំនួនអាជីវកម្មកាស៊ីណូ មិនគួរជាព័ត៌មានដែលត្រូវស្វាគមន៍នោះទេ ផ្ទុយទៅវិញជានិន្នាការគួរឲ្យបារម្ភអំពីហានិភ័យសង្គម។
លោក សន ជ័យ បានឲ្យដឹងថា មានផលប៉ះពាល់អវិជ្ជមានជាច្រើនដោយសារកំណើនអ្នកភ្នាល់ល្បែង ហើយបើការអនុវត្តច្បាប់មិនខ្លាំងគ្រប់គ្រាន់ទេ កំណើនចំនួនអាជីវកម្មកាស៊ីណូ ក៏ជាបុព្វហេតុមួយនៃក្តីបារម្ភពីផលប៉ះពាល់សង្គម។
លោកបានថ្លែងថា៖ «ខ្ញុំខ្លាចក្រែងថា អាជីវកម្មកាស៊ីណូ នឹងបម្រើជាបណ្ដាញសម្រាប់ការលាងលុយ ការរត់ពន្ធមនុស្ស ឬជាប្រភពមួយដែលបង្កអសន្ដិសុខសង្គម»។
លោកបន្ថែមថា ទោះបីជាប្រជាជនក្នុងស្រុកមិនត្រូវបានអនុញ្ញាតឲ្យភ្នាល់ល្បែងនៅក្នុងកាស៊ីណូក៏ដោយ ក៏ប៉ុន្តែមានរបាយការណ៍ជាច្រើនស្ដីពីករណីនេះថា ប្រជាជនកម្ពុជាបានខាតបង់ដោយសារតែការភ្នាល់ល្បែងនៅក្នុងកាស៊ីណូ។
លោកបានមានប្រសាសន៍ថា៖ «អាជីវកម្មភ្នាល់ល្បែងមិនល្អទាំងអស់សម្រាប់យើងនោះទេ។ កំណើនចំនួនកាស៊ីណូ គួរតែជានិន្នាការគួរឲ្យបារម្ភមួយសម្រាប់ប្រទេសនេះ ដោយសារតែខ្ញុំមិនជឿជាក់នៅឡើយទេថា ការប្រមូលប្រាក់ចំណូលពន្ធបានពីក្រុមហ៊ុនកាស៊ីណូ កំពុងចូលរួមចំណែកដល់ដំណោះស្រាយរបស់បញ្ហានេះទេ»៕ LA