ភ្នំពេញៈ ចំនួន​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​បាន​កើន​ដល់ ៧ ២៩៣ គិត​ត្រឹម​ថ្ងៃទី​ ៤ ខែមករា បន្ទាប់ពី​រយៈពេល​ជិត ៧ ​ខែ​នៃ​ការដាក់​ឱ្យ​ប្រព័ន្ធ​នេះ​ដំណើរការ​។

រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ឱ្យ​ដំណើរការ​ការចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ដែល​ហៅថា​ «Single Portal» នា​ថ្ងៃទី​ ១៥ ខែ​មិថុនា ដោយបាន​ដាក់​ក្រសួង និង​ស្ថាប័នរដ្ឋ​ទាំងអស់​ចំនួន ៦ ​ជាមួយ​គ្នា​។

ក្រសួង និង​ស្ថាប័នរដ្ឋ​ទាំង​ ៦ ដែល​ចុះបញ្ជី​ក្នុង​ប្រព័ន្ធ​នេះ គឺ​ក្រសួងមហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ អគ្គនាយកដ្ឋាន​ពន្ធដារ និង​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។ ស្ថាប័ន​ចំនួន​ ៦ ​ផ្សេង​ទៀត​គ្រោង​នឹងដាក់​បញ្ចូល​ក្នុង​ប្រព័ន្ធ​នេះ​។

យោងតាម​ទិន្នន័យ​បាន​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​គិត​ត្រឹម​ថ្ងៃទី ៤ ខែមករា ​ក្នុង​ចំណោម​ក្រុមហ៊ុន​សរុប​ទាំងអស់​នោះ​គឺ​មាន​ក្រុមហ៊ុន​ប្រហែល ២ ៩៧០ ត្រូវបាន​ចុះបញ្ជី​ដោយ​ជោគជ័យ​នៅលើ​ថ្នាល Single Portal ខណៈ​ក្រុមហ៊ុន​ចំនួន ៦៥១ ផ្សេងទៀត​កំពុង​ស្ថិតក្រោម​ការត្រួតពិនិត្យ​។ ជាមួយ​គ្នា​នេះ​ក្រុមហ៊ុន​សរុប ៣ ៦៧២ ត្រូវបាន​បម្រុង​ក្នុងចំណោម​នោះ ៣ ៤៦៣ ​ត្រូវបាន​អនុម័ត និង​ក្រុមហ៊ុន​នៅសល់​កំពុងស្ថិត​ក្រោម​ការត្រួតពិនិត្យ​។

លោក លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ឱ្យដឹងថា ចាប់តាំងពី​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ដាក់ឱ្យ​ដំណើរការ វា​ត្រូវការ​គេ​សាទរ​លើ​ប្រសិទ្ធភាព និង​ជំហាន​វិជ្ជមាន​ក្នុង​ការបន្ធូរបន្ថយ​បរិយាកាស​អាជីវកម្ម​សម្រាប់​វិស័យ​ឯកជន​។

លោក​ថ្លែងថា​៖ «​សមាជិក​ទាំងអស់​របស់​សភាពាណិជ្ជកម្ម​កម្ពុជា និង​ក្រុម​វិនិយោគិន​បរទេស​ស្វាគមន៍​ចំពោះ​គំនិត​ផ្ដួចផ្ដើម​ថ្មី​នេះ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើ​ការចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន ដែល​អាច​សន្សំ​ការចំណាយ ពេលវេលា និង​ការិយាធិបតេយ្យ​។ ជាមួយ​គ្នា​នេះ វា​កាន់តែ​ងាយស្រួល ដោយសារ​តែ​យើង​អាច​ចុះបញ្ជី​នៅ​កន្លែង​ណាក៏ដោយ​ឱ្យតែ​យើង​ចង់​»​។

លោក​បន្ថែមថា​៖ «​ខ្ញុំ​បាន​អង្កេត​អំពី​ការកែទម្រង់​នៅក្នុង​វិស័យសេដ្ឋកិច្ច​ដែល​រដ្ឋាភិបាល​កំពុង​ធ្វើ និង​ការជួយ​សម្រួល​ដល់​វិស័យ​ឯកជន​។ ជាមួយនឹង​ការកែទម្រង់​បែប​នេះ វា​នាំមក​នូវ​សញ្ញា​វិជ្ជមាន​ក្នុង​ការបង្កើន​ទំនុកចិត្ត ក្នុងចំណោម​វិស័យ​ឯកជន មិនមាន​ភាពស្ទាក់ស្ទើរ​ក្នុងការ​ពង្រីក​អាជីវកម្ម​របស់​ពួកគេ ឬ​ចាក់​បញ្ចូល​ដើមទុន​របស់​ពួកគេ​នៅក្នុង​ប្រទេស​កម្ពុជា​»​។

