តម្លៃ​ប្រេងឆៅ​បាន​កើនឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​ចាប់តាំងពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន រហូត​បំបែក​តម្លៃ​ខ្ពស់បំផុត​ក្នុង​រយៈពេល​ ១៣ ​ខែ​ចុងក្រោយ​។ ការកើនឡើង​នេះ​ដោយសារ​តម្រុយ​របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ដែលជា​ប្រទេស​នាំចេញ​ប្រេង​ច្រើន​ជាងគេ មានបំណង​កាត់បន្ថយ​ការផលិត​ ១ ​លាន​បារ៉ែល​ក្នុង​ ១ ​ថ្ងៃ បន្ថែមទៀត​សម្រាប់​ខែកុម្ភៈ និង​ខែមីនា ទោះបីជា​មាន​កិច្ចព្រមព្រៀង​បង្កើន​ការផលិត​ប្រេង​បន្ថែម​នៅក្នុង​កិច្ចប្រជុំ​របស់​អង្គការ OPEC+ កាលពី​ថ្ងៃ​អង្គារ​ក៏ដោយ​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​របស់​គេហទំព័រ OILPRICE ។

លោក ឈា ឆាយហេង ប្រធាន​ផ្នែក​ប្រឹក្សាយោបល់​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បាន​លើកឡើងថា​៖ «​កំណើន​នៃ​តម្លៃ​ប្រេង គឺ​មិន​ត្រឹមតែ​ដោយសារ​កត្តា​ដែល​បានលើកឡើង​ខាងលើ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏ដោយ​សារ​ស្ថានភាព​សេដ្ឋកិច្ច​នៃ​ប្រទេស​ដែល​មាន​ឥទ្ធិពល​លើ​សេដ្ឋកិច្ច​ពិភពលោក​ផងដែរ​»​។

លោក​បាន​បន្ថែមថា ក្ដីសង្ឃឹម​ថា​នឹង​មាន​ការអនុម័ត​ឆាប់ៗ​នៃ​កញ្ចប់​ថវិកា​ស្ដារ​សេដ្ឋកិច្ច ក៏ដូចជា​កញ្ចប់​ថវិកា​ដោះស្រាយ​វិបត្តិ​កូវីដ​១៩ របស់​សហរដ្ឋអាមេរិក នឹងធ្វើ​ឱ្យ​មាន​កំណើន​ដំណើរការ​អាជីវកម្ម​ឡើងវិញ និង​ជំរុញ​ឱ្យ​តម្លៃ​ប្រេងឆៅ​មាន​ការកើនឡើង​។

បន្ថែម​ពីនេះ​ទៀត សារព័ត៌មាន Reuter បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ​ថា​៖ «​វិនិយោគិន​ក៏​កំពុង​សង្ឃឹមលើ​ការងើបឡើង​វិញ​នូវ​តម្រូវការ​ប្រេង នៅពេល​វ៉ាក់សាំង​កូវីដ​១៩ សម្រេច​ជា​ផ្លូវការ និង​ធ្វើឱ្យ​តម្លៃ​នៃ​ប្រាក់​ដុល្លារ​អាមេរិក​មាន​កម្សោយ​ដែល​ធ្វើឱ្យ​ទំនិញ​ឡើងថ្លៃ​ផងដែរ​»​។

ស្របពេល​គ្នា​នេះដែរ ប្រទេស​ចិន​ក៏បាន​ក្លាយជា​កត្តា​ជំរុញ​ដ៏​សំខាន់​សម្រាប់​ការ​ងើប​ឡើងវិញ​នៃ​ទីផ្សារ​ប្រេង​។ កាលពី​ថ្ងៃ​សុក្រ ចំនួន​នាវា​ដឹកជញ្ជូន​ប្រេង​ឆ្ពោះទៅកាន់​ប្រទេស​ចិន​បាន​កើន​ឡើង​ដល់​កម្រិត​ខ្ពស់បំផុត​នៅក្នុង​រយៈពេល​ ៦ ​ខែ​ចុងក្រោយ​។ ជាក់ស្ដែង សាជីវកម្ម​ប្រេង​សមុទ្រ​ចិន (CNOOC) មាន​គោលដៅ​ចំណាយ ១៣,៩ ១៥,៥ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំនេះ​លើ​ការរុករក និង​ធ្វើ​ផលិតកម្ម​ប្រេង​ក្នុងស្រុក ដែល​អាច​ជា​ហេតុផល​មួយទៀត​ដើម្បី​ធ្វើឱ្យ​តម្លៃ​ប្រេង​ឡើងថ្លៃ​។

សម្រាប់​ការជួញដូរ​ប្រេង​ក្នុង​សប្តាហ៍​នេះ​លោក ឆាយហេង បានផ្ដល់​យោបល់​ថា តម្លៃ​ប្រេងឆៅ​កំពុង​ស្ថិតនៅ​ចន្លោះ​ពី ៥១,៧៧ ទៅ ៥៧,៧០ ដុល្លារ​ក្នុង​ ១ ​បារ៉ែល ដែល​ជា​សញ្ញា​បង្ហាញ​ពី​ការស្ទុះ​ងើប​នៃ​តម្រូវការ​ប្រេង និង​ការធ្វើឱ្យមាន​តុល្យភាព​ឡើងវិញ​នៃ​ទីផ្សារ​។ ដូច្នេះ អ្នកជួញដូរ​គួរតែ​ទិញ​ប្រេង​នៅ​តម្លៃ ៥៧,០០ ដុល្លារ​ក្នុង​ ១ ​បារ៉ែល​ដោយ​កំណត់​មុខងារ​កាត់​ប្រាក់ចំណេញ​នៅ​តម្លៃ ៥៩.៥០ ដុល្លារ​ក្នុង ​១ ​បារ៉ែល និង​មុខងារ​ការពារ​ហានិភ័យ​នៅ​តម្លៃ ៥៥.៥០ ​ដុល្លារ​ក្នុង ១ ​បារ៉ែល​៕