បច្ចុប្បន្ន តម្លៃ​ប្រេង​ឆៅ​បាន​ប្រែប្រួល​ក្នុង​ទំនោរ​ងើប​ឡើង ចាប់​តាំង​ពី​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ ស្រប​ពេល​ដែល​សភា​តំណាង​សហរដ្ឋ​អាមេរិក​បាន​អនុម័ត​កញ្ចប់​ថវិកា​សម្រាប់​វិបត្ដិ​កូវីដ ១៩ កាល​ពី​ថ្ងៃ​សៅរ៍ សប្ដាហ៍​មុន។

ប៉ុន្ដែ​នៅ​មាន​កត្ដា​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត​ដែល​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​បន្ដ​កើន​ឡើង។ លោក ឈា ឆាយហេង ប្រធាន​ផ្នែក​ប្រឹក្សា​យោបល់​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បាន​ធ្វើ​ការ​ពន្យល់​បន្ថែម​ទៅ​លើ​ទំនោរ​ងើប​ឡើង​របស់​តម្លៃ​ប្រេង។

កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន តម្លៃ​ប្រេងឆៅ​បាន​ឡើង​ដល់ ៦៣,៨២ ដុល្លារ ​ក្នុង ១ បារ៉ែល ដែល​ជា​តម្លៃ​ខ្ពស់​បំផុត​ចាប់​តាំង​ពី​ខែ​មករា ឆ្នាំ ២០២០ ហើយ​បច្ចុប្បន្ន​ប្រេងឆៅ​ត្រូវ​បាន​ជួញដូរ​ក្នុង​និន្នាការ​កើន​ឡើង​ជាមួយ​នឹង​គម្លាត​តម្លៃ​ប្រែប្រួល​ប្រចាំ​ថ្ងៃ​ជា​មធ្យម​ប្រហែល ២,១០ ដុល្លារ។

នេះ​អាច​មក​ពី​ការ​ផ្ដោត​សំខាន់​ទៅ​លើ​របាយការណ៍​អត្រា​អ្នក​មាន​ការងារ​ធ្វើ​នៅ​អាមេរិក​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​ការ​កើន​ឡើង​បន្ថែមទៀត និង​លទ្ធផល​នៃ​កិច្ចប្រជុំ OPEC-JMMC ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ពាក់ព័ន្ធ​នឹង​ទីផ្សារ​ថាមពល និង​ព្រមព្រៀង​លើ​បរិមាណ​ប្រេង​ដែល​ពួក​គេ​នឹង​ត្រូវ​ផលិត នេះ​បើ​យោង​តាម​សារព័ត៌មាន forexfactory.com។

ចំណែក​ធនាគារ​អាមេរិក​ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​មុន ដោយ​រំពឹង​ថា តម្លៃ​ប្រេង​នឹង​ឡើង​ថ្លៃ និង​បាន​បន្ថែម​ទៀតថា OPEC+ អាច​នឹង​កែប្រែ​កម្រិត​ផលិតកម្ម​របស់​ខ្លួន ដែល​បណ្តាល​ឱ្យ​តម្លៃ​ប្រេង​ឡើង​ដល់ ៦០ ដុល្លារ ​ក្នុង ១ បារ៉ែល។ អ្នក​វិភាគ​នៅ​ធនាគារ OCBC របស់​សិង្ហបុរី​បាន​បង្ហាញ​ថា៖ «ប្រសិន​បើ​កម្រិត​ផលិតកម្ម​របស់ OPEC+ បញ្ចូល​គ្នា មិន​លើស​ពី ៥០០ ០០០ បារ៉ែល ​ក្នុង ១ ថ្ងៃ នោះ​វា​នឹង​មាន​ការ​កើន​ឡើង​សម្រាប់​តម្លៃ»។

សម្រាប់​ផ្នែក​បច្ចេកទេស​វិញ តម្លៃ​ប្រេង​នឹង​មាន​ការ​ប្រែប្រួល​ក្នុង​ចន្លោះ​ពី ៦០ ទៅ ៦៣,៧០ ដុល្លារ ​ក្នុង ១ ថ្ងៃ។ ដូច្នេះ លោក ឆាយហេង ណែនាំ​អ្នក​ជួញដូរ​ឱ្យ​ទិញ​ប្រេង​ក្នុង​តម្លៃ ៦០ ដុល្លារ ដោយ​កំណត់​មុខងារ​កាត់​យក​ប្រាក់​ចំណេញ​នៅ​តម្លៃ ៦៣,៥០ ដុល្លារ និង​មុខងារ​បញ្ឈប់​ការ​ខាតបង់​នៅ​តម្លៃ ៥៧,៦០ ដុល្លារ៕