ទីក្រុងហុងកុងៈ តម្លៃ​ភាគហ៊ុន​នៃ​ក្រុមហ៊ុន​ផលិត​ឈីប​ដ៏ធំ​របស់​ប្រទេស​ចិន​បាន​ធ្លាក់ចុះ​នៅ​ថ្ងៃ​ចន្ទ ក្រោយពី​សេចក្តី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​កាលពី​ចុង​សប្តាហ៍​ដែលថា រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​បានដាក់​ការត្រួតពិនិត្យ​លើ​ការនាំចេញ​បន្ទះ​ឈីប​ដល់​ក្រុមហ៊ុន ដែល​ជា​ការដាក់បន្ទុក​ចុងក្រោយ​បំផុត​ក្នុង​ការតតាំង​សម្រាប់​ការត្រួតពិនិត្យ​បច្ចេកវិទ្យា​លើ​ទីក្រុង​ប៉េកាំង​។

ក្នុង​ការទប់ស្កាត់​ដ៏សំខាន់​សម្រាប់​មហិច្ឆតា​បច្ចេកវិទ្យា​ឈានមុខ​របស់​ចិន ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន​សុំ​ការអនុញ្ញាត​មុន​ការលក់​ឧបករណ៍​ដល់​ក្រុមហ៊ុន​ផលិត​សម្ភារ​ពាក់កណ្តាល​ចម្លង​អន្តរជាតិ​របស់​ចិន​ (SMIC)​។

ឧបករណ៍​ដែល​ត្រូវបាន​លក់​ទៅឱ្យ​ក្រុមហ៊ុន​ចិន​បង្ហាញ​ពី​ «​ហានិភ័យ​មិនអាច​ទទួល​យក​បាន​» អំពី​ការប្រែ​ក្លាយ​ទៅ​ជា​ការប្រើប្រាស់​សម្រាប់​គោលដៅ​យោធា​នៅ​ទី​ចុងបញ្ចប់​។ នេះ​បើ​យោងតាម​លិខិត​ជូនដំណឹង​ផ្ញើ​ទៅកាន់​ក្រុមហ៊ុន​ផលិត​ឈីប​កុំព្យូទ័រ​របស់​អាមេរិក​ដែល​បាន​ផ្សព្វផ្សាយ​ដំបូង​ដោយ​កាសែត The Wall Street Journal និង the Financial Times​។

ដំណឹង​នៃ​លិខិត​នោះ​ដែល​ត្រូវ​បាន​រាយការណ៍​កាលពី​ថ្ងៃ​សៅរ៍ បាន​វាយប្រហារ​ដល់​តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន SMIC ក្នុង​ទីក្រុង​ហុងកុង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ម្សិលមិញ ដោយ​ការបើក​លក់​ធ្លាក់ចុះ​ ៧,៦៤ ​ភាគរយ ​ក្នុង​មួយ​ហ៊ុន​នៅ​ត្រឹម​តម្លៃ​ ១៧,១០ ​ដុល្លារ​ហុងកុង​។

បច្ចេកវិទ្យា​ឈានមុខ​បាន​ក្លាយ​ជា​សមរភូមិ​សំខាន់​មួយ​ដែល​បង្ហាញ​ឡើង​ក្នុង​រយៈពេល​ ២ ​ទៅ​ ៣ ​ឆ្នាំ​ចុងក្រោយ ជា​ពេល​ដែល​ទំនាក់ទំនង​រវាង​ទីក្រុង​ប៉េកាំង​ និង​វ៉ាស៊ីនតោន​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត​ក្នុង​ទំនាក់ទំនង​ការទូត​ដែល​បានចាប់ផ្តើម​ឡើងវិញ​ក្នុង​ឆ្នាំ​ ១៩៧៩​។

SMIC ជា​ក្រុមហ៊ុន​ផលិត​ឈីប តាម​កិច្ចសន្យា​ដ៏ធំ​បំផុត​របស់​ប្រទេស​ចិន និង​ជា​ក្រុមហ៊ុន​សំខាន់​នៃ​ផែនការ​របស់​ទីក្រុង​ប៉េកាំង​ដើម្បី​ឯករាជភាព​ខ្លួនឯង​សម្រាប់​ឧបករណ៍​ពាក់កណ្តាល​ចម្លង​។

អ្នកវិភាគ​និយាយថា ការពឹងផ្អែក​របស់​ចិន​លើ​បរទេស​រួមទាំង​បន្ទះឈីប​ដែល​ជា​ផលិតផល​អាមេរិក​បាន​រារាំង​ដល់​គោលដៅ​ជាតិ​។

