ភ្នំពេញៈ ចំនួនអ្នកធ្វើដំណើរតាមអាកាសយានដ្ឋានអន្តរជាតិទាំង ៣ នៅកម្ពុជាបានបន្តកើនឡើងខ្លាំងកាលឆ្នាំ ២០១៨ ដែលធ្វើឲ្យចំនួនអ្នកដំណើរសរុបក្នុងមួយឆ្នាំកើនលើស ១០ លាននាក់ជាលើកដំបូងក្នុងកំណត់ត្រាចរាចរណ៍អ្នកដំណើរតាមអាកាសនៅកម្ពុជា។ នេះបើយោងតាមទិន្នន័យរបស់ក្រុមហ៊ុន Cambodia Airports ដែលគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិទាំង ៣។
ចំនួនអ្នកធ្វើដំណើរឆ្លងកាត់ព្រលានទាំង ៣ គឺព្រលានយន្តហោះអន្តរជាតិភ្នំពេញ ព្រលានយន្តហោះអន្តរជាតិសៀមរាប និងព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុ មានចំនួនសរុប ១០,៥ លាននាក់នៅចាប់ពីខែមករា និងខែធ្នូ ឆ្នាំមុន។ ចំនួននេះបង្ហាញពីកំណើន ២០ ភាគរយធៀបនឹងឆ្នាំ ២០១៧។
លោក ខែក នរិន្ទដា នាយកផ្នែកទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុន Cambodian Airport បានឲ្យដឹងកាលពីថ្ងៃចន្ទថា អត្រាកំណើនលើសពី ២០ ភាគរយប្រចាំឆ្នាំ គឺជាល្បឿនដ៏ពេញចិត្តមួយដែលឆ្លុះបញ្ចាំងពីបណ្ដាញកាន់តែរឹងមាំរបស់កម្ពុជា ជាមួយព្រលានអន្តរជាតិជាច្រើន។
លោកថ្លែងថា៖ «ភាពទាក់ទាញរបស់ប្រទេស កម្ពុជា នៅក្នុងនាមជាទិសដៅសម្រាប់ការកម្សាន្ត និងពាណិជ្ជកម្ម គឺជាកត្តាជំរុញដ៏សំខាន់ឲ្យមានតម្រូវការចរាចរណ៍ផ្លូវអាកាស»។
លោកបានបន្តថា៖ «វាជាលទ្ធផលនៃយុទ្ធសាស្ដ្ររបស់យើងសម្រាប់ការអភិវឌ្ឍផ្លូវហោះហើរ និងសម្រាប់ការតភ្ជាប់ព្រលានយន្តហោះទាំង ៣ របស់យើងទៅកាន់ទិសដៅកាន់តែច្រើនថែមទៀត»។
តួលេខក្រុមហ៊ុន Cambodia Airports បានបង្ហាញថា កំណើនចរាចរណ៍របស់អ្នកដំណើរបានកើនឡើងខ្លាំងនៅព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុ ជាទីដែលអ្នកដំណើរឆ្លងកាត់តាមរយៈព្រលានយន្តហោះនៅខេត្តតំបន់ឆ្នេរមួយនេះ បានកើន ៩៣ ភាគរយ កាលពីឆ្នាំ ២០១៨ ដល់ ៦៥១ ០០០ នាក់។
ព្រលានយន្តហោះភ្នំពេញ ដែលជាព្រលានយន្តហោះធំរបស់កម្ពុជា នៅតែរក្សាអត្រាកំណើនខ្ពស់ ដោយកាលពីឆ្នាំ ២០១៨ ព្រលានយន្តហោះនេះទទួលបានអ្នកដំណើរសរុប ៥,៤ លាននាក់ កើនឡើង ២៨ ភាគរយធៀបនឹងឆ្នាំ ២០១៧។
ព្រលានយន្តហោះសៀមរាប បានមើលឃើញកំណើនមធ្យម ៦,៤ ភាគរយធៀបទៅនឹងឆ្នាំ ២០១៧ ដោយមានអ្នកដំណើរចំនួន ៤,៤៨ លាននាក់។
ខណៈដែលចរាចរណ៍អ្នកដំណើរនៅសៀមរាប ដែលប្រជុំទៅដោយប្រាសាទបុរាណល្បីរួមទាំងប្រាសាទអង្គរវត្ត បានមើលឃើញកំណើនកាន់តែយឺតនោះ លោក នរិន្ទដា បាននិយាយថា ភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍របស់កម្ពុជា ចាំបាច់ត្រូវសួរខ្លួនឯងថា តើហេតុអ្វីបានជាទិសដៅមួយនេះមិនសូវមានការទាក់ទាញ ជាពិសេសចំពោះភ្ញៀវទេសចរមកពី ជប៉ុន កូរ៉េ និងបណ្ដាប្រទេសលោកខាងលិច។
លោកបានបន្តទៀតថា យុទ្ធសាស្ដ្រលើកកម្ពស់តំបន់ឆ្នេររបស់កម្ពុជា បានទទួលជោគជ័យ ហើយក្រុងព្រះសីហនុនៅពេលនេះគឺជាទិសដៅទេសចរណ៍ដ៏ទាក់ទាញមួយ ពិសេសការទាក់ទាញភ្ញៀវទេសចរមកពីប្រទេស ចិន។
តួលេខរបស់ក្រុមហ៊ុន Cambodia Airports បានឲ្យដឹងទៀតថា ចំនួនការធ្វើចរាចរណ៍យន្តហោះសរុប ពោលគឺចំនួនយន្តហោះចេញដំណើរ និងចុះចត នៅក្នុងព្រលានយន្តហោះទាំង ៣ រួមគ្នាមានចំនួន ១០៤ ៨០៥ កាលពីឆ្នាំ ២០១៨។ នៅក្នុងចំណោមនោះ ព្រលានយន្តហោះភ្នំពេញទទួលបានការធ្វើចរាចរណ៍ ៥២ ២១៧ សៀមរាបមានចំនួន ៤៤ ៣១៤ ខណៈដែលក្រុងព្រះសីហនុ មានចំនួន ៨ ២៧៤៕ LA