ក្រុងបូស្តុនៈ តម្រូវការមាសនៅទូទាំងពិភពលោកបានកើនឡើងតិចតួចនៅត្រីមាសទី ៣ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនខណៈដែលកំណើនទិញពីធនាគារកណ្តាលរបស់ប្រទេសនានា និងអតិថិជនលក់រាយ បានជួយរក្សាតុល្យភាពលំហូរចេញដ៏ច្រើនពីមូលនិធិវិនិយោគដែលជួញដូរតាមផ្សារហ៊ុន (ETF)។ នេះបើយោងតាម Reuters។
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ដោយដកស្រង់របាយការណ៍និន្នាការតម្រូវការមាសប្រចាំត្រីមាសចុងក្រោយរបស់ក្រុមប្រឹក្សាមាសពិភពលោក (WGC) កាលពីចុងសប្តាហ៍មុនថា តម្រូវការមាសមានចំនួនសរុប ៩៦៤,៣ តោននៅត្រីមាសទី ៣ ឆ្នាំនេះ ដោយកើនឡើងពី ៩៥៨,១ តោន កាលពីត្រីមាសទី ៣ ឆ្នាំ ២០១៧។ បើទោះបីជាមានកំណើនតម្រូវការក្តី ក៏វាជាតម្រូវការប្រចាំ ៣ ត្រីមាសជាប់គ្នាដែលមានបរិមាណក្រោម ១,០០០ តោន។
ការប្រើប្រាស់មាសនៅក្នុងរយៈពេល ៩ ខែក្នុងឆ្នាំនេះ មានកម្រិតទាបបំផុតគិតចាប់ពីឆ្នាំ ២០០៩ មក។ នេះបើយោងតាម ក្រុមប្រឹក្សា WGC។
តម្រូវការមាសដុំ និងកាសមាសបានកើនឡើង ២៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដល់ ២៩៨,១ តោននៅត្រីមាសទី ៣។
ការប្រើប្រាស់មាសសម្រាប់ផលិតគ្រឿងអលង្ការបានកើនឡើង ៦ ភាគរយធៀបនឹងឆ្នាំមុន ដល់ ៥៣៥,៧ តោន ដែលជាកម្រិតខ្ពស់បំផុតគិតចាប់ពីត្រីមាសទី ៤ ឆ្នាំ ២០១៧ មក។
នៅឥណ្ឌា និងចិន ដែលជាអ្នកទិញមាសច្រើនបំផុត តម្រូវការបានកើនឡើង ១០ ភាគរយ ដល់ ១៤៨,៨ តោននៅឥណ្ឌា និង ១៧៤,២ តោននៅចិន។
លោក Alistair Hewitt ប្រធានផ្នែកទីផ្សាររបស់ WGC ថ្លែងថា WGC រំពឹងថា តម្រូវការសរុបនៅឆ្នាំនេះនឹងមានចំនួន ៧០០ ទៅ ៨០០ តោននៅឥណ្ឌា និងពី ៩០០ ទៅ ១,០០០ តោននៅចិន។
WGC ឲ្យដឹងទៀតថា ធនាគារកណ្តាលរបស់ប្រទេសនានាបានទិញមាសចំនួន ១៤៩,៤ តោននៅត្រីមាសទី ៣ ដែលជាបរិមាណច្រើនបំផុតបើធៀបនឹងត្រីមាសនានាគិតចាប់ពីឆ្នាំ ២០១៥ មក។
រុស្ស៊ី កាហ្សាក់ស្ថាន និងតួកគីបន្តបង្កើនមាសបម្រុងរបស់ខ្លួន ខណៈឥណ្ឌាបង្កើនការទិញមាស ហើយ ប៉ូឡូញ និងហុងគ្រីបានចាប់ផ្តើមទិញទុកផងដែរ៕ KC