ភ្នំពេញៈ តម្លៃ​ដំឡូងមី​នៅតាម​បណ្តា​ខេត្ត​ជាប់​នឹង​ព្រំដែន​ថៃ​នា​រដូវ​ប្រមូលផល​ឆ្នាំ​ ២០១៩-២០២០ កើនឡើង​តិចតួច​បើ​ធៀប​នឹង​ឆ្នាំមុន ខណៈ​ការប្រមូល​ផល​នៅពេល​នេះ​សម្រេចបាន​ប្រមាណ ៦០ ​ភាគរយ​ហើយ​។ នេះ​បើ​យោងតាម​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​។

ដំឡូងមី​ត្រូវបាន​គេ​ចាប់ផ្តើម​ដាំ​ក្នុង​ខែឧសភា និង​ប្រមូលផល​ចាប់ពី​ខែវិច្ឆិកា​រហូត​ដល់​ចុង​ខែ​កុម្ភៈ​ក្នុង​ឆ្នាំ​នីមួយៗ​។

លោក គឹម ហួត ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បាត់ដំបង​កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយ​ថា ទីផ្សារ​ដំឡូងមី​ក្នុង​ខេត្ត​បាត់ដំបង​ឆ្នាំនេះ​មាន​ភាព​ល្អ​ជាង​ឆ្នាំមុន ដោយ​តម្លៃ និង​គុណភាព​របស់​វា គឺ​អាច​ទទួល​យក​បាន​។ លោក​បន្តថា តម្លៃ​នៅពេល​នេះ​ដំឡូងមី​ស្រស់​មាន​តម្លៃ​ចន្លោះ​ពី ២៥០-២៦០ ​រៀល ​ក្នុង​ ១ ​គីឡូក្រាម និង​ដំឡូង​ស្ងួត​មាន​តម្លៃ ៧០០ ​រៀល​ទៅ ៧២០ ​រៀល​។

លោក​បន្តថា ដំឡូងមី​ក្នុង​ខេត្ត​បាត់ដំបង​ប្រហែល ៨០ ​ភាគរយ ​ត្រូវបាន​ឈ្មួញ​ប្រមូល​ទិញ​យក​ទៅ​ថៃ ខណៈ​នៅ​សល់​អាចមាន​វៀតណាម​។

របាយការណ៍​ពី​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​បាត់ដំបង​បាន​ឲ្យ​ដឹងថា ផ្ទៃដី​ដាំដុះ​ដំឡូងមី​ក្នុង​ខេត្ត​បាត់ដំបង​នា​រដូវ​ប្រមូលផល​ឆ្នាំ​ ២០១៩-២០២០ នេះ​មាន​ទំហំ ១១២ ៥៤៣ ​ហិកតា ​ដោយ​ទទួល​ទិន្នផល​ជា​មធ្យម ​២៦, ៤៣ ​តោន​ ក្នុង​ ១ ​ហិកតា​។

លោក អែម សុភឿន អនុប្រធាន​មន្ទីរ​កសិកម្ម ខេត្ត​ប៉ៃលិន​បាន​ប្រាប់ថា ដំបូងមី​ក្នុង​ខេត្ត​ប៉ៃលិន​ឆ្នាំ​នេះ​មាន​ភាពប្រហាក់ប្រហែល​ឆ្នាំមុន តែ​តម្លៃ​ខ្ពស់​ជាមុន​បន្តិចបន្តួច​។ លោក​ថ្លែងថា​៖ «​ឆ្នាំនេះ​ដំឡូងមី​មិន​មាន​បញ្ហា​ធ្លាក់ចុះ​ទិន្នផល និង​តម្លៃ​នោះទេ​»៕LA