សិង្ហបុរីៈ តម្លៃ​ប្រេង​បន្ត​ហក់ឡើង​ទៀត​នៅ​ថ្ងៃ​អង្គារ​ដែលជា​ចម្ងាយ​នៃ​ក្តីសង្ឃឹម​ថ្មីថ្មោង​ចំពោះ​កិច្ចប្រជុំ​ដែល​ដឹកនាំ​ដោយ​អង្គការ​ប្រទេស​ផលិត​ប្រេង OPEC នៅ​សប្តាហ៍​នេះ ដែល​ទំនង​ឈានដល់​កិច្ចព្រមព្រៀង​ដើម្បី​កាត់បន្ថយ​ការផ្គត់ផ្គង់​លើស​តម្រូវការ​ដែល​ជន់លិច​ទីផ្សារ​។

តម្លៃ​បាន​ធ្លាក់ចុះ​យ៉ាង​រហ័ស​ចាប់តាំងពី​ក្តី​រំពឹង​ចំពោះ​កិច្ចព្រមព្រៀង​ភ្លាមៗ​ដើម្បី​កាត់បន្ថយ​កម្រិត​ផលិតកម្ម​ដែល​បាន​ជាប់គាំង ប៉ុន្តែ​ការត្រៀមប្រជុំ​ជាថ្មី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នៃ​ប្រទេស​ផលិត​ប្រេង​ឆៅ​សំខាន់ៗ​បាន​ផ្តល់​ទំនុកចិត្ត​ឡើងវិញ​។

សន្ទស្សន៍​ប្រេងឆៅ​ម៉ាក West Texas Intermediate (WTI) បាន​ហក់​ឡើង​ ៣,៨៣ ​ភាគរយ​ដល់​ ២៧,០៨ ដុល្លារ​ក្នុង ​១ ​បារ៉ែល​ក្នុង​ការជួញដូរ​នៅពេល​ព្រឹក​ក្នុង​ទីផ្សារ​​របស់​អាស៊ី​។

សន្ទស្សន៍​តម្លៃ​ប្រេងឆៅ​អន្តរជាតិ ម៉ាក Brent ជួញដូរ​ក្នុងតម្លៃ​កើនឡើង​ ២,៨១ ​ភាគរយ​ដែល​មាន​តម្លៃ ៣៣,៩៨ ​ដុល្លារ​ក្នុង​ ១ ​បារ៉ែល​។

តម្លៃ​ប្រេងឆៅ​បាន​ធ្លាក់ចុះ​ដល់កំណត់​ត្រា​ទាប​បំផុត​ក្នុង​រយៈពេល​ ១៨ ​ឆ្នាំ​កាលពី​សប្តាហ៍​កន្លងទៅ​នេះ​ពេល​ទីផ្សារ​ធ្លាក់ចុះ​ដោយ​ការផ្គត់ផ្គង់​ច្រើន​លើស​ចំនួន​ដែល​កើតចេញ​ពី​សង្គ្រាម​តម្លៃ​ប្រេង​រវាង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត និង​រុស្ស៊ី ដែល​ជំរុញ​បង្កើន​ផលិតកម្ម​កាន់តែខ្លាំង​។

ធនាគារ ANZ បាន​និយាយ​ក្នុង​កំណត់​សម្គាល់ថា​៖ «​តម្លៃ​ប្រសើរ​ឡើងវិញ​ចេញពី​ការខាតបង់​កាលពី​លើក​មុន​ពេល​រុស្ស៊ី និង​អារ៉ាប៊ីសាអ៊ូឌីត​ស្នើថា ពួកគេ​ស្ម័គ្រចិត្ត​កាត់បន្ថយ​ផលិតកម្ម ប៉ុន្តែ​ប្រសិន​បើ​ប្រទេស​ទាំងអស់​ក្នុង​ពិភពលោក​ធ្វើតាម​ដែរ​»​។

ធនាគារ​នេះ​បន្ថែមថា ប៉ុន្តែ​ជាមួយ​ឧបការី​រដ្ឋមន្ត្រី​ថាមពល​អាមេរិក​លោក Dan Brouillette បាន​ជួបពិភាក្សា​ជាមួយ​ប្រទេស​រុស្ស៊ី និង​អារ៉ាប៊ីសាអ៊ូឌីត «​ទីផ្សារ​នៅតែ​មាន​សង្ឃឹម​ចំពោះ​ដំណោះស្រាយ​ខ្លះ​នៃ​កិច្ចព្រមព្រៀង​»​។

OPEC ជា​អង្គការ​នៃ​ប្រទេស​នាំចេញ​ប្រេង​ដែល​មាន​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ជា​ប្រទេស​ផលិត​​ប្រេង​ធំ​បំផុត ខណៈ​រុស្ស៊ី​មិនមែន​ជា​សមាជិក​របស់​អង្គការ​ OPEC ទេ​។

លោក Stephen Innes អ្នក​យុទ្ធសាស្ត្រ​ទីផ្សារ​សកល​នៃ​ក្រុមហ៊ុន AxiCorp និយាយថា​៖ «​នៅ​ចុងបញ្ចប់​មាន​ក្តីសង្ឃឹម​ដែលថា ប្រមុខ​ដឹកនាំ​កាន់តែ​ត្រជាក់ ហើយ​អ្នក​ផលិត​ទាំងឡាយ​នឹង​រួបរួមគ្នា​ឡើងវិញ ហើយ​កំណត់​រូបមន្ត​ឆ្លើយតប​ដែល​ដាក់​រាល់​បញ្ហា​ក្រោម​តម្លៃ​ប្រេង​»​។ RR