លោក Anthony Galliano អគ្គនាយក​ក្រុមហ៊ុន Cambodia Investment Management ដែលជា​ពាណិជ្ជករ​បរទេស​ដ៏ឆ្នើម​មួយរូប​នៅក្នុង​ប្រទេស​កម្ពុជា ក៏បាន​ចង្អុល​បង្ហាញថា ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន «Single Portal» គឺជា​ការអភិវឌ្ឍ​ដ៏សំខាន់​បំផុត​សម្រាប់​ប្រទេស​កម្ពុជា​។

លោកពន្យល់ថា កាលពី​ពេល​កន្លងមក ការចុះបញ្ជី​របស់​ក្រុមហ៊ុន​យ៉ាងហោច​ណាស់​មាន​ការិយាធិបតេយ្យ ដែល​ពាក់ព័ន្ធ​ក្រសួង​ជាច្រើន​ជាមួយ​នឹង​ព័ត៌មាន​ដដែលៗ ដែល​បានប្រគល់​ពី​ក្រសួង​ ១ ​បន្ត​ទៅ​ក្រសួង​ ១ ​ទៀត​ដែល​ត្រូវការ​ពេលវេលា​រយៈពេល​ ១ ​ខែ​សម្រាប់​នីតិវិធី​នីមួយៗ​ក្នុង​រយៈពេល​កាន់តែ​យូរ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ជា​អ្នកតស៊ូ​មតិ​ ១ ​រូប​អំពី​ច្រក​ទា្វរ​ចុះបញ្ជី​ក្រុមហ៊ុន ជាទូទៅ ក្នុង​ការប្រៀប​ទៅនឹង​ប្រទេស​ល្បីៗ​ដូចជា​សិង្ហបុរី និង​ក្រុង​ហុងកុង​ដែល​ការចុះបញ្ជី​ក្រសួង​មាន​រយៈពេល​ប៉ុន្មាន​ថ្ងៃ​តែប៉ុណ្ណោះ​»​។

លោក​បន្ថែមថា​៖ «​ខ្ញុំ​មាន​ការភ្ញាក់ផ្អើល​ក្នុង​ការផ្លាស់ប្តូរ​ការចុះ​បញ្ជី​ក្រុមហ៊ុន​នៅ​កម្ពុជា​ដែល​នៅពេលនេះ​ត្រូវការ​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ដោយ​ក្រសួង​នីមួយៗ ទទួល​បាន​ព័ត៌មាន​ក្រដាស​ស្នាម​រួមគ្នា និង​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​តិចតួច​ប៉ុណ្ណោះ​។

យើង​បាន​ចុះបញ្ជី​ក្រុមហ៊ុន​ ១ ​ក្នុង ១ ​សប្ដាហ៍ ចំណែក​កាលពី​មុន​ក្រសួង​ ៣ ត្រូវការ​រយៈពេល​យ៉ាងហោច ៣ ​ខែ ឬ​ច្រើនជាង​នេះ​។ នេះ​ជាការ​រីកចម្រើន​ជឿនលឿន​សម្រាប់​ការវិនិយោគ​ផ្ទាល់​ពី​បរទេស ហើយ​នៅពេល​នេះ​យើង​អាច​ប្រកួតប្រជែង​បានល្អ​បំផុត​នៅក្នុង​តំបន់​សម្រាប់​ការបន្ធូរបន្ថយ​ការធ្វើ​អាជីវកម្ម​»​។

លោក មាស សុខសេនសាន្ត អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​ធ្លាប់​បាន​និយាយថា Single Portal នឹង​តម្រូវ​ឱ្យ​ក្រុមហ៊ុន​បំពេញបែបបទ​ចុះបញ្ជី​អាជីវកម្ម​តែម្ដង ដោយ​ត្រូវការ​ពេលវេលា​ច្រើន​បំផុត ៨ ថ្ងៃ​។ លោក​កត់សម្គាល់​ថា ទិន្នន័យ​ទាំងអស់​ដែល​បាន​ដាក់ជូន​ដោយ​ក្រុមហ៊ុន​នានា​ស្ថិត​ក្រោម Single Portal មួយ​នេះ​នឹង​ត្រូវ​បញ្ជូន​ដោយ​ស្វ័យប្រវត្ដិ​ទៅ​ក្រសួង​ទាំងអស់ និង​ស្ថាប័ន​ដែល​ដំណើរការ​ដោយ​រដ្ឋ​ដែល​បានដាក់​បញ្ជូន​ទៅក្នុង​ប្រព័ន្ធ​នេះ​៕LA