តូក្យូៈ យោងតាមការចុះផ្សាយ របស់សារព័ត៌មានប្រចាំថ្ងៃ Nikkei របស់ជប៉ុន បានឲ្យដឹងថា ប្រទេស ជប៉ុន នឹងស្នើគោលការណ៍ណែនាំថ្មី ស្ដីពីជំនួយអភិវឌ្ឍន៍នៅពេលប្រទេសនេះធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង ២០ ឬ ប្រទេស G20 នៅខែមិថុនា ខណៈប្រទេសនេះព្យាយាមត្រួតពិនិត្យឥទ្ធិពលកាន់តែកើនឡើងរបស់ប្រទេស ចិន តាមរយៈគម្រោងហេដ្ឋារចនាសម្ព័ន្ធ។
ប្រភពមួយបានប្រាប់សារព័ត៌មាន Nikkei ថា គោលការណ៍ណែនាំថ្មីនេះ ដែលហៅដោយសាកល្បងថា «គោលការណ៍ណែនាំ G-20 ស្ដីពីការវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព» នឹងប្រឆាំងរាល់អំពើពុករលួយ និងស្ថិរភាពសារពើពន្ធ ដែលជាគោលការណ៍ណែនាំដ៏សំខាន់សម្រាប់ជំនួយអភិវឌ្ឍន៍ ក្នុងការជំរុញឲ្យម្ចាស់ជំនួយធំៗ ដូចជាប្រទេស ចិន ត្រូវអនុវត្តបទដ្ឋានអន្តរជាតិ នៅពេលអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ី និងអាហ្រ្វិក។
ក្នុងចំណោមគោលការណ៍ណែនាំទាំងនោះ គឺការបើកចំហដល់ការវិនិយោគមកពីគ្រប់ប្រទេស និងតម្លាភាពគម្រោង។ សំណើនេះនឹងអំពាវនាវឲ្យម្ចាស់ជំនួយត្រូវពិចារណាពីសមត្ថភាពរបស់ប្រទេសមួយ ក្នុងការសងបំណុលរបស់ខ្លួន។
គោលការណ៍ទាំងនេះមានន័យថា ដើម្បីត្រួតពិនិត្យការវិនិយោគដ៏ច្រើនរបស់ប្រទេស ចិន នៅក្នុងបណ្ដាប្រទេសក្រីក្រនៅអាស៊ី និងអាហ្រ្វិក ស្ថិតក្រោមគំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវាត់ និងផ្លូវ។
ទីក្រុងប៉េកាំង ត្រូវបានគេនិយាយថា កំពុងផ្ដល់កម្ចីដល់ប្រទេសទាំងនោះ ដោយមានការទាក់ទងបន្តិចបន្តួចទៅនឹងលទ្ធភាពទទួលជោគជ័យផ្នែកសេដ្ឋកិច្ចរបស់គម្រោងទាំងនេះ ឬសមត្ថភាពរបស់អ្នកទទួលក្នុងការសងប្រាក់កម្ចី។
កំពង់ផែ Hambantota របស់ប្រទេស ស្រីលង្កា គឺជាឧទាហរណ៍ស្រាប់។ កំពង់ផែនេះត្រូវបានអភិវឌ្ឍជាមួយនឹងជំនួយរបស់ប្រទេស ចិន ប៉ុន្តែបានបរាជ័យក្នុងការរកប្រាក់ចំណូលឲ្យបានច្រើនតាមផែនការ ហើយទីបំផុតត្រូវបានកាន់កាប់ដោយប្រទេស ចិន ។
ប្រទេស ចិន មិនមែនជាសមាជិករបស់អង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ និងគណៈកម្មាធិការជំនួយអភិវឌ្ឍន៍ទេ ដែលមានន័យថា ប្រទេសនេះប្រតិបត្តិការនៅក្រៅច្បាប់ដែលគ្រប់គ្រងដោយម្ចាស់ជំនួយធំៗ ដូចជាអាមេរិក អឺរ៉ុប និងជប៉ុន។
ចិនមិនជំទាស់ដោយបើកចំហនឹងគោលការណ៍ G-20 ថ្មីនេះទេ ទោះបីជាទីក្រុងប៉េកាំងអាចបង្ហាញការខ្វែងគំនិត ឬស្នើសុំឲ្យផ្លាស់ប្តូរចំពោះពាក្យពេចន៍ណាមួយក៏ដោយ។
នេះមិនមែនជាលើកដំបូងនោះទេ ដែលទីក្រុងតូក្យូបានស្នើឡើងគោលការណ៍ជំនួយ។ ក្នុងនាមជាប្រទេសម្ចាស់ផ្ទះកិច្ចប្រជុំប្រទេស G7 កាលពីឆ្នាំ ២០១៦ ជប៉ុនបានជំរុញឲ្យមានការអនុម័ត «គោលការណ៍ G7 សម្រាប់ការលើកកម្ពស់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពផងដែរ»។
កិច្ចប្រជុំកំពូល G20 ដែលធ្វើនៅទីក្រុង Hangzhou ប្រទេស ចិន កាលពីខែកញ្ញា បានបញ្ជាក់ពីសារៈសំខាន់នៃ «ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រកបដោយស្ថិរភាព» នៅក្នុងសេចក្ដីប្រកាសរបស់ខ្លួនផងដែរ ប៉ុន្តែមិនមានការលើកឡើងជាក់លាក់ពីតម្លាភាព ឬស្ថិរភាពសារពើពន្ធនោះទេ។
លោកនាយករដ្ឋមន្ដ្រីជប៉ុន ស៊ីនហ្សូ អាបេ ត្រូវតែជំរុញឲ្យមានគោលការណ៍ណែនាំជំនួយកាលពីពេលកន្លងមក។ ឧទាហរណ៍ ក្នុងអំឡុងដំណើរទស្សនកិច្ចកាលពីខែតុលារបស់លោកទៅកាន់ប្រទេស ចិន លោក អាបេ បានអំពាវនាវឲ្យទីក្រុងប៉េកាំងគោរពតាមការអនុវត្តរបស់ម្ចាស់ជំនួយដែលទទួលយកជាអន្តរជាតិទាក់ទងនឹងការបើកចំហ តម្លាភាព និងស្ថិរភាព។
លោក អាបេ បានជំរុញឲ្យទីក្រុងប៉េកាំងត្រូវធ្វើការជាមួយទីក្រុងតូក្យូ និងទីក្រុងវ៉ាស៊ីនតោនផងដែរ ដែលកំពុងជំរុញឲ្យមានតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ៕LA