ភ្នំពេញៈ ចំនួន​ជើង​ហោះហើរ​ដែល​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​ ៣ របស់​កម្ពុជា​ទទួលបាន​ក្នុង​ខែមីនា​នេះ​ត្រូវបាន​ព្យាករ​ថា ធ្លាក់ចុះ​ប្រមាណ​ ៤០ ​ភាគរយ បើ​ធៀប​ទៅនឹង​ខែ​ចុងក្រោយ​នៃ​ឆ្នាំ​ ២០១៩ ដែលជា​ពេល​នៅ​មិនទាន់​មានការ​​រីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​។ នេះ​បើ​យោងតាម​ទិន្នន័យ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​ ៣​។

ទិន្នន័យ​នេះ​ត្រូវបាន​លើកឡើង​ក្នុងឱកាស​នៃ​ការជួប​សំណេះសំណាល​រវាង​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ជាមួយ​នឹង​មន្ត្រីនគរបាល​អន្តោប្រវេសន៍​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កាលពី​ថ្ងៃ​អង្គារ​។

សេចក្តី​រាយការណ៍​របស់​តំណាង​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង ៣ បាន​ឲ្យ​ដឹងថា​កាលពី​ខែ​ធ្នូ ឆ្នាំ​ ២០១៩ មាន​ជើងហោះហើរ​អន្តរជាតិ​ចូលមក​កម្ពុជា​សរុប ៤ ២៤១ ប៉ុន្តែ​នៅ​ខែមីនា​នេះ​មានតែ ២ ៥៧៥ ​ជើង​ប៉ុណ្ណោះ ​ថយចុះ​ប្រមាណ ៤០ ​ភាគរយ​។

ចំណែក​អ្នកដំណើរ​អន្តរជាតិ​មាន​ចំនួន ៣៦២ ៤១៤ ​នាក់ ខណៈ​ក្នុង​ខែមីនា បានតែ ១៧០ ៣៨៧ ​នាក់​ថយចុះ​ ៥៥ ​ភាគរយ​។

លោក ស ខេង​បាន​និយាយថា រហូត​មក​ដល់​ពេលនេះ​មាន​ប្រទេស​ជាច្រើន​បាន​ជ្រើសរើស​យក​វិធានការ​ដើម្បី​ការពារ​ប្រទេស​ពួកគេ​ពី​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ បើទោះបី​ដឹងថា​វិធានការ​នោះបាន​ធ្វើឲ្យ​ប៉ះពាល់​ខ្លាំង​ទៅដល់​កំណើន​សេដ្ឋកិច្ច និង​ជីវភាព​ប្រជាជន​ក្នុងសង្គម​ក៏ដោយ​។

លោក​ថែ្លង​បន្តថា វិធានការ​នោះ​ក៏មាន​ការបិទ​ជើង​ហោះហើរ​ផងដែរ​ដោយ​ប្រទេស​ខ្លះ​សម្រេច​បិទ​ជើងយន្តហោះ​​ទាំងស្រុង និង​ប្រទេស​ខ្លះ​បិទ​ជាង ៩០ ​ភាគរយ​។

លោក​បន្តថា នេះ​ជា​មូលហេតុ​ដែល​ធ្វើឲ្យ​ចំនួន​ជើងហោះហើរ​នៅ​កម្ពុជា​ធ្លាក់ចុះ​។ លោក​ថ្លែងថា​៖ «​សម្រាប់​កម្ពុជា​ផ្លូវអាកាស​យើង​មិនបាន​បិទ​ទេ ប៉ុន្តែ​ដោយសារ​ប្រទេស​នានា​គេ​បិទ​មាន​ន័យ​ដូចជា​យើង​បិទ​ដែរ​»​។

បើ​តាម​លោក ស ខេង រហូត​មក​ដល់​ពេលនេះ​កម្ពុជា​មិនមាន​ផែនការ​បិទ​ព្រលាន​យន្តហោះ ឬ​ព្រំដែន​ទេ បើទោះបី​ជា​ប្រទេស​ជិតខាង​កម្ពុជា​បានប្រកាស​បិទ​ជាមួយ​កម្ពុជា​ក៏ដោយ​។

លោក ខៀវ ធី ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍​អង្គរ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា អ្នក​នៅក្នុង​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​កំពុង​ទទួលរង​គ្រោះ​យ៉ាងខ្លាំង​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ១៩ នេះ​ដោយ​បច្ចុប្បន្ន​មិនមាន​ភ្ញៀវទេសចរ​តែម្តង​។

