ក្រុងតូក្យូៈ មន្ដ្រី ១ រូបបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេស ជប៉ុន កំពុងរៀបចំផែនការ រឹតបន្តឹងបទប្បញ្ញត្តិគ្រប់គ្រងក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា ក្រុមហ៊ុន Google និងក្រុមហ៊ុន Facebook បន្ទាប់ពីក្រុមអ្នកជំនាញបានអំពាវនាវឲ្យមានការត្រួតពិនិត្យកាន់តែប្រសើរលើការប្រកួតប្រជែង និងភាពឯកជន។
ប្រទេស ជប៉ុន បានអនុវត្តតាមបណ្ដាប្រទេសផ្សេងទៀតក្នុងការត្រួតពិនិត្យតួនាទីលើសលប់របស់ក្រុមហ៊ុនព័ត៌មានវិទ្យាឈានមុខនានាក្នុងពិភពលោក ដែលរួមទាំងក្រុមហ៊ុនបច្ចេកវិទ្យាធំៗចំនួន ៤ មានដូចជាក្រុមហ៊ុន Google ក្រុមហ៊ុន Apple ក្រុមហ៊ុន Facebook និងក្រុមហ៊ុន Amazon។
នៅពេលនេះ រដ្ឋាភិបាលបានចេញរបាយការណ៍មួយ ដោយមានមូលដ្ឋានលើគំនិតរបស់អ្នកជំនាញ ដែលជំរុញឲ្យមានផែនការត្រួតពិនិត្យបទប្បញ្ញត្តិថ្មីនៅឆ្នាំក្រោយ។
របាយការណ៍នេះបានឲ្យដឹងថា ទោះបីជានាំយកមកនូវអត្ថប្រយោជន៍ក៏ដោយ ក៏ក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំងនេះ «មាននិន្នាការធ្វើអាជិវកម្មផ្ដាច់មុខក្នុងទីផ្សារ តាមរយៈលក្ខណពិសេសរបស់ខ្លួន ដូចជាតម្លៃទាប និងសេដ្ឋកិច្ចមាត្រដ្ឋាន (economies of scale)»។
របាយការណ៍នេះ អំពាវនាវឲ្យមានការការពារកាន់តែប្រសើរ នូវភាពឯកជនរបស់អតិថិជន និងឲ្យមានភាពស្មើភាព និងតម្លាភាពបន្ថែមទៀតពីក្រុមហ៊ុន អំពីបច្ចេកវិទ្យា ដែលគ្រប់គ្រងលទ្ធភាពចូលទីផ្សារ។
មន្ដ្រីមួយរូបនៃក្រសួងពាណិជ្ជកម្មជប៉ុនប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា៖ «ដោយពឹងផ្អែកលើរបាយការណ៍នេះរដ្ឋាភិបាល នឹងប្រកាសគោលការណ៍ជាផ្លូវការសម្រាប់បទប្បញ្ញត្តិថ្មី» នៅរយៈពេល ២ សប្ដាហ៍ក្រោយ។
អាជ្ញាធរប្រឆាំងភាពផ្ដាច់មុខរបស់ប្រទេស ជប៉ុន បានឲ្យដឹងរួចហើយថាពួកគេរៀបចំផែនការមួយ ដើម្បីស៊ើបអង្កេតថា តើក្រុមហ៊ុនបច្ចេកវិទ្យាពិភពលោកទាំងនោះកំពុងប្រើប្រាស់តួនាទីនាំមុខទីផ្សាររបស់ពួកគេ ដើម្បីកេងចំណេញក្រុមហ៊ុនម៉ៅការ ឬរារាំងការប្រកួតប្រជែងដែរឬយ៉ាងណា?
ការសម្រេចចិត្តរបស់ជប៉ុនក្នុងការរឹតបន្តឹងបទប្បញ្ញត្តិនានានេះកើតមានឡើងខណៈដែលអាជ្ញាធរអឺរ៉ុប បង្រ្កាបលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាមេរិក។
នៅដើមឆ្នាំនេះ សហភាពអឺរ៉ុបផាកពិន័យក្រុមហ៊ុន Google ចំនួន ៤,៣៤ ពាន់លានអឺរ៉ូ (៥ ពាន់លានដុល្លារ) ដោយចោទប្រកាន់ក្រុមហ៊ុននេះពីបទការធ្វើអាជីវកម្មផ្ដាច់មុខតាមរយៈប្រព័ន្ធ Android របស់ខ្លួន៕ AFP/LA