ភ្នំពេញៈ ច្បាស់​​ស្ដីពី​ការ​វិនិយោគ​ថ្មី​ និង​ច្បាប់​ស្ដីពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​ ដែល​វិនិយោគិន​បាន​រង់ចាំ​ជា​យូរ​ ​អាច​នឹង​ត្រូវ​បញ្ចប់់​នា​ពេល​ឆាប់ៗ​ ខណៈ​​​លោក​​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន ​បាន​បញ្ជាក់​ថា ​លោក​បាន​​​ជំរុញ​ទៅ​​​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) ​ឲ្យ​បញ្ចប់​ការ​ធ្វើ​​វិសោធនកម្ម​ច្បាប់​នេះ​ឲ្យ​ចប់​សព្វ​​គ្រប់​នៅ​ចុង​ឆមាស​ទី១ ​ឆ្នាំ​នេះ​។

ថ្លែង​ក្នុង​វេទិកា​រាជរដ្ឋាភិបាល ​ផ្នែក​ឯកជន​លើក​ទី១៨ កាល​ពី​ថ្ងៃ​សុក្រ​ ​លោក ហ៊ុន សែន បាន​​ឲ្យ​ដឹង​ថា​ CDC ​បាន​​រៀបចំ​កិច្ច​​ប្រជុំ​ធំ​មួយ​ជា​មួយ​វិស័យ​ឯកជន និង​ភាគី​ពាក់ព័ន្ធ ដើម្បី​ពិគ្រោះ​យោបល់ និង​ផ្ដល់​ធាតុ​ចូល​បន្ថែម​លើ​ការ​រៀបចំ​សេចក្ដី​ព្រាង​វិសោធនកម្ម​ច្បាប់​ទាំង ​២ នេះ។​

លោក​បន្ត​ថា​ លោក​​បាន​​ស្នើ​ឲ្យ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​បញ្ចប់​សេចក្ដី​ព្រាង​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​វិនិយោគ ​និង​ច្បាប់​ស្ដីពី​តំបន់​សេដ្ឋកិច្ច​​ពិសេស​ ឲ្យ​បាន​រួចរាល់​នៅ​ចុង​​ឆមាស​ទី​១ ឆ្នាំ​ ២០១៩ នេះ​តាម​​ការ​គ្រោង​ទុក​។​

លោក​ ហ៊ុន សែន​ បាន​ថ្លែង​ថា​៖​ «​​វិធានការ​លើក​ទឹក​ចិត្ត​ ​​ជា​ឧបករណ៍​គោល​​នយោបាយ​គន្លឹះ​ដ៏​សំខាន់​មួយ សម្រាប់​​រដ្ឋាភិបាល​ទាក់ទាញ និង​តម្រង់​ទិស​​បង្គរ​ធនធាន​វិនិយោគ​របស់​វិស័យ​​ឯកជន​ ទៅ​លើ​វិស័យ​អាទិភាព​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ​និង​សង្គម»​។

លោក​បន្ត​ថា ជា​គោល​នយោបាយ​ ​​រដ្ឋាភិបាល​​ប្រើប្រាស់​លក្ខណៈ​វិនិច្ឆ័យ​ផ្សេង​គ្នា ក្នុង​ការ​កំណត់​ការ​លើក​ទឹក​ចិត្ត​ដល់​វិស័យ​នីមួយៗ ដូច​ជា​ការ​បង្កើត​ការងារ ការ​ប្រើប្រាស់​បច្ចេកវិទ្យា ការ​​ត​ភ្ជាប់​​ជា​មួយ​សហគ្រាស​​ធុន​តូច ​និង​មធ្យម វិស័យ​​នៃ​ការ​នាំចេញ។​ លោក​បញ្ជាក់​ថា៖ ​​«​រាជរដ្ឋាភិបាល​នឹង​​​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​ច្រើន​ទៅ​ដល់​វិស័យ​ណា ដែល​រដ្ឋាភិបាល​ចង់​ជំរុញ ​និង​គិត​ថា​បាន​ផ្ដល់ ផល​ប្រយោជន៍​ជា​ច្រើន​ដល់​សេដ្ឋកិច្ច និង​សង្គម​ជាតិ»​។

លោក​ក៏​​​បញ្ជាក់​ដែរ​ថា លោក​​បាន​អនុម័ត​ជា​គោលការណ៍​ឲ្យ​រៀបចំ​ដក​ជំពូក​មួយ​ច្បាប់​វិនិយោគ​ ដែល​ជា​ជំពូក​ស្ដីពី​ការ​លើក​ទឹក​ចិត្ត​ដល់​ការវិនិយោគ​ ចេញ​ពី​ច្បាប់​នេះ​ មក​ដាក់​នៅ​ក្នុង​ច្បាប់​ថវិកា​វិញ​ ហើយ​រៀបចំ​ជា​អនុក្រឹត្យ​​របស់​រាជរដ្ឋាភិបាល​សម្រាប់​ការ​អនុវត្ត ដើម្បី​ផ្ដល់​ភាព​​ទន់ភ្លន់​ក្នុង​ការ​ផ្លាស់​ប្តូរ​គោល​នយោបាយ​នៃ​ការ​លើក​ទឹក​ចិត្ត​ទៅ​លើ​វិស័យ​អាទិភាព​នានា​ឲ្យ​បាន​ឆាប់​រហ័ស​តាម​សេចក្ដី​ត្រូវ​ការ​ចាំបាច់​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​​កម្ពុជា ត​ទៅ​មុខ​ទៀត។​ តែ​លោក​បញ្ជាក់​ថា​ សមត្ថកិច្ច​នៅ​ក្នុង​ការ​អនុវត្ត​ច្បាប់​ស្ដីពី​វិនិយោគ​​និង​ច្បាប់​ស្ដីពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ នៅ​តែ​ស្ថិត​នៅ​លើ ​CDC ​ដដែល​។

