ភ្នំពេញៈ រដ្ឋាភិបាល​បានអនុម័ត​គម្រោង​វិនិយោគឯកជន​ចំនួន ១១៣ ដែលមាន​តម្លៃ ២ ៣២៩ ​លាន​ដុល្លារ​ ក្នុង​រយៈពេល ៨ ​ខែ​ឆ្នាំ​ ២០២០ ធ្លាក់ចុះ​ជាង ១៦ ​ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៩ ដោយសារ​ការជះឥទ្ធិពល​ការឆ្លង​រាលដាល​កូវីដ​១៩​។

របាយការណ៍​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បង្ហាញ​ថា ក្នុង​រយៈពេល​នេះ​កម្ពុជា​ទទួល​គម្រោង​វិនិយោគឯកជន​សរុប ១១៣ ​គម្រោង ​ធ្លាក់ចុះ ២២ ​គម្រោង​ ស្មើនឹង ១៦,៣ ​ភាគរយ ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៩ ខណៈ​ទុនវិនិយោគ​មាន​ចំនួន ២ ៣២៩ ​លាន​ដុល្លារ ថយចុះ ៥៧,១ ​ភាគរយ​។ ជាមួយ​គ្នា​នេះ​ឱកាស​ការងារ ៨៤ ៤៣២ ​កន្លែង ​ត្រូវបាន​បង្កើត​ធ្លាក់ចុះ​ ៥១,៥ ​ភាគរយ​ធៀប​នឹង​រយៈពេល​ ៨ ​ខែ​ឆ្នាំមុន​។

យ៉ាងណា​ក៏ដោយ​របាយការណ៍​ខាងលើ​បាន​ឱ្យ​ដឹងថា ទោះបី​គម្រោង​វិនិយោគ​ជារួម​ធ្លាក់ចុះ ប៉ុន្តែ​សម្រាប់​គម្រោង​វិនិយោគ​វិស័យ​ឧស្សាហកម្ម​បាន​កើនឡើង ៨ ​គម្រោង​។

គម្រោង​វិនិយោគឯកជន​សំដៅ​ដល់​គម្រោង​វិនិយោគ​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​ទទួលបាន​ការអនុញ្ញាត​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។

លោក លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការធ្លាក់ចុះ​នេះ​ពិតណាស់​គឺ​ដោយសារ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ដែល​បាន​រាំងខ្ទប់​មិនឱ្យ​វិនិយោគិន​បរទេស​ចូលមក​ប្រទេស​កម្ពុជា​បាន​។ លោក​បន្ថែមថា ទោះយ៉ាងណា​ក្នុង​អំឡុង​ពេលនេះ​រដ្ឋាភិបាល​ក៏​បាន​ដាក់ចេញ​នូវ​ប្រព័ន្ធ​ចុះបញ្ជី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អនឡាញ​ដើម្បី​ជួយ​សម្រួល​ដល់​វិនិយោគិន​ដែល​ចង់​បើក​ក្រុមហ៊ុន​ផងដែរ​។

លោក​ថ្លែងថា​៖ «​ជា​ការពិត​ការធ្លាក់ចុះ​ការចុះបញ្ជី​គម្រោង​វិនិយោគ​ថ្មី​គឺជា​ក្តី​ព្រួយបារម្ភ​សម្រាប់​កម្ពុជា ប៉ុន្តែ​ខ្ញុំ​មាន​ជំនឿ​ថា បន្ទាប់ពី​ពិភពលោក​មាន​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩ ជា​ផ្លូវការ​ចំនួន​ក្រុមហ៊ុន​វិនិយោគ​នៅ​កម្ពុជា​នឹងមាន​កំណើន​ឡើងវិញ​»​។

លោក​លើកឡើង​ថា ខណៈ​បច្ចុប្បន្ន​កម្ពុជា​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​ប្រទេស​ចិន និង​អាចមាន​ជាមួយ​ប្រទេស​ជាច្រើន​ទៀត​នោះ ហេតុនេះ​ភាព​វិជ្ជមាន​នឹង​កើត​មាន​វិញ​ក្នុងពេល​ឆាប់ៗ​។

លោក​បន្តថា​៖ «​យើង​មាន​មោទនភាព​ដែល​រដ្ឋាភិបាល​ដាក់ចេញ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម ២០១៥-២០២៥ ដែល​បាន​ជំរុញ​ឧស្សាហកម្ម​ឱ្យមាន​ការកើនឡើង​។ ខ្ញុំ​សង្ឃឹមថា នៅ​ឆ្នាំក្រោយ​ច្បាប់​វិនិយោគ​ថ្មី​ដែល​ល្អ​ជាង​ច្បាប់​ចាស់​នឹង​ជួយ​ទាក់ទាញ​វិនិយោគិន​កាន់តែច្រើន​»​។

លោក ហុង វណ្ណៈ អ្នក​ទទួលបន្ទុក​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បាន​និយាយថា ការធ្លាក់ចុះ​នេះ​មូលហេតុ​ធំជាងគេ​គឺ​ជំងឺ​កូវីដ ១៩ ក្រៅពីនោះ​អាច​ទាក់ទង​នឹង​កត្តា​រួមផ្សំ​មួយចំនួន​ដូចជា ភូមិសាស្ត្រ​នយោបាយ​តំបន់ ជម្លោះ​ពាណិជ្ជកម្ម​រវាង​អាមេរិក ចិន ព្រមទាំង​ការសម្រេច​របស់​អឺរ៉ុប​ក្នុង​ការដក​ពន្ធ​ទំនិញ​កម្ពុជា (EBA) ​ប្រមាណ ២០ ​ភាគរយ​ដែរ​។

លោក​អះអាង​ថា​៖ «​ក្រៅពី​ក្តីបារម្ភ​ពី​ជំងឺ​កូវីដ ​១៩ បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ភាគខាងត្បូង និង EBA ក៏បាន​ធ្វើឱ្យ​ការសម្រេចចិត្ត​វិនិយោគ​នៅ​កម្ពុជា​មួយចំនួន​ត្រូវ​ពន្យារពេល​»​។

ជាមួយ​នឹង​សុទិដ្ឋិនិយម​លោក​បាន​បញ្ជាក់ថា កម្ពុជា​នឹង​មាន​ឱកាស​ច្រើន​ទៀត​ក្នុងការ​ស្រូប​ទាញ​ឱ្យមាន​ការបង្កើត​ក្រុមហ៊ុន​វិនិយោគ​កាន់តែច្រើន​ទៀត​នៅពេល​អនាគត​៕