ភ្នំពេញៈ តម្លៃ ប្រេងសាំង លក់រាយនៅក្នុងប្រទេសកម្ពុជា បន្តកើនឡើងសម្រាប់ការលក់រយៈពេល ១០ ថ្ងៃបន្តទៀតនៅខែនេះ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួង ពាណិជ្ជកម្ម កាលពីថ្ងៃ ម្សិលមិញ ដែលមន្ត្រីបានពន្យល់ថា ការប្រែប្រួលតម្លៃប្រេង គឺផ្អែកលើទីផ្សារអន្តរជាតិ។
សេចក្ដីប្រកាសដែលបានចេញដោយក្រសួងពាណិជ្ជកម្មបានបង្ហាញថា តម្លៃប្រេងសាំងលក់រាយសម្រាប់រយៈពេល ១០ ថ្ងៃបន្ទាប់ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៨ មានតម្លៃ ៤ ១៥០ រៀលក្នុងមួយលីត្រ សម្រាប់ប្រេងសាំងធម្មតា ដែលកើនឡើងពី ៤ ១០០ រៀលបើធៀបនឹង ១០ ថ្ងៃមុន។ តម្លៃប្រេងម៉ាស៊ូត ក៏កើនឡើង ១០០ រៀលដល់ ៤ ០០០ រៀលក្នុងមួយលីត្រផងដែរ។ នេះបើតាមសេចក្ដីប្រកាស។
នៅពេលតម្លៃប្រែប្រួលតាមទីផ្សារអន្តរជាតិ ការកើនឡើងតម្លៃ ធ្វើឲ្យមានការរិះគន់ពីសាធារណជន។
ឆ្លើយតបនឹងការរិះគន់ ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃសុក្រ បានធ្វើសន្និសីទសារព័ត៌មាន ដើម្បីពន្យល់សាធារណជនអំពីការប្រែប្រួលតម្លៃនេះ។
លោក សៀង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានពន្យល់ថា ក្រសួងពាណិជ្ជកម្មបង្កើតរូបមន្ត ដើម្បីគ្រប់-គ្រងការប្រែប្រួលតម្លៃប្រេង ដែលមានន័យថា តម្លៃនឹងប្រែប្រួលទៅតាមតម្លៃអន្តរជាតិ។ ប៉ុន្តែរូបមន្តនេះមិនគ្រប់គ្រងប្រេងសាំង ស៊ុបពែរ នោះទេ។
អ្នកនាំពាក្យក្រសួងបានឲ្យដឹងថា ការដកស្រង់សម្តីរដ្ឋមន្ដ្រីក្រសួង ពាណិជ្ជកម្ម របស់សារព័ត៌មានក្នុងស្រុកបានបង្កឲ្យមានការរិះគន់ពីសាធារណជនខុសពីការពិត។
លោកថ្លែងថា តម្លៃប្រេងសាំងនៅកម្ពុជា ត្រូវបានពឹងផ្អែកតាមទីផ្សារតម្លៃរបស់ប្រទេស សិង្ហបុរី «វាមិនមានន័យថា តម្លៃប្រេងសាំង ស៊ុបពែរ គឺសម្រាប់តែអ្នកមាន ហើយរើសអើងចំពោះប្រជាជនអ្នកក្រីក្រទេ [ការស្រង់សម្តីខុស] ត្រូវបានផ្សព្វផ្សាយតាមបណ្ដាញសង្គម ជាពិសេសហ្វេសប៊ុក តែវាមិនពិតនោះទេ ហើយនេះគឺជាជម្រើសរបស់អតិថិជន»។
ក្រសួងពាណិជ្ជកម្ម តែងតែពិនិត្យ និងគណនាតម្លៃប្រេងឥន្ធនៈលក់រាយរៀងរាល់ ១០ ថ្ងៃម្តង ដោយប្រើប្រាស់រូបមន្ដ ដែលឆ្លុះបញ្ចាំងពីការប្រែប្រួលតម្លៃប្រេងពិភពលោក។
លោក ថៃ ថ្លែងថា៖ «យើងជាទីផ្សារសេរី យើងមិនអាចគ្រប់គ្រងលើតម្លៃប្រេងសាំងទាំងអស់បានទេ ដូច្នេះយើងទុកឲ្យប្រេងសាំង ស៊ុបពែរ សម្រាប់វិនិយោគិនក្រុមហ៊ុនរកប្រាក់ចំណេញ»។
លោកបន្តថា បើប្រៀបធៀបតម្លៃចាប់តាំងឆ្នាំ ២០១៦ មកទល់នឹងខែមេសា ឆ្នាំនេះ ការលក់រាយនៅកម្ពុជា បានកើនឡើង ២៧ ភាគរយ ខណៈតម្លៃអន្តរជាតិបានកើនឡើង ៦៣ ភាគរយ។
កម្ពុជា គឺជាប្រទេសនាំចូលប្រេងទាំងស្រុង ដែលនៅពេលនេះកំពុងស្ថិតលើផ្លូវក្នុងការក្លាយខ្លួនឯង ជាប្រទេសផលិតប្រេងមួយ។
ក្រុមហ៊ុន KrisEnergy គ្រោងនឹងទាញយកប្រេងពីអណ្ដូងប្រេងប្លុក A នៅសមុទ្ររបស់ កម្ពុជា នៅឆ្នាំក្រោយ ហើយគ្រោងនឹងវិនិយោគជាង ៣០ លានដុល្លារ លើគម្រោងនេះនៅឆ្នាំនេះ។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំ ២០១៧ របស់ខ្លួន។
ក្រុមហ៊ុនមានមូលដ្ឋាននៅប្រទេស សិង្ហបុរី មួយនេះ ទទួលបានអាជ្ញាប័ណ្ណប្រេងឥន្ធនៈសម្រាប់ប្លុក A ពីរដ្ឋាភិបាលកម្ពុជា កាលពីខែសីហា ឆ្នាំមុន ដែលអនុញ្ញាតឲ្យក្រុមហ៊ុននេះទាញយកប្រេងពីទីតាំងមានប្រវែង ៣ ០៨៣ គីឡូម៉ែត្រក្រឡា។
ក្រៅពីដំណក់ប្រេងដំបូងដែលកម្ពុជា នឹងទទួលបាន នៅឆ្នាំក្រោយគេក៏នឹងមើលឃើញការបញ្ចប់ដំណាក់កាលទី ១ នៃរោងចក្រចម្រាញ់ប្រេងរបស់កម្ពុជា នៅខេត្តព្រះសីហនុ ផងដែរ។
លោក ជៀប សួរ អ្នកនាំពាក្យក្រសួង រ៉ែ និងថាមពល បានប្រាប់ភ្នំពេញប៉ុស្ដិ៍ កាលពីសប្ដាហ៍មុនថា រោងចក្រចម្រាញ់ប្រេង និងលទ្ធភាពដែលកម្ពុជា អាចផលិតប្រេងខ្លួនឯងនេះអាចជួយឲ្យតម្លៃប្រេងសាំងនៅកម្ពុជាកាន់តែប្រសើរ។
លោកថ្លែងថា៖ «យើងសង្ឃឹមថា តម្លៃប្រេងសាំងនៅក្នុងប្រទេសនេះ នឹងកាន់តែប្រសើរជាងនៅពេលនេះ ដោយសារតែយើងនឹងមានទាំងរោងចក្រចម្រាញ់ប្រេង និងការផលិតប្រេងក្នុងស្រុក»៕LA