ក្រុងបាងកកៈ លោក Veerathai Santiprabhob ទេសាភិបាល​ធនាគារ​កណ្តាល​ថៃ​បាន​ប្រញាប់ប្រញាល់​បន្ធូរបន្ថយ​ក្តីបារម្ភ​អំពី​ការប្រឈមមុខ​ដាក់​គ្នា​ផ្នែក​ពាណិជ្ជកម្ម​រវាង​មហា​អំណាច​សេដ្ឋកិច្ច​ពិភពលោក​ទាំង​ ២ ដោយ​បាន​លើក​ឡើង​ថា វា​នឹង​មិន​ប៉ះពាល់​ដោយ​ផ្ទាល់​ទៅ​លើ​ម៉ាក្រូសេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​ទេ ដោយសារ​ផលិតផល​ដែល​ស្ថិត​ក្រោម​ការគំរាមកំហែង​នៃ​អត្រាពន្ធ​កាន់តែ​ខ្ពស់​របស់​អាមេរិក​នោះ​មាន​ទំហំ​តិចតួច​នៃ​ការនាំ​ចេញ​របស់​ប្រទេស​ថៃ​។

តែ​លោក​បន្ត​ថា​គោលនយោបាយ​ដែល​មាន​លក្ខណៈ​គាំពារ​និយម​របស់​អាមេរិក​អាច​មាន​ឥទ្ធិពល​លើ​វិស័យ​ពាណិជ្ជកម្ម​មួយ​ចំនួន​ក្រុមហ៊ុន​ផលិតកម្ម និង​ផលិតផល​នាំចេញ​។ លោក Veerathai ថ្លែង​ថា​ជម្លោះ​នេះ​មាន​ទាំង​ផលចំណេញ និង​បញ្ហា​ប្រឈម​ចំពោះ​ប្រទេស​ថៃ​។

ផលិតផល​ដែល​អាច​ប្រឈម​នឹង​អត្រាពន្ធ​កាន់តែ​ខ្ពស់​របស់​អាមេរិក រួមមាន ដែក អាលុយមីញ៉ូម ផ្ទាំង​កញ្ចក់​សូឡា និង​ម៉ាស៊ីន​បោក​សម្លៀកបំពាក់​។

លោក​បាន​បន្ត​ថា​ធនាគារកណ្តាល​ថៃ​នឹង​បន្ត​ពិនិត្យ​តាមដាន​ស្ថានភាព​នេះ​។

មួយ​ផ្នែក​ដោយសារ​ក្តីបារម្ភ​អំពី​ផលប៉ះពាល់​ជា​អវិជ្ជមាន​ពី​សង្គ្រាម​ពាណិជ្ជកម្ម ដែល​អាច​បង្ក​ការខាតបង់​មួយ​នោះ​លោក​ឧបនាយករដ្ឋមន្ត្រី​ថៃ Somkid Jatusripitak បាន​រៀបចំ​កិច្ចប្រជុំ​រួម​មួយ​ជាមួយ​នឹង​ក្រុម​រដ្ឋមន្ត្រី​សេដ្ឋកិច្ច និង​ទី​ភ្នាក់ងារ​រដ្ឋ​ពាក់ព័ន្ធ​។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ថៃ Somkid Jatusripitak ថ្លែង​ថា​ក្រសួង​ពាណិជ្ជកម្ម ត្រូវ​បាន​បង្គាប់​ឲ្យ​ពិនិត្យ​តាមដាន​ជម្លោះ​ពាណិជ្ជកម្ម​រវាង​មហាអំណាច​ទាំង​ ២ ​ដោយ​លោក​បាន​លើក​ឡើង​ថា​វា​នៅ​តែ​ឆាប់​រហ័ស​ពេក​ក្នុង​ការ​វាយតម្លៃ​ថា តើ​ជម្លោះ​ពាណិជ្ជកម្ម​នេះ​នឹង​មាន​រយៈពេល​យូរ​ប៉ុនណា​នោះ​។

លោក Sontirat Sontijirawong រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ថ្ងៃ​ចន្ទ​បាន​ឲ្យ​ដឹងថា ក្រសួង​នឹង​នៅតែ​ប្រកាន់​យក​ទិសដៅ​កំណើន​នាំចេញ ៨ ភាគរយ​របស់​ខ្លួន​ដដែល​នៅ​ក្នុង​ឆ្នាំ​នេះ​ដោយសារ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន​អាច​មាន​ផលប៉ះពាល់​តិចតួច​លើ​ការនាំ​ចេញ​របស់​ប្រទេស​ថៃ​។

ប្រទេស​ថៃ ​អាច​មាន​ឱកាស​បង្កើន​ការនាំ​ចេញ​ទៅ​អាមេរិក​ពី ៣០០ លាន​ដល់ ១,១ ពាន់​លាន​ដុល្លារ ដើម្បី​ជំនួស​ឲ្យ​ផលិតផល​របស់​ចិន និង​អាច​នាំ​ចេញ​ទំនិញ​តម្លៃ​ជាង ៣០០ លាន​ដុល្លារ​ទៅ​ចិន​ផង​ដែរ ដើម្បី​ជំនួស​ផលិតផល​របស់​អាមេរិក​៕ BP