បាត់ដំបងៈ ​តម្លៃ​ពោត​ក្រ​ហម​នៅ​ខេត្ត​ភាគ​ខាង​លិច​ប្រ​ទេស​ កម្ពុជា ក្នុ​ង​រដូវ​ប្រ​មូល​ផល​លើក​ទី​ ២ ​ក្នុង​ឆ្នាំ​នេះ​បាន​កើន​​ឡើង​ ១៣​០ ​​រៀល​ដល់​​ ៥៩០ ​រៀល​ ក្នុ​ង​​ ១ គី​ឡូ​ក្រាម​ បើ​ធៀប​នឹង​តម្លៃ​ក្នុង​រដូវ​ប្រ​មូល​ផល​លើក​ទី​ ១ ​​​។ នេះ​បើ​តាម​មន្ត្រី​មន្ទី​រ​ពា​ណិជ្ជ​កម្ម​​ខេត្ត និង​ឈ្មួញ​។

ដំ​ណាំ​ពោត​ក្រ​ហម​ត្រូវ​បាន​ដាំ​ដុះ​​ ២ ដង ​​ក្នុង​ ១ ​​ឆ្នាំ​ ដោយ​ការ​ប្រ​មូល​ផល​លើក​ទី​ ១ ​ចាប់​ពី​ចុង​ខែ​មិថុនា​ ដល់ខែ​សីហា និង​លើក​ទី​ ២ ​​​ចាប់​ពី​ចុង​ខែ​​តុលា ​ដល់​​ខែ​កុម្ភៈ​។ ​តម្លៃ​ពោត​ក្នុង​រដូវ​ប្រ​មូល​ផល​លើក​ទី​ ១ ​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ ​៤៦០ ​រៀល​ក្នុង​ ១ ​គី​ឡូ​ក្រាម​។

លោក​ គឹម ​ហួត ប្រ​ធាន​មន្ទីរ​ពា​ណិជ្ជ​កម្ម​ខេត្ត​បាត់​ដំ​បង​បាន​ឲ្យ​ដឹង​​ថា ​នេះ​ជា​តម្លៃ​សម​រម្យ​ដែល​កសិ​ករ​អាច​ទទួល​យក​បាន។ លោក​បាន​ថ្លែង​​ថា៖ «​បើ​បាន​តម្លៃ​ប្រ​ហែល​នេះ ​ឬ​ខ្ពស់​ជាង​នេះ​ នឹង​មាន​កសិករ​​​ជា​ច្រើន​ងាក​មក​ដាំ​ពោត​ក្រ​ហម​។ ប៉ុន្តែ​កន្លង​មក​ តម្លៃ​ខ្ពស់​បែប​នេះ​ ភាគ​ច្រើន​បាន​តែ​នៅ​ដើម​រដូវ​ប្រ​មូល​ផល​​ប៉ុ​ណ្ណោះ​»។

តាម​លោក គឹម ​ហួត​ ​ទី​ផ្សារ​ពោត​ក្រ​ហម​​នៅ​ខេត្ត​បាត់​ដំ​បង​ប្រ​មាណ​​ ៧០ ​ភាគ​រយ​ត្រូវ​បាន​ឈ្មួញ​នាំ​ចេញ​​​ទៅ​ប្រ​ទេស​​ ថៃ ​ដែល​មាន​ប្រ​មាណ​ ៥ ០០​០ តោន​ក្នុង​ ១ ​ថ្ងៃ ខណៈ​ចំ​នួន​ដែល​នៅ​សល់​ត្រូវ​បាន​ផ្គត់​ផ្គង់​ឲ្យ​ក្រុម​ហ៊ុន​ផលិត​ចំ​ណី​សត្វ​ក្នុង​​ស្រុក​។

អ្នក​​ស្រី រស់ ម៉ាន់​មួយ ​ជា​ឈ្មួ​ញ​កណ្តាល​​​ប្រ​មូល​ទិញ​កសិ​​ផល​​ពោត​ក្រ​ហម​នៅ​ស្រុក​សំ​ពៅ​លូន ​ខេត្ត​បាត់​ដំ​បង ​​​អះ​អា​ង​​​ថា សម្រាប់​រដូវ​​ប្រ​មូល​ផល​​​លើក​ទី​ ២ នេះ​តម្លៃ​បាន​​​កើន​​ឡើង​បន្តិ​ច​។

តាម​តួ​លេខ​ពី​​មន្ទីរ​កសិកម្ម​ ខេត្ត​បាត់​ដំ​បង​ ផ្ទៃ​ដី​ដាំ​លើក​ទី ២​ នេះ​មាន​ ៥១ ៨០៤ ​ហិក​តា៕​LA