ដោយ​មាន​ការគាំទ្រ​ពី​ស្ថាប័នរដ្ឋ​ជាច្រើន ក្រុមហ៊ុន SMIC បាន​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​សមត្ថភាព​បន្ទះឈីប​របស់​ប្រទេស​ចិន ប៉ុន្តែ​វា​នៅ​តែ​ពឹងផ្អែក​យ៉ាងខ្លាំង​ទៅលើ​ឧបករណ៍​ និង​កម្មវិធី​ Software ​នាំចូល​។

ស្ថិត​ក្រោម​បញ្ញត្តិ​ថ្មី​ដែល​បានប្រកាស​ដោយ​ក្រសួង​ពាណិជ្ជកម្ម ក្រុមហ៊ុន​អាមេរិក​ទាំងឡាយ​ដែល​ចង់​លក់​ឈីប​ទៅឱ្យ​ក្រុមហ៊ុន​ចិន SMIC ចាប់ពី​ពេល​នេះ​ទៅ​ត្រូវតែ​សុំ​អាជ្ញាប័ណ្ណ​។

SMIC មិនទាន់​ចេញ​សេចក្តី​ថ្លែងការណ៍​ចាប់តាំងពី​លិខិត​នោះ​ផ្សព្វផ្សាយ​។

ប៉ុន្តែ​ដូច​ដែល​រាយការណ៍​ដែល​ត្រូវបាន​គេ​ឃើញ​កាលពី​ដើម​ខែ​នេះ ដែល​មន្ត្រី​អាមេរិក​កំពុង​ពិចារណា​ចំពោះ​ការរឹតត្បិត​ការនាំចេញ​របស់​ក្រុមហ៊ុន​ SMIC បាន​បដិសេធថា ខ្លួន​មិនមាន​ទំនាក់ទំនង​ជាមួយ​យោធា​ចិន​នោះទេ​។

ក្រុមហ៊ុន​ SMIC បាន​លើកឡើង​ថា​៖ «​ឧបករណ៍​ពាក់កណ្តាល​ចម្លង​ទាំងនោះ នឹង​ផ្តល់​សេវា​តែ​ ១ ​មុខ​គត់​សម្រាប់​សកម្មភាព​ស៊ីវិល និង​ពាណិជ្ជកម្ម និង​ការប្រើប្រាស់​ចុងក្រោយ​»​។

ការរឹតត្បិត​ការនាំចេញ​សម្រាប់​ក្រុមហ៊ុន SMIC កើតឡើង​បន្ទាប់ពី​យុទ្ធនាការ​របស់​អាមេរិក​ស្រដៀង​គ្នា​ដើម្បី​រារាំង​ក្រុមហ៊ុន​ទូរគមនាគមន៍​ដ៏ធំ​របស់​ចិន Huawei ដែល​ក្រុង​វ៉ាស៊ីនតោន​បារម្ភ​ថា​អាច​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​ចិន​ចូលក្នុង​បណ្តាញ​ទូរគមនាគមន៍​ពិភពលោក​។

ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​កាលពី​ខែ​ឧសភា​បានប្រកាស​នូវ​ផែនការ​កាត់ផ្តាច់​ការចូល​របស់​ក្រុមហ៊ុន Huawei ទៅកាន់​ការផ្គត់ផ្គង់​ឧបករណ៍​ចម្លង​សកល​ដែល​ក្រុមហ៊ុន​បាន​និយាយថា នឹង​គំរាមកំហែង​ដល់​ការរស់រាន​របស់ខ្លួន​។

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ត្រាំ ប្រមូលផ្តុំ​នូវ​បញ្ហា​កាន់តែ​ច្រើន​សំដៅ​ប្រទេស​ចិន នៅពេល​ដែល​គាត់​ប្រយុទ្ធ​ដើម្បី​ការបោះឆ្នោត​ឡើងវិញ​នៅ​ខែវិច្ឆិកា​ខាង​មុខ​នេះ​។

រដ្ឋបាល​របស់លោក​ក៏​បាន​ប្រកាស​ពី​ផែនការ​ទប់ស្កាត់​ការទាញ​យក​កម្មវិធី​បណ្តាញ​សង្គម TikTok និង WeChat ដែល​គ្រប់គ្រង​ដោយ​ចិន ដោយ​មូលហេតុ​សន្តិសុខ​ជាតិ​៕ RR