ភ្នំពេញ: មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ពាណិជ្ជកម្ម​រំពឹង​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​បញ្ចប់​ការពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី «​ការប្រកួតប្រជែង​» ព្រមទាំង​បញ្ជូន​ទៅ​រដ្ឋសភា​បោះឆ្នោត​គាំទ្រ​នៅពេល​ឆាប់ៗ​នេះ​។

ការរំពឹង​នេះ​បាន​កើត​មាន​ឡើង​ក្រោយពី​ក្រសួង​ពាណិជ្ជកម្ម​បាន​បញ្ជូន​សេចក្តី​ព្រាង​ខ្លឹមសារ​ក្នុង​ជំពូក​ចុងក្រោយ​ពាក់ព័ន្ធ​នឹង​នីតិវិធី​ស៊ើបអង្កេត និង​បទប្បញ្ញត្តិ​ទៅ​ក្រសួង​យុត្តិធម៌ ដើម្បី​ពិនិត្យ និង​សម្រេច​កាលពី​ថ្ងៃ​ពុធ​។

លោក ផាន អូន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ​នៃ​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ក្រុមការងារ​របស់​អគ្គនាយកដ្ឋាន​បាន​ធ្វើការ​ពិភាក្សា​លើ​នីតិវិធី​ស៊ើបអង្កេត​ក្នុង​ជំពូក​ ៤ និង​ទោស​ប្បញ្ញត្តិ​ក្នុង​ជំពូក​ ៦ នៃ​សេចក្តីព្រាងច្បាប់​នេះ​រួច​ហើយ​កាលពី​ថ្ងៃ​ចន្ទ​។

លោក​បន្តថា ក្រោយពី​បញ្ចប់​ការពិភាក្សា​លើ​ជំពូក​ទាំង​ ២ ​នេះ​អគ្គនាយកដ្ឋាន​បាន​បញ្ជូន​សេចក្តី​ព្រាង​នៃ​ខ្លឹមសារ​នៅក្នុង​ជំពូក​ ៤ និង​ជំពូក ៦ ទៅ​ក្រសួង​យុត្តិធម៌ ដើម្បី​ពិនិត្យ​ និង​សម្រេច​មុន​នឹង​លើក​យក​ច្បាប់​នេះ​ទៅ​ពិភាក្សា​ពេញអង្គ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​។

លោក​បាន​ថ្លែងថា​៖ «​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការប្រកួត​ប្រជែង​នេះ វា​មាន​អត្ថប្រយោជន៍​យ៉ាងខ្លាំង​ក្នុង​កិច្ចការ​ពាណិជ្ជកម្ម​ទី​ ១ លើក​ទឹកចិត្ត​ឲ្យ​មាន​ទំនាក់ទំនង​ធុរកិច្ច​ស្មើភាព​គ្នា និង​ស្មោះត្រង់​ទី​ ២ បង្កើន​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ក្នុង​ការធ្វើ​ធុរកិច្ច​នៅ​កម្ពុជា​ជាដើម​»​។

លោក ស៊ាង ថៃ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រាប់ថា សេចក្តី​ព្រាងច្បាប់​ស្តីពី​ការប្រកួតប្រជែង​បាន​ធ្វើការ​ប្រជុំពិភាក្សា​ជា​អន្តរក្រសួង​រួចរាល់​ហើយ​នៅ​ទីស្តី​គណៈរដ្ឋមន្ត្រី​ដោយ​បច្ចុប្បន្ន​ក្រសួងយុត្តិធម៌ កំពុង​ធ្វើការ​ពិនិត្យ និង​សម្រេច​លើ​ជំពូក​ចុងក្រោយ​ពាក់ព័ន្ធ​នឹង​ទោសប្បញ្ញត្តិ​។

លោក​បន្ថែមថា​៖ «​ក្រោយពី​ក្រសួងយុត្តិធម៌​ពិនិត្យ​រួចរាល់​លើ​ជំពូក​ចុងក្រោយ​នេះ យើង​នឹង​យក​សេចក្តី​ព្រាង​ច្បាប់​នេះ​មក​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី បន្ទាប់មក​នឹង​បញ្ជូន​ទៅ​រដ្ឋសភា ដោយ​យើង​សង្ឃឹម​ថា នឹង​អាច​បញ្ចប់​សេចក្តី​ព្រាង​ច្បាប់​នេះ​ក្នុង​ពេល​ឆាប់ៗ​»​។

យោងតាម​លោក ស៊ាង ថៃ សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការប្រកួតប្រជែង​មាន ៤៧ មាត្រា និង ៧ ​ជំពូក​។

លោក ហុង វណ្ណៈ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​និយាយ​ថា បើ​ច្បាប់​ស្តីពី​ការប្រកួតប្រជែង​ត្រូវបាន​បង្កើតឡើង ប្រទេស​កម្ពុជា​នឹង​ក្លាយ​ជា​គោលដៅ​ក្នុង​ការទាក់ទាញ​វិនិយោគិន​បរទេស​មក​វិនិយោគ​កាន់តែ​ច្រើន​។

លោក​បន្ថែមថា ច្បាប់​នឹង​ផ្តល់​ភាពកក់ក្តៅ​បន្ថែមទៀត​ដល់​អ្នកវិនិយោគ ក្នុង​ការដោះស្រាយ​ក្នុង​វិវាទ​ពាណិជ្ជកម្ម​។

លោក​ថ្លែងថា​៖ «​ការបង្កើត​ច្បាប់​នេះ​ជា​ការបោះជំហាន​វិជ្ជមាន​មួយ​ក្នុង​ការឆ្លើយ​ទៅ​នឹង​អ្នក​វិនិយោគិន​ធំៗ​ពី​បរទេស​ដែល​ចង់បាន​ច្បាប់​នេះ​។ ច្បាប់​នេះ​នឹង​ផ្តល់​ប្រយោជន៍​ដល់​វិនិយោគិន​បរទេស និង​ក្នុងស្រុក​ក្នុង​ការដោះស្រាយ​វិវាទ​ពាណិជ្ជកម្ម ហើយ​វា​នឹង​ផ្តល់​ភាពកក់ក្តៅ​ដល់​វិនិយោគិនផងដែរ​»៕