
កសិករកំពុងច្រូតស្រូវក្នុងវាលស្រែដែលលិចទឹកក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ ហេង ជីវ័ន
ភ្នំពេញៈ កម្ចីដែលអតិថិជនមិនបានសងត្រឡប់ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ (MFI) បានកើនឡើងជិត ២ ដងធៀបនឹងឆ្នាំមុន ដោយមានចំនួន ២ ភាគរយនៃកម្ចីសរុប ជាអ្វីដែលអ្នកជំនាញក្នុងឧស្សាហកម្មនេះបញ្ជាក់ថាដោយសារអតិថិជនជួបការលំបាកក្នុងការរកចំណូលក្នុងគ្រាដែលមានការធ្លាក់ចុះនៃតម្លៃកសិផល។
យោងតាមរបាយការណ៍ប្រចាំឆ្នាំ ២០១៧ របស់ធនាគារជាតិនៃកម្ពុជា (NBC) ដែលចេញផ្សាយកាលពីសប្តាហ៍មុន ខណៈកម្ចីសរុបក្នុងវិស័យមីក្រូហិរញ្ញវត្ថុបានកើនដល់ ៣,៩ ពាន់លានដុល្លារត្រឹមដំណាច់ឆ្នាំ២០១៧ កម្ចីដែលអតិថិជនមិនបានសងត្រឡប់ (កម្ចីមិនដំណើរការ) មានចំនួនរហូតដល់ ២ ភាគរយនៃកម្ចីសរុប។
អត្រានេះបានកើនឡើងគួរឲ្យកត់សម្គាល់ពីកម្រិត ១ ភាគរយនៅដំណាច់ឆ្នាំ ២០១៦ និងក្រោម ១ ភាគរយ កាលពីឆ្នាំមុនៗ។
របាយការណ៍របស់ NBC មិនបានពន្យល់ពីមូលហេតុដែលបណ្តាលឲ្យមានកំណើនកម្ចីមិនដំណើរការក្នុងវិស័យមីក្រូហិរញ្ញវត្ថុនេះទេ ប៉ុន្តែលោក សុខ វឿន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC (Cambodia) និងជាក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) បានឲ្យដឹងកាលពីម្សិលមិញថា តម្លៃដំណាំកសិកម្មទាបកាលពីឆ្នាំមុនជាកត្តាដែលបណ្ដាលឲ្យកសិករមានការពិបាកក្នុងការសងបំណុលរបស់ពួកគេ។
លោកបានមានប្រសាសន៍ថា៖ «វាប្រកាសប្រាប់ពួកយើងឲ្យមានការប្រុងប្រយ័ត្នបន្ថែមទៀត ដោយសារ [កម្ចីមិនដំណើរការ] បន្តកើនឡើងពី ០,៥ ភាគរយដល់ ១ ភាគរយ និងកើនឡើងបន្ថែមទៀតដល់កម្រិតបច្ចុប្បន្ន ២ ភាគរយ»។
លោកបន្ថែមថា គុណភាពកម្ចីនៅក្នុងវិស័យ MFI ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ មិនល្អដូចកាលពីប៉ុន្មានឆ្នាំមុននោះទេ។
ប៉ុន្តែលោកបានថ្លែងថា ទោះបីជាកើនឡើងក៏ដោយ ក៏អត្រាកម្ចីមិនដំណើរការក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាត្រូវបានចាត់ទុកថានៅមានកម្រិតទាប។
