ភ្នំពេញៈ ចំនួន​ទូ​កុងតឺន័រ​ឆ្លងកាត់​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ចាប់ពី​ដើម​ឆ្នាំ​ ២០២០ រហូតដល់​ថ្ងៃទី​ ១០ ខែឧសភា មាន​កំណើន​ជិត ៥ ​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៩ ទោះបី​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ បាន​នាំ​ឲ្យ​រំខាន​ដល់​អាជីវកម្ម​នៅ​ជុំវិញ​ពិភពលោក ខណៈ​អ្នកជំនាញ​ដឹកជញ្ជូន​រំពឹងថា វា​នឹង​ធ្លាក់ចុះ​នៅ​ត្រីមាស​ទី​ ២ ​នេះ​។

ទិន្នន័យ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​ពី​លោក លូ គឹមឈន់ ប្រធាន​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​កាលពី​ថ្ងៃ​ចន្ទ បង្ហាញ​ថា​គិត​ចាប់ពី​ដើមឆ្នាំ​ ២០២០ រហូតដល់​ថ្ងៃទី​ ១០ ខែឧសភា កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ទទួល​បាន​ទូ​កុងតឺន័រ​ឆ្លងកាត់​សរុប ២១៨ ០៥០ (TEUs) ​កើន ៤,៩២ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៩ ដែលមាន ២០៧ ៨១៨ (TEUs)​។ ដោយឡែក​ក្នុង​រយៈពេល​ដូចគ្នា​នេះ​កាលពី​ឆ្នាំ​ ២០១៩ ចំនួន​ទូ​កុងតឺន័រ​មាន​កំណើន ១៥,៥១ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ដែលមាន ១៧៩ ៩១៣ (TEUs)​។

ទោះជា​យ៉ាងណា​លោក លូ គឹមឈន់ មិនបាន​ផ្តល់ព័ត៌មាន​លម្ពិត​អំពី​ការវិវឌ្ឍ​ថ្មីៗ​ជុំវិញ​ចរន្ត​ដឹកជញ្ជូន​នោះទេ​។

ជាមួយ​គ្នា​នេះ​ចំនួន​កុងតឺន័រ​ឆ្លងកាត់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ត្រូវ​បាន​អ្នកជំនាញ​ព្យាករ​ថា​នឹង​ធ្លាក់ចុះ​ច្រើន​ក្នុង​ត្រីមាស​ទី​ ២ ​នេះ ខណៈ​ទំនិញ​ដែល​កម្ពុជា​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​ភាគច្រើន (​សម្លៀកបំពាក់ ស្បែកជើង និង​សម្ភារ ធ្វើដំណើរ​) ត្រូវ​បាន​អ្នកបញ្ជា​ទិញ​សម្រេច​លុបចោល​ជាបន្តបន្ទាប់​។

លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភ័ស្តុភារកម្ម​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា បរិមាណ​ចំនួន​កុងតឺន័រ​ឆ្លងកាត់​កំពង់ផែ​ក្រុងព្រះសីហនុ​ពិតជា​មាន​កំណើន​នា​ដើមឆ្នាំ​ ២០២០ ប៉ុន្តែ​ការរីករាលដាល​ជំងឺ​កូវីដ​១៩ បានធ្វើ​ឲ្យ​ការដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ​នៅ​កម្ពុជា​បន្ត​ធ្លាក់ចុះ​ជា​បន្តបន្ទាប់ ពិសេស​នា​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​។

លោក​បន្តថា អាមេរិក និង​អឺរ៉ុប​ជា​ទីផ្សារ​ធំ និង​សំខាន់​ជាងគេ​របស់​កម្ពុជា ហេតុនេះ​ការបិទ​ខ្ទប់​សេដ្ឋកិច្ច​មួយ​ចំនួន​នៅក្នុង​បណ្តា​ប្រទេស​ទាំងអស់​នេះ​គឺ​ពិតជា​មាន​ផលប៉ះពាល់​ខ្លាំង​ដល់​ការឆ្លងកាត់​ទំនិញ​ទៅ​កាន់​ទីនោះ​។ លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​គិតថា​កាលពី​ដើម​ឆ្នាំ​ចំនួន​កុងតឺន័រ​ឆ្លងកាត់​អាច​មាន​កំណើន ប៉ុន្តែ​ក្នុង​ត្រីមាស​ទី​ ២ នេះ​មិន​អាចមាន​កំណើន​ទេ​»​។

ការលើកឡើង​របស់​លោក​នៅពេល​នេះ​គឺ​ស្របគ្នា​ទៅនឹង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ដែល​កាលពី​ពេល​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី​ ៤ ខែ​ឧសភា ឆ្នាំ​ ២០២០ មាន​រោងចក្រ​ចំនួន ១៨០ ​បាន​ព្យួរការងារ ខណៈ ៦០ ​បន្ថែម​ទៀត​នឹង​ឈាន​ទៅ​រក​ការព្យួរ​។

លោក​ថ្លែងថា​៖ «​ថ្មីៗ​នេះ​មាន​ការលុបចោល​ការបញ្ជា​ទិញ​ផលិតផល​ក្នុង​វិស័យ​វាយនភណ្ឌ​ជាច្រើន ហេតុនេះ​ចំនួន​កុងតឺន័រ​ឆ្លងកាត់​កំពង់ផែ​ក្រុង​ព្រះសីហនុ​ក៏​នឹង​ធ្លាក់ចុះ​ទៅ​តាម​នោះដែរ​»​។

យោងតាម​របាយការណ៍​ពី​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​កាលពី​ឆ្នាំ​ ២០១៩ ទូ​កុងតឺន័រ​ចេញចូល​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​មាន​ចំនួន ៦៣៧ ៨៤៤ (TEUs) កើន​ ១៨ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ដែល​មាន ៥៤០ ៧៩៣៕ LA