ភ្នំពេញៈ ចំនួនវិនិយោគិននៅផ្សារហ៊ុនកម្ពុជាតែមួយគត់នៅឆមាសទី ២ ឆ្នាំនេះ បានមើលឃើញការកើនឡើង ២ ដង ធៀបនឹងឆមាសទី ១។ នេះបើតាមរបាយការណ៍ផ្សារមូលបត្រកម្ពុជា (CSX)។
យោងតាម CSX ទិន្នន័យនេះបានបង្ហាញថា ចំនួនវិនិយោគិនបានកើនឡើងដល់ ២០ ៥២៥នាក់ ដែលកើនឡើង ២ ដង ធៀបនឹងត្រីមាសមុន ។
សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា ការកើនឡើងនេះដោយសារតែក្រុមវិនិយោគិន មានសុទិដ្ឋិនិយមកាន់តែខ្លាំងលើផ្សារហ៊ុន ជាពិសេសនៅឆ្នាំ ២០១៨នេះ។ សេចក្ដីប្រកាសព័ត៌មានបន្តថា៖ «នេះគឺដោយសារតែវិនិយោគិន បានចាប់ផ្ដើមមានអារម្មណ៍សុទិដ្ឋិនិយម ចំពោះទីផ្សារនេះ ដោយការមើលឃើញទីផ្សារកំពុងអភិវឌ្ឍន៍»។
ទីផ្សារនេះនឹងមានការទាក់ទាញកាន់តែខ្លាំងឡើង ជាមួយនឹងផលិតផលច្រើនផ្សេងទៀតនៅពេលខាងមុខ និងនៅពេលដែលហេដ្ឋារចនាសម្ព័ន្ធត្រូវបញ្ចប់។
CSX បានឲ្យដឹងថា៖ «ក្នុងរយៈពេលជាង ៦ ឆ្នាំ នៃការអភិវឌ្ឍផ្សារហ៊ុននេះ ទីផ្សារនេះបានទៅដល់សករាជថ្មីមួយ ជាមួយលទ្ធផលគួរឲ្យកត់សម្គាល់។ ជាមួយនឹងផលិតផលដែលអាចរកបាននៅលើទីផ្សារនេះ ក្រុមវិនិយោគិនអាចយល់ឃើញថា ផ្សារហ៊ុននេះជាឱកាសវិនិយោគកាន់តែប្រសើរ ដោយសារតែវាជាជម្រើសដ៏ល្អមួយ ក្នុងការធ្វើពិពិធកម្មផលបត្រវិនិយោគរបស់ពួកគេ»។
ភាពវិជ្ជមានផ្សេងទៀត ដែលកំពុងជំរុញកំណើនគឺ ម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា ដោយមានកំណើន ៧ ភាគរយប្រចាំឆ្នាំ។
សេចក្ដីប្រកាសបន្តថា៖ «ការវិនិយោគលើសេដ្ឋកិច្ចតាមរយៈផ្សារហ៊ុន គឺជាជម្រើស ដ៏ល្អមួយ សម្រាប់ក្រុមវិនិយោគិន ក្នុងការធ្វើពិពិធកម្មការវិនិយោគ»៕ AFP/LA