លោកបន្តថា៖ «ក្នុងការអនុវត្តជាក់ស្ដែង បណ្ដាប្រទេសផ្សេងទៀតដែលប្រតិបត្តិការសេវាមីក្រូហិរញ្ញវត្ថុមិនអាចរក្សាអត្រាកម្ចីមិនដំណើរការឲ្យនៅក្រោម ៥ភាគរយបានទេ។ បណ្ដាប្រទេសទាំងនោះមានអត្រា ៧ ឬ ៨ភាគរយដែលខ្ពស់ខ្លាំងជាងពួកយើង»។
លោក វឿន សង្កេតឃើញថា ប្រតិបត្តិករបានពង្រឹងគុណភាពកម្ចី ហើយបានចាប់ផ្ដើមបដិសេធឥណទានដល់អតិថិជនមួយចំនួន ដែលមិនឆ្លើយតាមលក្ខណវិនិច្ឆ័យកាន់តែតឹងរ៉ឹង ដែលធ្វើឲ្យចំនួនអ្នកខ្ចីនៅក្នុងឧស្សាហកម្មមីក្រូហិរញ្ញវត្ថុធ្លាក់ចុះ។
យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា (NBC) ចំនួនអ្នកខ្ចីប្រាក់នៅក្នុងវិស័យ MFI មានចំនួនសរុប ១,៧៥ លាននាក់កាលពីចុងឆ្ នាំ២០១៧ ដែលធ្លាក់ចុះពី ១,៩ លាននាក់កាលពីឆ្នាំ ២០១៦។
យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ NBC ផលបត្រកម្ចីក្នុងវិស័យ MFI បានកើនឡើងដល់ ៣,៩ពាន់លានដុល្លារកាលពីចុងឆ្នាំ ២០១៧ ដែលកើនឡើង ២៥ ភាគរយធៀបនឹងដំណាច់ឆ្នាំ ២០១៦។ ប្រាក់បញ្ញើនៅក្នុងវិស័យ MFI បានកើនឡើងដល់ ២ពាន់លានដុល្លារនៅដំណាច់ឆ្នាំ ២០១៧ ដែលកើនឡើង ៣៥ ភាគរយធៀបដំណាច់ឆ្នាំ ២០១៦។
របាយការណ៍ NBC បានបង្ហាញថា កម្ចីក្នុងវិស័យធនាគារបានកើនឡើងដល់ ១៦,២ ពាន់លានដុល្លារនៅដំណាច់ឆ្នាំ ២០១៧ ដែលកើនឡើង ១៧ ភាគរយ ហើយប្រាក់បញ្ញើបានកើនឡើងដល់ ១៧,២ពាន់លានដុល្លារ ដែលកើនឡើង ២៣ភាគរយ ធៀបនឹងដំណាច់ឆ្នាំ២០១៦។
លោក Stephen Higgins ដៃគូគ្រប់គ្រងនៅក្រុមហ៊ុន Mekong Strategic Partners បានថ្លែងកាលពីម្សិលមិញថា វាច្បាស់ណាស់ថាមានភាពវិជ្ជមានសម្រាប់សុខភាពរបស់វិស័យហិរញ្ញវត្ថុរបស់កម្ពុជា ដែលប្រាក់បញ្ញើបានកើនឡើងរហ័សជាងកម្ចី ទោះបីជាវិស័យនេះនៅតែចង់មើលឃើញកំណើនឥណទានទាបជាងនេះក៏ដោយ។
លោកថ្លែងថា៖ «ជាមួយកំណើនឥណទានសរុបជិតកម្រិត ២០ភាគរយ [ក្នុងវិស័យហិរញ្ញវត្ថុ] ឧស្សាហកម្មនេះនៅតែដើរលើផ្លូវឆ្ពោះទៅរកការឆ្លើយតបយ៉ាងខ្លាំងតាមការព្យាកររបស់យើងដែលថានឹងមានការផ្តល់កម្ចី ៣០ ពាន់លានដុល្លារត្រឹមឆ្នាំ២០២០»។
លោកបន្ថែមថា បើទោះជារបាយការណ៍របស់ NBC បានបង្ហាញថា អត្រាកម្ចីមិនដំណើរការក្នុងវិស័យធនាគារកម្ពុជាបានកើនឡើងដល់ ២,៥ ភាគរយនៅដំណាច់ឆ្នាំ ២០១៧ ក្តី ក៏វាស្របគ្នាយ៉ាងខ្លាំងទៅនឹងលទ្ធផលឆ្នាំមុន ហើយវានៅតែទាបជាងថៃ និងវៀតណាម៕ LA