ច្បាប់​វិនិយោគ​របស់​​​កម្ពុជា ​ត្រូវ​បាន​អនុម័ត​លើក​ដំបូង​ពី​សភា​​​ កាល​ពី​ឆ្នាំ ​១៩៩៤​។ បន្ទាប់​មក​ ច្បាប់​នេះ​​ត្រូវ​​បាន​​ពិនិត្យ​​ឡើង​វិញ​​កាល​ពី​ឆ្នាំ ​២០០៣ ប៉ុន្តែ​នៅ​តែ​រក្សា​ការ​មិន​ផ្លាស់​ប្តូរ​រហូត​មក​ដល់​ពេល​នេះ​។​

លោក​​ ​អ៊ិន​ ចាន់នី​ ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​ អេស៊ីលីដា បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា បច្ចុប្បន្ន​​ច្បាប់​វិនិយោគ​របស់​​​កម្ពុជា​ មាន​ភាព​ទាក់ទាញ​សម្រាប់​​ក្រុម​វិនិយោគិន​ និង​មាន​មុខងារ​ក្នុង​ការ​ទាក់ទាញ​កំណើន​ដ៏​ធំ​នៃ​ការ​វិនិយោគ​ផ្ទាល់​បរទេស​​​មក​ដល់​ពេល​នេះ។

លោក​បន្ថែម​ថា ច្បាប់​វិនិយោគ​របស់​កម្ពុជា​អាច​​ឲ្យ​​ជន​បរទេស​កាន់​កាប់​អាជីវកម្ម​ណា​មួយ​ ​១០០ ​ភាគរយ ផ្ដល់​ការ​លើក​ទឹក​ចិត្ត​ពន្ធ​សម្រាប់​វិស័យ​អាទិភាព​មួយ​ចំនួន​ និង​បើក​ចំហ​​សម្រាប់​ការ​វិនិយោគ​បរទេស​​។​ ​​លោក​ថ្លែង​ថា​៖ «​យើង​នឹង​រង់ចាំ​មើល សម្រាប់​ការ​ផ្លាស់ប្តូរ​​នៅ​ក្នុង​ការ​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​នេះ ហើយ​យើង​ជឿ​ជាក់​ថា នឹង​មាន​​ប្រយោជន៍​កាន់​តែ​ច្រើន​ដែល​ផ្ដល់​ដល់​ក្រុម​វិនិយោគិន​»។

លោក ម៉ី ​កល្យាណ ​ទីប្រឹក្សា​ជាន់​ខ្ពស់​នៅ​ឧត្តម​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិ បាន​ឲ្យ​ដឹងថា ការ​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​​ស្ដីពី​ការ​វិនិយោគ​នេះ​ ត្រូវ​បាន​វិស័យ​ឯកជន​រង់ចាំ​រយៈពេល​យូរ​មក​ហើយ។

លោក​ ម៉ី​ កល្យាណ ​មិន​បាន​ដឹង​ថា គ្មាន​អ្វី​ត្រូវ​ផ្លាស់​ខ្លាំង​នៅ​ក្នុង​ច្បាប់​នេះ​ទេ ប៉ុន្តែ​​លោក​ជឿជាក់​​ថា វា​នឹង​បង្កើត​ឡើង​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​របស់​ក្រុម​វិនិយោគិន ​និង​ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ការ​ផ្លាស់​ប្តូរ​នៃ​បរិយាកាស​វិនិយោគ​អាជីវកម្ម​​​ពេល​បច្ចុប្បន្ន​។

លោក​​បន្ថែម​ថា ​ច្បាប់​វិនិយោគ​របស់​កម្ពុជា ​ចាំបាច់​ត្រូវ​កែ​តម្រូវ​ ដើម្បី​ស្រប​តាម​បរិយាកាស​សេដ្ឋកិច្ច​ថ្មី​។ ​​លោក​ថ្លែង​ថា​៖ «​ការ​មាន​ច្បាប់​វិនិយោគ​ដែល​​មាន​ការ​ទាក់ទាញ​មួយ​ គឺ​សំខាន់​ណាស់ ​ប៉ុន្តែ​ការ​មាន​ការ​អនុវត្ត​ល្អ​ជា​ការ​ចាំបាច់​ផង​ដែរ​»។ លោក​បន្ថែម​ថា ​បញ្ហា​ប្រឈម​ជា​ទូទៅ​សម្រាប់​កម្ពុជា ​ភាគ-​ច្រើន​គឺ​អំពី​កង្វះ​ការ​អនុវត្ត​ល្អ​។

លោក​បញ្ជាក់ថា​៖ «​ជំហាន​ដំបូង​ យើង​ចាំបាច់​ត្រូវ​មាន​ច្បាប់​ល្អ និង​គោល​នយោបាយ​ល្អ ហើយ​ក្រោយ​មក​ យើង​ត្រូវ​ការ​ការ​អនុវត្ត​ល្អ។ យើង​ចាំបាច់​ត្រូវ​មាន​ច្បាប់​ និង​គោលនយោបាយ​ល្អ​មួយ​ជា​ដំបូង​ បន្ទាប់​មក​យើង​នឹង​កែ​តម្រូវ​​ការងារ​របស់​យើង​ជា​បណ្ដើរៗ​ឆ្ពោះ​ទៅ​រក​យុទ្ធសាស្ដ្រ​ដ៏​ល្អ​»៕​LA​