ភ្នំពេញ: កំណើននៃការអភិវឌ្ឍវិស័យលំនៅឋាននៅកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឲ្យធនាគារជាច្រើនបាននិងកំពុងដាក់ចេញគោលនយោបាយអត្រាការប្រាក់កាន់តែទាក់ទាញសម្រាប់អតិថិជន ខណៈតម្រូវការលំនៅឋានកាន់តែកើនឡើង។
បច្ចុប្បន្នការផ្តល់ជូនអត្រាការប្រាក់សម្រាប់ទិញផ្ទះបានធ្លាក់មកនៅចន្លោះជាមធ្យមពីជាង ៤ ភាគរយ ទៅជាង ៨ ភាគរយ ក្នុងមួយឆ្នាំ ទៅតាមលក្ខខណ្ឌធនាគារនីមួយៗ បើធៀបនឹងរយៈពេល ៥ ឆ្នាំ ដែលមានចន្លោះពី ១០ ទៅ ១២ ភាគរយ។ នេះបើយោងតាមលោក អ៊ូ សុផាណារិទ្ធ ប្រធានហិរញ្ញវត្ថុធនាគារកាណាឌីយ៉ា។
លោកបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអង្គារថា ការប្រកួតប្រជែងអត្រាការប្រាក់លើឥណទានគេហដ្ឋានក្នុងវិស័យធនាគារគឺជាកត្តាល្អសម្រាប់អតិថិជន។ លោកថ្លែងថា៖ «អតិថិជនអាចមានលទ្ធភាពទិញគេហដ្ឋានសម្រាប់រស់នៅ បើធៀបនឹង [ការបង់ថ្លៃ] ជួលផ្ទះគេនឹងអត្រាការប្រាក់ធនាគារ វាស្ថិតក្នុងចំណុចសមរម្យ»។
លោកបន្តថា អត្រាការប្រាក់សម្រាប់ឥណទានទិញផ្ទះក្នុងវិស័យធនាគារបច្ចុប្បន្ននេះមានកម្រិតទាប បើធៀបនឹងកាលពី ៥ ឆ្នាំមុន។ លោកបន្តថា ការផ្តល់ជូនអត្រាការប្រាក់លើប្រាក់បញ្ញើ និងបញ្ញើសន្សំពីសំណាក់ធនាគារ ក៏ជាផ្នែកមួយនៃឥទ្ធិពលដល់ការផ្តល់ជូនអត្រាការប្រាក់សម្រាប់ឥណទានគេហដ្ឋានផងដែរ។
លោកថ្លែងថា៖ «សព្វថ្ងៃប្រព័ន្ធធនាគារទាំងអស់ពឹងផ្អែកប្រភពមួយពីប្រាក់បញ្ញើ ហើយអត្រាការប្រាក់បញ្ញើនៅកម្ពុជាមានកម្រិតខ្ពស់បើធៀបនឹងប្រទេសជិតខាង ដូច្នេះពេលអត្រាការប្រាក់បញ្ញើថយចុះ តម្លៃនៃចំណាយរបស់ធនាគារទាបធ្វើឲ្យធនាគារមានលទ្ធភាពបញ្ចុះអត្រាការប្រាក់កម្ចីឥណទានបន្ថែមទៀត»។
តាមលោក អ៊ូ សុផាណារិទ្ធ ធនាគារកាណាឌីយ៉ាបានផ្តល់អត្រាការប្រាក់បញ្ញើក្នុងអត្រា ៤,៥ ភាគរយ ក្នុងមួយឆ្នាំហើយអាចប្រែប្រួលអាស្រ័យលើទំហំប្រាក់បញ្ញើរបស់អតិថិជន។
លោកបន្តថា ទោះបីជាអត្រាការប្រាក់សម្រាប់កម្ចីទិញផ្ទះមានការប្រកួតប្រជែងខ្លាំង តែវាមិនទាន់បង្កហានិភ័យក្នុងវិស័យធនាគារនោះទេ។ លោកបញ្ជាក់ថា៖ «ខ្ញុំគិតថាប្រព័ន្ធធនាគារនៅតែសុខភាពល្អ ហើយធនាគារនៅតែមានលទ្ធភាពដោយសារស្ថានភាពសេដ្ឋកិច្ចល្អ និងទុនបម្រុងរបស់ធនាគារមានកំណើនល្អ»។
លោកថ្លែងថា៖ «កម្ចីទិញផ្ទះនៅតែកើនឡើង យើងឃើញតម្រូវការអតិថិជនអ្នករៀបការហើយចាប់ផ្តើមបែកផ្ទះ គាត់សម្លឹងមើលទិញផ្ទះសម្រាប់រស់នៅជាជាងការជួលផ្ទះគេ»។
ធនាគារ Chip Mong បានផ្តល់អត្រាការប្រាក់លើឥណទានគេហដ្ឋាន ៣,៩៩ ភាគរយ សម្រាប់ឆ្នាំទី ១ ហើយឆ្នាំបន្ទាប់ក្នុងអត្រាការប្រាក់ ៧,៧ ភាគរយ។ ប៉ុន្តែការផ្តល់ជូននេះសម្រាប់តែកម្ចីទិញផ្ទះពីបុរី Chip Mong ប៉ុណ្ណោះ។ នេះបើតាមទំព័រហ្វេសប៊ុករបស់ធនាគារ។
