ភ្នំពេញៈ ​ការ​បន្ត​កើន​ឡើង​នៃ​វិស័យ​​​សំណង់​​​ជំរុញ​ឲ្យ​មាន​តម្រូវ​ការ​ស៊ីម៉ងត៍ ​និង​ឥដ្ឋ​​ នៅ​ឆ្នាំ​ ​២០១៩​​ ​កាន់​តែ​ខ្ពស់​ ខណៈ​​តម្លៃ​​បាន​កើន​ឡើង​ក្នុង​រង្វង់​ ​១០ ​​ភាគរយ ​ធៀប​នឹង​ឆ្នាំ ​២០១៨​។​ ​នេះ​បើ​តាម​ទិន្នន័យ​ពី​ក្រុមហ៊ុន​ផលិត​ក្នុង​ស្រុក​។​ ក្រុមហ៊ុន​ផលិត​​ស៊ីម៉ងត៍​ក្រុង​ស្រុក​ Chip Mong Insee​ បាន​ឲ្យ​ដឹង​ថា​ ការ​ផ្គត់ផ្គង់​ស៊ីម៉ងត៍​ពី​ក្រុមហ៊ុន​បាន​កើន​​ឡើង​ប្រមាណ ​១០ ​ភាគរយ ​​នៅ​ឆ្នាំ​នេះ ​បន្ទាប់​ពី​ដាក់​ឲ្យ​ដំណើរការ​កាល​ពី​ដើម​ឆ្នាំ ​២០១៨។

នេះ​បើ​តាម​ លោក ទៀង ​សុភវិជ្ជា ​ប្រធាន​កិច្ច​ការ​សាធារណៈ​ និង​រដ្ឋាភិបាល​​នៃ​ក្រុមហ៊ុន​ផលិត​ស៊ីម៉ងត៍​ Chip Mong Insee។

លោក ​ទៀង ​សុភវិជ្ជា ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ថា ​ភាព​ល្អ​ប្រសើរ​​នៃ​វិស័យ​សំណង់​ បាន​ធ្វើ​​ឲ្យ​តម្រូវ​ការ​ស៊ីម៉ងត៍​នៅ​រោងចក្រ Chip Mong Insee ​កើន​ឡើង​​ប្រមាណ ​១០ ​ភាគរយ ​នៅ​ឆមាសទី១ ​ឆ្នាំ​នេះ ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​ទៅ​។​

ទោះបី​យ៉ាង​នេះ​ក្តី​លោក​អះអាង​ថា​ តម្លៃ​លក់​មិន​ខ្ពស់​នោះ​ទេ​។​ លោក​បន្ត​ថា៖ «តម្លៃ​លក់​របស់​​យើង​នៅ​ឆមាសទី១ ឆ្នាំ ​២០១៩ ​​នេះ​ គឺ​ជិត​ស្មើ​នឹង​តម្លៃ​ផលិត​​ក្នុង​រយៈពេល​ដូចគ្នា ​[ឆ្នាំ​ទៅ] ​ប្រហែល​ជា ​៣ ​ទៅ ​៤ ​ភាគរយ​ ហើយ​ការ​កើន​ឡើង​តម្លៃ​នេះ​ពាក់ព័ន្ធ​ទៅ​នឹង​តម្លៃ​ថាមពល ​និង​ការ​វេចខ្ចប់​​»។

បើ​តាម​លោក ​សុភវិជ្ជា ​ក្នុង​ឆ្នាំ ​​២០១៩​ នេះ​តម្រូវ​ការ​ស៊ីម៉ងត៍​សម្រាប់​ប្រើប្រាស់​នៅ​កម្ពុជា​អាច​​មាន​បរិមាណ​ពី ៨ ទៅ​ ៩ ​លាន​តោន​ក្នុង ​១ ឆ្នាំ​ កើន​​ឡើង​ជា​ប្រមាណ ​៦ ​ទៅ ​៧ ​លាន​តោន​កាល​ពី​ឆ្នាំ ​២០១៨​។​​

ក្រុមហ៊ុន​ Chip Mong Insee ​​ដែល​បាន​បើក​ដំណើរការ​កាល​ពី​ខែ ​កុម្ភៈ ​ឆ្នាំ ​២០១៨ ​មាន​​សមត្ថភាព​ផលិត​ស៊ីម៉ងត៍​បាន​ប្រមាណ ​៥ ៥០០ ​តោន​ ក្នុង ​១ ​ថ្ងៃ​ ដែល​បាន​ចូលរួម​ចំណែក​បំពេញ​សេចក្តី​ត្រូវការ​នៅ​​ក្នុង​ស្រុក​​បាន​​​​ប្រមាណ ​២៦ ​ភាគរយ​​។​

បច្ចុប្បន្ន​នៅ​កម្ពុជា មាន​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ចំនួន ​៥ ​កន្លែង​​ ក្នុង​នោះ ​៤ ​ទីតាំង ​ស្ថិត​ក្នុង​ខេត្ត​កំពត និង ​១​ ​ស្ថិត​ក្នុង​ខេត្ត​បាត់ដំបង​។​

ទិន្នន័យ​ពី​ក្រសួង​រៀបចំ​ដែនដី ​នគរូបនីយកម្ម ​និង​សំណង់​បង្ហាញ​ថា ក្នុង​រយៈពេល ​៤ ​ខែ​ ឆ្នាំ ​២០១៩ ​ទុន​វិនិយោគ​​វិស័យ​សំណង់​​នៅ​កម្ពុជា​មាន​តម្លៃ​ ២,៧ ​ពាន់​​​លាន​ដុល្លារ កើន​​​​ជាង​ ៦៧ ​ភាគរយ ​បើ​ធៀប​នឹង​​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ​២០១៨​។​​

