ក្រុងការ៉ាកាសៈ តម្លៃ​ទំនិញ​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា ដែល​ត្រូវ​បាន​ជឿជាក់​ថា​នឹង​មាន​អតិផរណា​ខ្ពស់​បំផុត​ក្នុង​ពិភពលោក​នោះ​បាន​កើនឡើង​រហូត​ដល់ ២ ៦១៦ ភាគរយ​កាលពី​ឆ្នាំ​មុន ខណៈ​ដែល​ប្រជាជន​រាប់លាន​នាក់​នៅ​ក្នុង​ប្រទេស​នេះ​ទទួល​រង​ផលប៉ះពាល់​ដោយ​កង្វះ​អាហារ និង​ឱសថ​ក្នុង​អំឡុង​វិបត្តិ​សេដ្ឋកិច្ច​ដ៏ធ្ងន់ធ្ងរ​។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​សភាជាតិ​ដែល​ដឹកនាំ​កិច្ចពិភាក្សា​ដោយ​គណបក្ស​ប្រឆាំង​កាលពី​ម្សិលមិញ​។

ក្រុម​អ្នក​នយោបាយ​មកពី​គណបក្ស​ប្រឆាំង​ដែល​តួលេខ​កំណើន​តម្លៃ​ទំនិញ​ប្រើប្រាស់​របស់​ពួកគេ​មាន​ភាព​ស្រប​គ្នា​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ការ​ព្យាករ​របស់​ក្រុម​អ្នក​វិភាគ​នោះ​កាលពី​ថ្ងៃ​ចន្ទ​បាន​ដាក់​តួលេខ​អតិផរណា​គ្រាន់​តែ​ក្នុង​ខែ​ធ្នូ​ក្នុង​អត្រា ៨៥ ​ភាគរយ​ដែល​ស្ថិត​នៅ​ក្នុង​ទឹកដី​មាន​អតិផរណា​ខ្ពស់​បំផុត ខណៈ​ជា​ធម្មតា​អត្រា​គោល​មាន​កម្រិត ៥០ ​ភាគរយ​។

លោក Jose Guerra ដែល​ជា​តំណាងរាស្ដ្រ​មួយ​រូប​មកពី​គណបក្ស​ប្រឆាំង​បាន​មាន​ប្រសាសន៍​ថា​៖ «​គ្រាន់​តែ​ក្នុង​ខែ​ធ្នូ អតិផរណា​មាន​កម្រិត​ខ្ពស់​ខ្លាំង​ជាង​អតិផរណា​រួម (​ក្នុង​រយៈពេល​ពេញ​មួយ​ឆ្នាំ​) សម្រាប់​ប្រទេស​ក្នុង​តំបន់​អាមេរិក​ឡាទីន​ទាំងអស់​ទៅ​ទៀត​»​។

អាជ្ញាធរ​វ៉េណេស៊ុយអេឡា​មិន​បាន​ឆ្លើយតប​នឹង​ការ​ស្នើ​សុំ​ការ​ពន្យល់​នោះ​ទេ​។

ប្រាក់​ឈ្នួល​អប្បបរមា​របស់​ប្រទេស​នេះ​បាន​កើនឡើង ៤០ ​ភាគរយ​ក្នុង​ខែ​មករា ប៉ុន្តែ​នៅ​តែ​មាន​បរិមាណ​ប្រហែល ២ ​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ​នៅ​ក្នុង​ទីផ្សារ​ប្តូរ​ប្រាក់​ទីផ្សារ​ងងឹត​ជា​ពេល​ដែល​រូបិយប័ណ្ណ​បូលីវ៉ា​របស់​វ៉េណេស៊ុយអេឡា បាន​ធ្លាក់​ថ្លៃ​ប្រហែល ៣៥ ​ភាគរយ​ធៀប​នឹង​ប្រាក់​ដុល្លារ​ត្រឹម​តែ​ក្នុង​រយៈពេល​មួយ​ខែ​ចុង​ក្រោយ​នេះ​។ ប្រជាជន​រាប់រយ​នាក់​បាន​នាំ​គ្នា​ទាំង​ហ្វូង​ទៅ​ផ្សារ​ទំនើប​មួយ​ចំនួន​កាលពី​ថ្ងៃ​សៅរ៍ បន្ទាប់ពី​អាជ្ញាធរ​បាន​សន្យា​កាត់​បន្ថយ​តម្លៃ​។

ធនាគារ​កណ្ដាល​វ៉េណេស៊ុយអេឡា មិន​បាន​ចេញ​ផ្សាយ​អតិផរណា ឬ​ទិន្នន័យ​ផលិតផល​ក្នុង​ស្រុក​សរុប​ក្នុង​រយៈពេល​ ២ ​ឆ្នាំ​មក​ហើយ​។ ប៉ុន្តែ​ការ​ផ្គត់ផ្គង់​ប្រាក់​បាន​កើនឡើង​ជាង ១០០០ ​ភាគរយ​នៅ​ឆ្នាំ​មុន​។

លោក​ប្រធានាធិបតី Nicolas Maduro បាន​ថ្លែង​ថា​បញ្ហា​នេះ​បណ្ដាល​មកពី «​សង្គ្រាម​សេដ្ឋកិច្ច​» ដែល​បាន​ធ្វើ​ឡើង​ដោយ​ទីក្រុង​វ៉ាស៊ីនតោន និង​គណបក្ស​ប្រឆាំង​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក​។

ក្រុម​អ្នក​រិះគន់​ស្ដី​បន្ទោស​ការ​គ្រប់គ្រង​រូបិយប័ណ្ណ និង​តម្លៃ​ដ៏តឹងរ៉ឹង​របស់​រដ្ឋាភិបាល​នេះ​៕ LA