លោក ធី បាន​អះអាង​ថា​៖ «​ចាប់ពី​ថ្ងៃទី​ ១៥ ខែ​មីនា មក​​ខ្ញុំ​អាច​និយាយថា គឺ​មិនមាន​មគ្គុទ្ទេសក៍​ទេសចរណ៍​រូប​ណា​មាន​ភ្ញៀវ​ទៀត​ទេ គឺ​សូន្យ​តែម្តង​»​។

លោក​បន្តថា ប្រសិនបើ​អ្នកវិទ្យាសាស្ត្រ​មិនទាន់​អាច​រកឃើញ​វ៉ាក់សាំង ឬ​ថ្នាំ​ព្យាបាល​យូរ​តទៅ​ទៀត​គឺ​ការខូចខាត​ក្នុង​វិស័យ​ទេសចរណ៍​នឹងមាន​ទំហំ​កាន់តែ​ធំ ខណៈ​បច្ចុប្បន្ន​មាន​សមាជិក​ក្នុង​សមាគម​របស់លោក​ជាច្រើន​នាក់​ត្រូវ​សម្រាក​នៅផ្ទះ ឬ​ទៅ​ប្រកប​មុខរបរ​ផ្សេង​វិញ​។

កាលពី​ឆ្នាំ​ ២០១៩ តាម​ការប៉ាន់ប្រមាណ​មគ្គុទ្ទេសក៍​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​ជា​មធ្យម​អាច​រកចំណូល​បាន​ក្នុង​រង្វង់ ៥០០ ​ដុល្លារ​ក្នុង​ ១ ​ខែ​។ នេះ​បើ​តាម​លោក ខៀវ ធី​។

របាយការណ៍​ក្រសួង​ទេសចរណ៍​បាន​បង្ហាញថា ក្នុង​ខែ​មករា ឆ្នាំ​ ២០២០ កម្ពុជា​ទទួល​បាន​ភ្ញៀវ​អន្តរជាតិ​សរុប​ ៥៤៧ ៩៦៣​ នាក់​ធ្លាក់ចុះ ១៥,៣ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៩ ដែលមាន​ចំនួន ៦៤៧ ២០៦ ​នាក់​។ ក្នុងនោះ​ការធ្វើដំណើរ​តាមផ្លូវ​អាកាស​មាន​ចំនួន ៣៣២ ១៣៤ ​នាក់​ធ្លាក់ចុះ ១៧,៧ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៩ ដែល​មាន​ចំនួន ៤០៣ ៤០៦ ​នាក់​ចំណែក​ការធ្វើដំណើរ​តាមផ្លូវ​គោក​មាន​ចំនួន ១៨៩ ៤១២ ​នាក់​ធ្លាក់ចុះ ១៣,៦ ​ភាគរយ និង​ការធ្វើដំណើរ​តាមផ្លូវ​ទឹក​មាន​ចំនួន ២៦ ៤១៧ ​នាក់​កើនឡើង ៨ ​ភាគរយ​។

ទិន្នន័យ​បាន​ឲ្យ​ដឹង​ទៀតថា ភ្ញៀវទេសចរ​ចិន​មាន​ចំនួន​ច្រើន​ជាងគេ​គឺ ១២៣ ៥៥០ ​នាក់​ ធ្លាក់ចុះ ៣២,៣ ​ភាគរយ​ពី​ចំនួន ១៨២ ៤៤៩ ​នាក់​ ភ្ញៀវ​ជនជាតិ​វៀតណាម​មាន​ចំនួន ៧៥ ៩២៦ ​នាក់ កើនឡើង ១៩,៦ ​ភាគរយ ភ្ញៀវ​ថៃ​មាន​ចំនួន ៥៣ ៨៧៤ នាក់ ​កើនឡើង ២២,២ ​ភាគរយ ភ្ញៀវ​ជនជាតិ​កូរ៉េ​មាន​ចំនួន ៣៧ ២០៦ ​នាក់​ ធ្លាក់ចុះ ១០,១ ​ភាគរយ និង​ភ្ញៀវ​ជនជាតិ​អាមេរិក​មាន​ចំនួន ៣០ ៣១៥ ​នាក់ កើនឡើង ០,២ ​ភាគរយ​៕LA