ដោយឡែកធនាគារ Shinhan Bank បានផ្តល់អត្រាការប្រាក់សម្រាប់ឥណទានទិញផ្ទះក្នុងអត្រា ៤,៤៩ ភាគរយ (លុយរៀល) សម្រាប់ឆ្នាំទី១ ដោយកើនឡើងនៅឆ្នាំទី២ ៧,៤៥ ភាគរយ ហើយក្នុងអត្រា ៤,៩៩ ភាគរយ (ដុល្លារ) សម្រាប់រយៈពេល ២ ឆ្នាំដំបូង ហើយនៅឆ្នាំទី៣ ក្នុងអត្រាការប្រាក់ ៧,៤៥ ភាគរយ ក្នុងមួយឆ្នាំ (ថេរ)។
របាយការណ៍ការិយាល័យឥណទានកម្ពុជា (CBC) បង្ហាញថានៅត្រីមាសទី ២ ឆ្នាំ ២០១៩ នេះការដាក់ពាក្យស្នើកម្ចីទិញផ្ទះបានធ្លាក់ចុះ ៣៦ ភាគរយ ធៀបនឹងត្រីមាសទី ១ ដែលគិតមកដល់ត្រឹមអំឡុងពេលនេះមានចំនួនជាង ៣ ពាន់លានដុល្លារ។ គិតត្រឹមឆមាសទី ១ ឆ្នាំ ២០១៨ កម្ចីទិញផ្ទះមានជាង ២,៥ ពាន់លានដុល្លារ។
លោក តូច ចៅចេក នាយកប្រតិបត្តិធនាគារប្រៃសណីយ៍កម្ពុជាបានឲ្យដឹងថា អត្រាការប្រាក់នេះស័ក្ដិសមសម្រាប់អតិថិជនក្នុងការស្វែងរកកម្ចី។ លោកថ្លែងថា៖ «អត្រាការប្រាក់ ៨ ភាគរយក្នុងមួយឆ្នាំជាអត្រាមួយសមរម្យសម្រាប់អ្នកខ្ចីដែលអាចយកទៅទិញផ្ទះរស់នៅបានល្អសមមរ្យ ហើយលទ្ធភាពគាត់អាចសងធនាគារគ្រប់គ្រាន់វិញ»។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានឲ្យដឹងថា ការប្រកួតប្រជែងអត្រាការប្រាក់ក្នុងវិស័យធនាគារគឺជាការផ្តល់អត្ថប្រយោជន៍សម្រាប់អ្នកប្រើប្រាស់កម្ចី។ លោកបន្តថា៖ «នៅពេលណាអត្រាការប្រាក់ឥណទានគេហដ្ឋានមានការប្រកួតប្រជែង អត្រាការប្រាក់នឹងទាបទៅៗ។ ធ្វើឲ្យគាត់មានលទ្ធភាពច្រើនអាចប្រើប្រាស់ការប្រាក់ធូរថ្លៃ គាត់អាចយកទៅវិនិយោគ ដោយអាចចំណេញប្រាក់វិញ»។
លោកសង្កេតឃើញថាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ អ្នកខ្ចីប្រាក់ទិញផ្ទះពីធនាគារ និងពីម្ចាស់បុរីមានកំណើនឡើងគួរកត់សម្គាល់។ លោកបញ្ជាក់ថា៖ «ដូច្នេះជាលទ្ធផលមួយហុចកំណើនក្នុងវិស័យនេះ និងផ្តល់ឱកាសឲ្យអ្នកទិញមានលទ្ធភាព ដើម្បីអាចទិញអចលនទ្រព្យបានច្រើន»។
យោងតាមសៀវភៅស្តីពី «ភ្នំពេញឆ្នាំ ២០៣០ ការព្យាករចំនួន ១០ សម្រាប់វិស័យអចលនវត្ថុ» ដែលស្រាវជ្រាវ និងចងក្រងដោយក្រុមហ៊ុន VTRUST APPRAISAL បានបង្ហាញថាចាប់ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០៣០ ការផ្គត់ផ្គង់លំនៅឋានមាន ៤,៥ សែនខ្នង ខណៈការផ្គត់ផ្គង់ខុនដូជាង ៣ សែន យូនីតនៅទីក្រុងភ្នំពេញ។
បើតាមសៀវភៅនេះបច្ចុប្បន្នលំនៅឋានក្នុងបុរីមានជាង ១៥ ម៉ឺនខ្នងត្រូវបានសាងសង់រួចរាល់ និងការផ្គត់ផ្គង់លំនៅឋានមានជាង ២ ម៉ឺនខ្នងក្នុងមួយឆ្នាំៗ៕LA