ពុំ​មាន​ទិន្នន័យ​ស្តីពី​តម្រូវ​ការ​ និង​ការ​ផ្គត់ផ្គង់​ដែក​ទេ​ក្នុង​រយៈពេល ​៦ ខែ​​ ​ឆ្នាំ ​២០១៩ ​​​នេះ។​

ទិន្នន័យ​ពី​គយ​វៀតណាម​ បាន​​ឲ្យ​ដឹង​ថា ​​រយៈពេល​ ៧ ខែ​ដំបូង​​ឆ្នាំ​ ​២០១៨ ​កម្ពុជា​បាន​នាំចូល​ដែក​​ពី​ វៀតណាម​​បរិមាណ ​៧១៧ ៥៧២ ​តោន​កើន​ឡើង​ ៤៩ ​ភាគរយ ​បើ​ធៀប​នឹង​រយៈពេល​​ដូច​គ្នា​ក្នុង​ឆ្នាំ ​២០១៧ ​ចំណែក​​ចំនួន​ទឹក​ប្រាក់​បាន​កើន​​ដល់ ​៤៦២,៧៣ លាន​ដុល្លារ ​កើន​ ៧៧,៩ ភាគរយ​។​

តម្រូវ​ការ​ឥដ្ឋ​​​​ក៏​បាន​បង្ហាញ​ពី​កំណើន​ផង​ដែរ​។​

លោក ​ទ្រី ​មុយឡេង ​អ្នក​គ្រប់គ្រង​នៅ​សិប្បកម្ម​ឡឥដ្ឋ​ព្រែក​​អញ្ចាញ​ ក្នុង​ស្រុក​មុខ​កំពូល ខេត្ត​កណ្តាល បាន​ឲ្យ​ដឹង​​​ថា តម្រូវ​​ការ​បាន​កើន​ឡើង​ជា​​រៀង​រាល់​​​​ឆ្នាំ​ ខណៈ​សិប្បកម្ម​ថ្មីៗ​​ជា​ច្រើន​​បាន​បង្កើត​ឡើង។

លោក​បាន​ឲ្យ​ដឹង​ថា សិប្បកម្ម​លោក​​​មាន​​សមត្ថភាព​ផលិត​ឥដ្ឋ​បាន​ប្រមាណ ​៤០ ០០០ ដុំ ទៅ​ ៥០ ០០០ ​​ដុំ ​ក្នុង ​១ ​ថ្ងៃ ហើយ​តម្លៃ​​កើន​ឡើង​ពី ​៣៨០ ​ដុល្លារ​ ទៅ​ ៤០០ ​ដុល្លារ ​សម្រាប់​ឥដ្ឋ​ ១០ ​០០០ ​ដុំ។

លោក ​ប៉ុន យស់ អ្នក​គ្រប់គ្រង​​នៅ​​សិប្បកម្ម​ឡឥដ្ឋ​សុភមង្គល Happiness Brick Handicraft ក្នុង​ខេត្ត​កណ្តាល បាន​ឲ្យ​ដឹង​ថា តម្លៃ​ឥដ្ឋ​នា​ពេល​នេះ​បាន​​កើន​ឡើង​​ក្នុង​រង្វង់ ​១០ ​ភាគរយ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ លោក​បន្ត​​ថា៖ «​បច្ចុប្បន្ន​​ដោយសារ​ឥដ្ឋ​មាន​តម្រូវ​ការ​ខ្ពស់​ ខ្ញុំ​បាន​​​​ឮ​ព័ត៌មាន​ថា​ក៏​​មាន​ការ​​​នាំចូល​ឥដ្ឋ​​​​ពី​ប្រទេស ​វៀតណាម​​​មក​លក់​នៅ​​កម្ពុជា​ខ្លះ​ដែរ​»។​​​

លោក​ វ៉េង ហៀង អគ្គ​លេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ពលកម្ម​កុមារ​ ធ្លាប់​បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​ ២០១៩ ​នេះ សិប្បកម្ម​ផលិត​ឥដ្ឋ​​នៅ​កម្ពុជា​បាន​កើន​ដល់​ ៤០០ ទីតាំង​​ និង​មាន​​កម្មករ​សរុប​ជិត ៦ ពាន់​​នាក់​​។

អ្នក​គ្រប់គ្រង​ទូទៅ​នៃ​សមាគម​អ្នក​សាងសង់​កម្ពុជា​ លោក​ ជីវ ​ស៊ីវផេង បាន​និយាយ​​​ថា ការ​រីក​ចម្រើន​វិស័យ​សំណង់​ បាន​រួម​ចំណែក​យ៉ាង​ច្រើន​នៅ​ក្នុង​កំណើន​សេដ្ឋកិច្ច​ជាតិ។ លោក​បន្ត​ថា ជា​ការ​ពិត​ដែល​ថា ​គ្រឿង​សំណង់​​កំពុង​មាន​ទីផ្សារ​ល្អ​។ លោក​ថ្លែង​ថា៖​ «វិស័យ​​សំណង់​កំពុង​​រីក​ចម្រើន​គ្រប់​ទីកន្លែង ហេតុ​នេះ​តម្រូវ​ការ​សម្ភារ​​សំណង់​ក៏​កើន​ដែរ»៕LA