ភ្នំពេញៈ តម្លៃ​ជ្រូក​រស់​នៅ​តែ​រក្សា​ស្ថិរភាព​ចាប់​តាំងពី​ការកាត់បន្ថយ​ការនាំ​ចូល​ជ្រូក​ពី​វៀតណាម​ក្នុង​រយៈពេល​ ២-៣ ​ខែ​ចុង​ក្រោយ​នេះ ខណៈ​ការផ្គត់ផ្គង់​ក្នុង​ស្រុក​មាន​កាន់តែ​ខ្ពស់​។ នេះ​បើ​យោង​តាម​អ្នក​នៅក្នុង​ឧស្សាហកម្ម​។

ការធ្លាក់​ចុះ​តម្លៃ​ជ្រូក​បាន​ចាប់ផ្ដើម​កាលពី​ឆ្នាំ​ ២០១៥ ដោយសារ​ប្រទេស​ចិន​បញ្ឈប់​ការនាំ​ចូល​ជ្រូក​ពី​វៀតណាម ដោយសារ​តែ​បញ្ហា​គុណភាព​ដែល​ធ្វើឲ្យ​វៀតណាម​បង្វែរ​ជ្រូក​ទាំង​នោះ​មក​កម្ពុជា​វិញ​ក្នុង​តម្លៃ​ទាប​។

វិធានការ​នេះ​បាន​ធ្វើឲ្យ​តម្លៃ​ជ្រូក​នៅ​កម្ពុជា​ធ្លាក់​ចុះ​ពី​ប្រមាណ​ ២ ​ដុល្លារ​មក​នៅ​ត្រឹម​ជាង​ ១ ​ដុល្លារ​ក្នុង​ ១ ​គីឡូក្រាម​។ នេះ​បើ​យោង​តាម​លោក លី ឡាវីល អ្នកគ្រប់គ្រង​ទូទៅ​នៅ​ក្រុមហ៊ុន M’s Pig ACMC (Cambodia) Co Ltd របស់​ក្រុមហ៊ុន​ម៉ុង ឫទ្ធី​។

ប៉ុន្តែ​លោក​ឲ្យ​ដឹង​ថា​តម្លៃ​ចាប់ផ្ដើម​កើនឡើង​ដល់​ជាង​ ២ ​ដុល្លារ​ចាប់​តាំងពី​ពាក់​កណ្ដាល​ឆ្នាំ​នេះ​ដោយសារ​ស្តុក​ជ្រូក​ដែល​វៀតណាម​បង្វែរ​ពី​ទីផ្សារ​ចិន​មក​កម្ពុជា​លែង​មាន​។

លោក​ថ្លែង​ថា​៖ «​ដោយសារ​តែ​វៀតណាម​បាន​សម្អាត​ស្ដុក​របស់​ខ្លួន​អស់​ហើយ ខណៈ​កសិករ​ក្នុង​ស្រុក​ភាគច្រើន​ក្ស័យធន ហើយ​មិន​មាន​ទំនុក​ចិត្ត​ក្នុងការ​ចាប់ផ្ដើម​ឡើង​វិញ​នោះទេ​»​។

លោក​បន្ត​ថា​៖ «​ទីផ្សារ​ជ្រូក​របស់​យើង​គឺ​ពឹង​លើ​បណ្ដា​ប្រទេស​ជិត​ខាង​វា​ពិបាក សម្រាប់​កសិករ​ចិញ្ចឹម​ជ្រូក​របស់​យើង​ក្នុង​ការ​បង្កើត​ទំនុកចិត្ត ដោយសារ​តែ​គ្មាន​គោលនយោបាយ​ពី​រដ្ឋាភិបាល​ក្នុង​ការការពារ​កសិករ​របស់​យើង​»​។

លោក សៀង សុខលីន ប្រធាន​នាយកដ្ឋាន​ផលិតកម្ម និង​បសុព្យាបាល​នៅ​ក្រសួង​កសិកម្ម​បាន​ឲ្យ​ដឹងថា តម្រូវការ​ខ្ពស់​ក្នុង​ស្រុក​បាន​ជំរុញ​កំណើន​តម្លៃ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​។

លោក​ថ្លែង​ថា​៖ «​តម្លៃ​កើនឡើង​ដោយសារ​តែ​ការប្រើប្រាស់​សាច់​កើនឡើង ហើយ​ការផ្គត់ផ្គង់​ជ្រូក​មិន​គ្រប់គ្រាន់​»​។ លោក​បន្ត​ថា​ក្រសួង​មាន​គោលនយោបាយ​លើក​កម្ពស់​កសិករ​ចិញ្ចឹម​ជ្រូក​ក្នុង​ស្រុក​រួចហើយ ប៉ុន្តែ​លោក​បាន​បដិសេធ​អត្ថាធិប្បាយ​។

ទោះបី​ជា​ក្រសួង​អនុញ្ញាត​ឲ្យ​នាំ​ចូល​ជ្រូក​រស់​តែ ១ ២៥០ ក្បាល​ប៉ុណ្ណោះ​ក្នុង​ ១ ​ថ្ងៃ​ពី​វៀតណាម ប៉ុន្តែ​ចំនួន​ពិតប្រាកដ​មាន​រហូត​ដល់​ជាង ២ ០០០ ក្បាល​។ នេះ​បើ​យោង​តាម​លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​ជ្រូក​កម្ពុជា​។

ខណៈ​ជាង ៦០ ​ភាគរយ​នៃ​កសិករ​ចិញ្ចឹម​ជ្រូក​មាន​ដើមទុន​បន្តិចបន្តួច​ក្នុង​ស្រុក​បាន​បោះបង់​ចោល​លោក ស្រ៊ុន ពៅ មិន​បាន​មើល​ឃើញ​គោលនយោបាយ​ណា​មួយ​បាន​លើក​ឡើង​ដោយ​ក្រសួង ដើម្បី​លើក​កម្ពស់​កសិករ​ក្នុង​ស្រុក​នោះ​ទេ​។

លោក​ឲ្យ​ដឹង​ថា​តម្លៃ​នៅ​ពេល​នេះ​កើនឡើង​ដល់ ៩ ០០០ រៀល​ក្នុង​ ១ ​គីឡូក្រាម​គឺជា​តម្លៃ​ល្អ​សម្រាប់​កសិករ​។

លោក​ថ្លែង​ថា​៖ «​ប៉ុន្តែ​ពួកគេ (​កសិករ​) នៅ​តែ​បារម្ភ​អំពី​ការខាតបង់ ហើយ​មិន​មាន​នរណា​ម្នាក់​អាច​ធានា​តម្លៃ​នៅលើ​ទីផ្សារ​បាន​នោះ​ទេ​»​។ លោក​បន្ថែម​ថា កសិករ​ក្នុង​ស្រុក​មាន​ដើមទុន​បន្តិចបន្តួច អាច​ផ្គត់ផ្គង់​ជ្រូក​រស់​ចន្លោះ​ពី ២ ០០០ ​​ក្បាល ទៅ​ ៣ ០០០ ​ក្បាល​ក្នុង​ ១ ​ថ្ងៃ​ដល់​ទីផ្សារ​។

ប្រជាជន​កម្ពុជា​ប្រើប្រាស់​សាច់ជ្រូក​ប្រហែល ៣,២ លាន​ក្បាល​ក្នុង ១ ឆ្នាំ ឬ​ប្រហែល ៨ ៧៦៧ ក្បាល ក្នុង​ ១ ​ថ្ងៃ​។ នេះ​បើ​យោង​របាយការណ៍​ពី​ក្រសួង​កសិកម្ម​៕LA