ភ្នំពេញៈ ចំនួន​ស៊ីមកាត​ទូរស័ព្ទ​ចល័ត​ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន​ទូរគមនាគមន៍​ចំនួន ៦ ​នៅក្នុង​ប្រទេស​កម្ពុជា​គិត​ត្រឹម​ខែ​សីហា​ឆ្នាំ​ ២០១៨ មាន​ចំនួន​ជាង​ ១៩ ​លាន​ស៊ីមកាត​ស្មើនឹង​ជាង ១១៨ ​ភាគរយ​នៃ​ចំនួន​ប្រជាជន ខណៈ​ដែល​ចំនួន​នៃ​ការប្រើប្រាស់​ទូរស័ព្ទ​លើ​តុ​បាន​កើន​ដល់​ ១០២ ៧៧៥ នាក់​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​និយតករ​ទូរគមនាគមន៍​កម្ពុជា​ (TRC) ​ដែល​បាន​បង្ហាញ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​កាលពី​ថ្ងៃ​ម្សិលមិញ​។

លោក អ៊ឹម វុត្ថា សមាជិកនិយ័តករទូរគមនាគមន៍កម្ពុជា (នទក) និង ជាអ្នកនាំពាក្យនៃនិយ័តករទូរគមនាគមន៍កម្ពុជា ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ការប្រើប្រាស់​អ៊ីនធឺណិត និង​នៅតែ​មាន​ឱកាស​ច្រើន​ចំពោះ​កំណើន​បន្ថែម​ទៀត​។

លោក​បាន​ថ្លែង​ថា​៖ «​តម្រូវការ​របស់​អ្នក​ប្រើ​ស៊ីមកាត​ចល័ត​គឺ​នៅ​តែ​មាន​ច្រើន ប៉ុន្តែ​នឹង​មិន​កើនឡើង​ខ្លាំង​ទៀត​ទេ ដោយសារ​តែ​វា​កំពុង​ស្ថិត​លើ​កំណើន​ខ្លាំង​របស់​ខ្លួន​»​។ លោក​បាន​បន្ត​ទៀត​​ថា​៖ «​ដោយសារ​និន្នាការ​តម្រូវការ ​ក្រុមហ៊ុន​ផ្គត់ផ្គង់​អ៊ីនធឺណិត​នៅ​តែ​មាន​សក្ដានុពល​កំណើន​បន្ថែម​ទៀត​»​។

បើ​តាម​លោក អ៊ឹម វុត្ថា ចំនួន​អ្នក​ជាវ​អ៊ីនធឺណិត​តាម​ទូរស័ព្ទ​ចល័ត​បាន​កើន​ឡើង​ដល់​ ១២ លាន​នាក់​ស្មើ​នឹង​ ៧៥,២៧ ​ភាគរយ បើ​ធៀប​នឹង​ប្រជាជន​ទាំងអស់ ខណៈ​អ្នក​ជាវ​អ៊ីនធឺណិត​ភ្ជាប់​ខ្សែ​បាន​កើនឡើង ១៣២ ៨៨៩ នាក់ ស្មើ​នឹង​ ០,៨២ ​ភាគរយ​នៃ​ចំនួន​ប្រជាជន​។

យោង​តាម​ទិន្នន័យ​បាន​ពី​និយតករ​​ទូរគមនាគមន៍​កម្ពុជា​បច្ចុប្បន្ន​ប្រទេស​កម្ពុជា​មាន​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត​ចំនួន ៦ ខណៈ​ដែល​ប្រតិបត្តិករ​អ៊ីនធឺណិត​ចល័ត​មាន​ចំនួន​ ៧ និង​ប្រតិបត្តិករ​អ៊ីនធឺណិត​ភ្ជាប់​ខ្សែ​មាន​ចំនួន​ ៣៤​។

យោង​តាម​ទិន្នន័យ​ដដែល​បាន​ឲ្យ​ដឹង​ថា កំណត់ត្រា​នៃ​ការប្រើប្រាស់​ហ្វេសប៊ុក​ក្នុង​ប្រទេស​នេះ​ចាប់ពី​ខែ​មករា​ដល់​សីហា មាន​គណនី ៦,៨ លាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​៕LA