ភ្នំពេញៈ កម្ពុជា​នឹង​ធ្វើ​វិសោធនកម្ម «​ច្បាប់​ស្តីពី​សហគ្រាស​ពាណិជ្ជកម្ម និង​ច្បាប់​ស្តីពី​វិធាន​ពាណិជ្ជកម្ម និង​បញ្ជី​ពាណិជ្ជកម្ម​» ក្នុងពេល​ឆាប់ៗ​ក្រោយពី​ទទួលបាន​ការឯកភាព​ជា​គោលការណ៍​ពី​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ (​គ.ស.ហ) ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​ភាពទាក់ទាញ​សម្រាប់​ការវិនិយោគ​នៅ​កម្ពុជា​បន្ថែមទៀត​។

ក្នុង​កិច្ចប្រជុំ​ដែល​បាន​រៀបចំ​ឡើង​កាលពី​ថ្ងៃទី​ ១៨ ខែមករា នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​មាន​ការចូលរួម​ពី​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ (​គ.ស.ហ) ​និង​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ព្រមទាំង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រសួង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។

សេចក្តី​ប្រកាស​ព័ត៌មាន​កិច្ចប្រជុំ គ.ស.ហ បាន​ឱ្យ​ដឹងថា ការធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​ ២ គឺ​ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​កំណើន​សេដ្ឋកិច្ច​កម្ពុជា តាមរយៈ​ការបង្ក​ភាពងាយស្រួល​នៃ​ការធ្វើ​ធុរកិច្ច​ដោយមាន​រៀបចំ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​រួម​សម្រាប់​ការចុះបញ្ជី​អាជីវកម្ម (​ហៅ​កាត់​ប្រព័ន្ធ CamDX) ដោយ​រលូន និង​ប្រសិទ្ធភាព ការបំពេញបន្ថែម​បទប្បញ្ញត្តិ និង​នីតិវិធី​ឱ្យមាន​ភាពច្បាស់លាស់​សម្រាប់​ទ្រទ្រង់​យន្តការ​ដែល​កំពុង​អនុវត្ត និង​ធានា​សង្គតិភាព​រវាង​ច្បាប់​ទាំង​ ២​។

ទោះយ៉ាងណា គ.ស.ហ ក៏​បាន​ជំរុញ​ឱ្យ​ក្រុមការងារ​ត្រូវ​បន្ត​រៀបចំ​អនុសាសន៍​បន្ថែម ដើម្បី​បន្ត​នីតិវិធី​ស្នើសុំ​ការអនុម័ត​ពី​ប្រមុខ​រាជរដ្ឋាភិបាល​។

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​លោក ឡុង កែមវិចិត្រ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ១៩ ខែមករា ថា ការធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង ២ នឹង​ជួយ​លើកកម្ពស់​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា ជាពិសេស​បំពេញបន្ថែម​បទប្បញ្ញត្តិ​ថ្មីៗ និង​នីតិវិធី​មួយចំនួន ដើម្បី​ទ្រទ្រង់​ដល់​យន្តការ​ដែល​បាននិង​កំពុង​អនុវត្ត និង​សម្រួល​ដល់​ការធ្វើ​ធុរកិច្ច​នៅ​កម្ពុជា​ក៏ដូចជា​ផ្ដល់​ភាពច្បាស់លាស់​នៃ​ច្បាប់ និង​ធ្វើឱ្យ​រឹតតែ​មាន​ភាពងាយស្រួល​ក្នុង​ការបើក​សហគ្រាស​ពាណិជ្ជកម្ម ឬ​ក្រុមហ៊ុន​។

លោក​បាន​ថ្លែងថា​៖ «​យើង​សង្ឃឹមថា ការកែសម្រួល​បទប្បញ្ញត្តិ និង​នីតិវិធី​ទាំងនោះ​នឹង​ចូលរួម​ចំណែក​ដល់​ការទាក់ទាញ វិនិយោគិន​រឹតតែ​ច្រើនឡើង​ឱ្យចូល​មក​វិនិយោគ​នៅ​កម្ពុជា​»​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​លោក លឹម ហេង បាន​ប្រាប់ថា ការកែសម្រួល​នីតិវិធី និង​បែបបទ​នៃ​ការរៀបចំ និង​ដំណើរការ​អាជីវកម្ម គឺជា​ក្តី​ប្រាថ្នា​ដែល​វិស័យ​ឯកជន​ចង់​បាន​ជាយូរ​មកហើយ ព្រោះ​អ្វីដែល​នៅ​ជា​ធរមាន​ពេលនេះ​គឺ​ភាគច្រើន​មាន​ភាពស្មុគស្មាញ ច្រើន​ដំណាក់កាល និង​មិនទាន់​ឆ្លើយតប​ទៅ​នឹង​ការវិវត្ត​របស់​សង្គម និង​បច្ចេកវិទ្យា​នាពេល​បច្ចុប្បន្ន​ឡើយ​។

លោក​បន្ត​ថា ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​សហគ្រាស​ពាណិជ្ជកម្ម និង​ច្បាប់​ស្តីពី​វិធាន​ពាណិជ្ជកម្ម និង​បញ្ជីពាណិជ្ជកម្ម មិន​ត្រឹម​តែ​ចំណេញ​ពេលវេលា និង​ថវិកា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​កាត់បន្ថយ​ការិយាធិបតេយ្យ​ផងដែរ​»​។

លោក​និយាយថា​៖ «​ការកែសម្រួល​នីតិវិធី​បែបបទ​ពាណិជ្ជកម្ម ជា​វិធីសាស្ត្រ​ដ៏ល្អ​របស់​រដ្ឋាភិបាល​ក្នុង​ការលើកទឹកចិត្ត និង​បង្កើន​ភាពទាក់ទាញ​ទាំង​វិនិយោគិន​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ឱ្យ​ចូលមក​បណ្តាក់ទុន​កាន់តែ​ច្រើន​នៅ​កម្ពុជា​។ វា​ក៏​នឹង​ជំរុញ​ឱ្យ​សេដ្ឋកិច្ចកម្ពុជា​មាន​សម្ទុះ​ផងដែរ​»​។

ច្បាប់​ស្តីពី​វិធាន​ពាណិជ្ជកម្ម និង​បញ្ជី​ពាណិជ្ជកម្ម​ដែល​កំពុង​ប្រើ​បច្ចុប្បន្ន​ត្រូវបាន​ដាក់​ឱ្យ​អនុវត្ត​កាលពី​ថ្ងៃទី​ ២៦ ខែ មិថុនា ឆ្នាំ​ ១៩៩៥ ខណៈ​ច្បាប់​ស្តីពី​សហគ្រាស​ពាណិជ្ជកម្ម ត្រូវ​បាន​ដាក់ឱ្យ​ប្រើ​កាលពី​ថ្ងៃទី​ ១៩ ខែ មិថុនា ឆ្នាំ​ ២០០៥៕ LA