ភ្នំពេញៈ ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលប្រតិបត្តិការស្ទើរគ្រប់វិស័យក្នុងប្រទេសកម្ពុជាបានទិញយកគម្រោងអភិវឌ្ឍន៍ក្រុងរណប ហ្គ្រេន ភ្នំពេញក្នុងតម្លៃមិនត្រូវបានបញ្ចេញមួយ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ ហ្គ្រេន ភ្នំពេញ ដែលបានចុះកាលបរិច្ឆេទកាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១៩។
សេចក្តីប្រកាសបានឲ្យដឹងថា ហ្គ្រេន ភ្នំពេញ អ៊ីនធើណេសិនណល ស៊ីធី ខូអិលធីឌី ដែលជាម្ចាស់លើគម្រោងអភិវឌ្ឍន៍ក្រុងរណប ហ្គ្រេន ភ្នំពេញ បានសម្រេចលក់អចលនទ្រព្យ និងសិទ្ធិគ្រប់គ្រងអាជីវកម្មទាំងអស់របស់ខ្លួនទៅឲ្យក្រុមហ៊ុន ជីប ម៉ុង លែន ខូ អិលធីឌី ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប។
សេចក្តីជូនដំណឹងដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីថ្ងៃទី ១៧ ខែតុលា ត្រូវបានចុះហត្ថលេខាដោយអ្នកស្រី ម៉ៅ ម៉ាល័យ ជាគណៈគ្រប់គ្រងរបស់ក្រុមហ៊ុន ហ្គ្រេន ភ្នំពេញ អ៊ីនធើណេសិនណល។
សេចក្តីប្រកាសបានឲ្យដឹងថា៖ «យើងខ្ញុំបានរៀបចំផ្ទេរសិទ្ធិគ្រប់គ្រងក្រុមហ៊ុនទាំងអស់ទៅឲ្យក្រុមហ៊ុនថ្មី គឺក្រុមហ៊ុន ជីប ម៉ុង លែន ខូអិលធីឌី ដែលតំណាងដោយ លោកឧកញ៉ា លាង ឃុន និងលោកឧកញ៉ា លាង ម៉េង ចាប់ពីថ្ងៃចុះហត្ថលេខាលើលិខិតជូនដំណឹងនេះតទៅ»។
ហ្គ្រេន ភ្នំពេញ គឺជាក្រុងរណបមួយស្ថិតនៅភាគខាងជើងរាជធានីភ្នំពេញលើផ្ទៃដី ២៦០ ហិកតា ក្នុងខណ្ឌឫស្សីកែវ។
ពីពេលដំបូងគម្រោងនេះជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនក្នុងស្រុក YLP Group Co., Ltd ជាមួយក្រុមហ៊ុន Indonesia''s Ciputra Group លើទុនវិនិយោគដំបូងចំនួន ៦០០ លានដុល្លារ។
បន្ទាប់ពីចាប់ផ្តើមដំណើរការសាងសង់លំនៅឋាន និងតំបន់កម្សាន្តមួយចំនួន គម្រោងនេះមិនបានធ្វើការអភិវឌ្ឍអ្វីដែលគួរឲ្យកត់សម្គាល់នោះទេរហូតមកទល់ពេលបច្ចុប្បន្ន។
ក្រុមការងារទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃព្រហស្បតិ៍ថា បន្ទាប់ពីទទួលបានសិទ្ធិគ្រប់គ្រង ក្រុមហ៊ុន ជីប ម៉ុង លែន នឹងអភិវឌ្ឍអចលនទ្រព្យនេះឲ្យក្លាយទៅជាកន្លែងរស់នៅមួយដ៏ល្អដោយនឹងមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្សារទំនើបខ្នាតធំ និងអភិវឌ្ឍបន្ថែមលើអ្វីដែលកំពុងមានស្រាប់នៅទីនោះ។
ក្រុមហ៊ុននេះបានឲ្យដឹងថា៖ «ក្រុមហ៊ុននឹងធ្វើការអភិវឌ្ឍលំនៅឋានដែលមានគុណភាពខ្ពស់ ទាន់សម័យ ដើម្បីបម្រើសេចក្តីត្រូវការរបស់អតិថិជនដោយប្រើប្រាស់ជំនាញ និងបទពិសោធដែលក្រុមហ៊ុន ជីប ម៉ុង លែន មានក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនាពេលកន្លងមក»។
ទោះយ៉ាងណាតម្លៃនៃការទិញសិទ្ធិគ្រប់គ្រងបន្តនេះមិនត្រូវបានប្រាប់ឲ្យដឹងនោះទេ។ ចំណែករយៈពេលអភិវឌ្ឍន៍បន្តនេះ ក៏មិនត្រូវបានក្រុមហ៊ុនបង្ហើបឲ្យដឹងនោះដែរ។
បច្ចុប្បន្ន ជីប គ្រុប ម៉ុង លែន ខូអិលធីឌី គឺជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងអគារធំៗ និងលំនៅឋានជាច្រើនក្នុងរាជធានីភ្នំពេញ។ ក្រុមហ៊ុននេះ គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលមានអាជីវកម្មជាច្រើន ដូចជា រោងចក្រផលិតស្រាបៀរកម្ពុជា រោងចក្រផលិតស៊ីម៉ងត៍ ក្រុមហ៊ុននាំចូលសម្ភារសំណង់ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងធនាគារ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានបដិសេធធ្វើអត្ថាធិប្បាយលើគម្រោងនេះដោយប្រាប់ថា លោកមិនទាន់មានព័ត៌មានលម្អិត៕